អន្តរជាតិ
អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ឲ្យតៃវ៉ាន់ ក្នុងតម្លៃ៨ពាន់លានដុល្លារ យន្តហោះចម្បាំងប្រភេទ the F-16
× ក្រសួងការបរទេសអាមេរិកនៅថ្ងៃ២០ ខែសីហា យល់ព្រមលក់យន្តហោះចម្បាំងប្រភេទ F-16 ៦៦គ្រឿងអោយទៅកោះតៃវ៉ាន់ក្នុងតម្លៃ ៨ពាន់លានដុល្លារ។ គម្រោងលក់នេះ ត្រូវបានគេរំពឹងថានឹងមានការផ្ទុះកំហឹងពីសំណាក់ទីក្រុងប៉េកាំងមិនខាន។
ក្រសួងការបរទេសអាមេរិក ប្រកាសថា កោះតៃវ៉ាន់នឹងទទួលបានយន្តហោះទំនើបចុងក្រោយប្រភេទ 16C/D Block 70 ក្នុងតម្លៃ ៨ពាន់លានដុល្លារ។ លើសពីនេះទៅទៀត លោកម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ការលក់យន្តហោះរបស់ក្រុមហ៊ុនLockheed Martin ទទួលបានភ្លើងខៀវ បន្ទាប់ពីសភាយល់ព្រមលើសំណើរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP រដ្ឋមន្ត្រីក្រសួងការបរទេសនិយាយថា៖ «សកម្មភាពរបស់ពួកយើង គឺភ្ជាប់ជាមួយគោលនយោបាយពីអតីតកាល។ យើងអនុវត្តតាមការប្តេជ្ញា ដែលយើងបានធ្វើជាមួយភាគីទាំងអស់»។
គួរឲ្យកត់សម្គាល់ថា ការអភិវឌ្ឍគំរោងការពារលើអាកាសរបស់តៃវ៉ាន់ គឺចំពេលដែលយន្តហោះយោធាចិន តែងតែលួចចូលក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មកាលពីថ្ងៃចន្ទថា ការលក់យន្តហោះឲ្យតៃវ៉ាន់ បានបំពានកិច្ចព្រមព្រៀងរវាងអាមេរិក និងចិនយ៉ាងខ្លាំង ហើយវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមពីលើនេះទៅទៀត លោក Geng Shuang បញ្ជាក់ទៀតថា អាមេរិកគួរតែលុបចោលការលក់យន្តហោះប្រភេទនេះភ្លាមៗ ហើយបញ្ឈប់កិច្ចសន្យាលក់អាវុធ និងយោធាជាមួយតៃវ៉ាន់ទៅ បើមិនចង់ប្រឈមមុខនឹងផលវិបាកផ្សេងៗ។
សូមបញ្ជាក់ថាយន្តហោះ16C/D Block 70 គឺជាប្រភេទចុងក្រោយ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនLockheed Martin ហើយមានបំពាក់អាវុធ រ៉ាដា និងឧបករណ៍ទំនើបៗជាច្រើនទៀត។ តាមការអះអាងរបស់ក្រុមហ៊ុន យន្តហោះប្រភេទនេះអាចប្រើប្រាស់រហូតដល់ឆ្នាំ២០៧០ ឬអាចលើសពីនេះ។
ចិនទទួលស្គាល់តៃវ៉ាន់ថាជាផ្នែកមួយរបស់ខ្លួននៅក្រោមគោលការណ៍ចិនតែមួយ។ ប៉ុន្តែកោះតៃវ៉ាន់តែងតែបដិសេធ
ពោលគឺកោះនេះមានប្រព័ន្ធដឹកនាំផ្ទាល់ខ្លួន ហើយជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិកថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com