ប៉ា​គី​ស្ថាន ដាក់ពាក្យ​បណ្តឹង​រឿង​ជម្លោះ​នៅ​តំបន់​កា​ស្មៀ​រ​ទៅ​តុលាការ​ពិភពលោក
អន្តរជាតិ
ប៉ា​គី​ស្ថាន ដាក់ពាក្យ​បណ្តឹង​រឿង​ជម្លោះ​នៅ​តំបន់​កា​ស្មៀ​រ​ទៅ​តុលាការ​ពិភពលោក
21, Aug 2019 , 11:29 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Shah Mehmood Qureshi
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Shah Mehmood Qureshi
​ប៉ា​គី​ស្ថាន​និយាយ​នៅ​ថ្ងៃទី ២០ ខែសីហា ថា​នឹងដាក់​ពាក្យបណ្តឹង​លើ​ជម្លោះ​ដែន​ដីកា​ស្មៀ​រ​ជាមួយ​ឥណ្ឌា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ គម្រោង​ប្ដឹង​នេះ​ធ្វើ​ឡើ បន្ទាប់ពី​ឥណ្ឌា​លុបចោល​ឋានៈ​ស្វ័យភាព​ពិសេស​លើ​តំបន់​កា​ស្មៀ​រ​កាលពី​ដើមខែ​នេះ​។


 
​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅលើ​ការសម្រេច​ក្រុង​ញូ​វ​ដេលី​កន្លងមក​ដែល​ដកហូត​ឋានៈ​ពិសេស​របស់​តំបន់​កា​ស្មៀ​រ​។ ជា​វិធានការ​តប​តប​បន្ទាន់ ប៉ា​គី​ស្ថាន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​។ សំណុំ​រឿងនេះ ក៏​ឈាន​រហូតដល់​ការសម្រេចចិត្ត​របស់​ប៉ា​គី​ស្ថាន​ក្នុងការ​បណ្តេញ​អគ្គរដ្ឋទូត​ឥណ្ឌា​ចេញពី​ប្រទេស​ថែមទៀត​។ 
 
​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​គោលដៅ​បន្ទាប់​របស់​ប៉ា​គី​ស្ថាន​។ រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​ប្រកាស ក្រុង​អ៊ី​ស្លា​ម៉ា​បាដ សម្រេចចិត្ត​នាំ​ជម្លោះ​កា​ស្មៀ​រ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ថ្លែង​តាម​ទូរទស្សន៍ ARY របស់​ប៉ា​គី​ស្ថាន លោក Shah Mehmood Qureshi បញ្ជាក់ថា ការដាក់​ពាក្យបណ្តឹង​នឹងត្រូវ​ធ្វើឡើង បន្ទាប់ពី​មានការ​សិក្សា​ពី​ធាតុ​ផ្សំ​នៃ​ច្បាប់​ជាមុនសិន​។ ចំណែក​ការដាក់​ពាក្យបណ្តឹង​នេះ​ទៀតសោត គឺ​ប៉ា​គី​ស្ថាន​ចោទ​ឥណ្ឌា​ថា រំលោភបំពាន​សិ​ទិ្ធ​មនុស្ស​លើ​ជន​មូស្លីម​ក្នុង​ដែន​ដីកា​ស្មៀ​រ​។​
 
​សូមបញ្ជាក់ថា ក្នុងករណី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចេញ​សេចក្ដីសម្រេច​អ្វីមួយ​នៅពេល​បន្ទាប់ គឺ​គ្រាន់តែ​ជា​អនុសាសន៍​តែប៉ុណ្ណោះ ពោលគឺ​គ្មាន​ការចាប់​បង្ខំ​ណាមួយ​ឡើយ​។ ប៉ុន្តែ​បើ​មានការ​យល់ព្រម​ពី​ភាគី​ជម្លោះ​ទាំងពីរ គឺ​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ទ​ជាមុន​នោះ ការចេញ​សេចក្តីសម្រេច​របស់​តុលាការ​នឹងមាន​លក្ខណៈ​ចាប់បង្ខំ​។  
 
​គួរ​រំលឹក​ឡើងវិញ​ថា បន្ទាប់ពី​មានការ​អំពាវនាវ​ពី​ខាង​ភាគី​ប៉ា​គី​ស្ថាន ចិន ដែលជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​មាន​ជំនួប​ពិភាក្សា​អំពី​ការកើនឡើង​ភាព​តានតឹង​នៅ​តំបន់​កា​ស្មៀ​រ ប៉ុន្តែ​កិច្ចពិភាក្សា​នេះ​មិនអាច​រក​ច្រកចេញ​បានទេ​៕

Tag:
 ប៉ា​គី​ស្ថាន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com