សង្គមអន្តរជាតិ
អន្តរជាតិ
យុវជនបារាំងកាន់តែច្រើនចូលរួមក្នុងយុទ្ធនាការប្រមូលកន្ទុយបារីដាក់ដប
× ផ្តួចផ្តើមឡើងកាលពីថ្ងៃទី៣១ ខែកក្កដា យុទ្ធនាការ #FillTheBottle (ដែលមានន័យថា បំពេញដប) កំពុងមានការផុសផុលយ៉ាងខ្លាំងក្នុងចំណោមយុវជនបារាំង និងយុវជនផ្សេងទៀតនៅលើពិភពលោកដែលស្រឡាញ់បរិស្ថាន និងលុបបំបាត់ការជក់បារី។ យុទ្ធនាការនេះ តម្រូវឲ្យអ្នកចូលរួមទាំងអស់ប្រមូលកន្ទុយបារី ដាក់ឲ្យពេញដប ហើយបង្ហោះនៅលើបណ្តាញសង្គម រួមទាំងសរសេរសារព្រមានអ្នកដែលនិយមជក់បារី។
យុវជនបារាំងម្នាក់ឈ្មោះ Amel Talha បានចាប់ផ្តើមយុទ្ធនាការ #FillTheBottle ដោយផ្ញើរូបថតដបពេញដោយកន្ទុយបារី ទៅកាន់មិត្តភក្តិម្នាក់ឈ្មោះ Jason Prince។ បន្ទាប់មកមានការអនុវត្តតៗគ្នា តាមរយៈបណ្តាញសង្គម Twitter និងហ្វេសប៊ុក។
យោងតាមការផ្សាយរបស់ Huffington Post យុវជនជាច្រើន បានយល់ដឹងសារអប់រំនេះ ហើយពួកគេបានចូលរួមជាបន្តបន្ទាប់ ពោលគឺមិនត្រឹមតែយុវជនបារាំងនោះឡើយ។ នៅកម្ពុជា យុវជនមួយក្រុមក៏បានធ្វើយុទ្ធនាការស្រដៀងគ្នានេះ នៅខេត្តព្រះសីហនុផងដែរ។
កន្ទុយបារីភាគច្រើន មាននៅតំបន់ឆ្នេរសមុទ្រ និងទីក្រុងតូចៗ។ ដោយអ្នកខ្លះប្រជែងគ្នា ដាក់កន្ទុយបារីឲ្យពេញក្នុងដបចំណុះ១លីត្រក្នុងរយៈពេលត្រឹម២០នាទី។ សកម្មភាពបែបនេះ ក៏មានការផុសផុលនៅប៊ុលហ្គារី ស្វីស អាហ្វ្រិកខាងត្បូង និងតាហ៊ីទី ផងដែរ។
អ្នកបរិស្ថានបានកោតសរសើរចំពោះគំនិតផ្តួចផ្តើម #FillTheBottle ដែលជំរុញឲ្យមនុស្សទាំងអស់ចូលរួមថែរក្សាភពផែនដី ក៏ដូចជាសារព្រមានសម្រាប់អ្នកជក់បារី ដែលប្រឈមចំពោះបញ្ហាសុខភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com