កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង សន្យាស្នើឲ្យចូលក្របខណ្ឌប៉ូលិស បើក្រុមទូកដណ្តើមបានមេដាយពិភពលោកនៅថៃ
× ប្រធានអង្គភាពកីឡានគរបាលជាតិលោក ជា ប៊ុនហេង សន្យាស្នើទៅកាន់ក្រសួងមហាផ្ទៃ សុំដាក់បញ្ចូលក្រុមកីឡាករប្រណាំងទូកក្នុងក្របខណ្ឌប៉ូលិស បើពួកគេដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ World Dragon Racing Championship ដែលរៀបចំនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃ។ លោក បានផ្តល់ដំបូន្មានឲ្យចេះសាមគ្គីគ្នា និងដាស់តឿនឲ្យកីឡាករខិតប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងកុំមានមោទកភាពលើខ្លួនឯង។
ឱកាសក្លាយជាមន្ត្រីបម្រើការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ របស់ក្រុមកីឡាករប្រណាំងទូកបានមកដល់ហើយ បើពួកគេអាចដណ្តើមបានមេដាយណាមួយពីការប្រកួតជើងឯកពិភពលោក World Dragon Racing Championship ដែលរៀបចំនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃចន្លោះពីថ្ងៃទី២១-២៤ ខែសីហា។ នេះជាការសន្យារបស់លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ ដែលអះអាងថា លោកនឹងដាក់សំណើរទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំក្របខណ្ឌដល់ក្រុមកីឡាទូកបើពួកគេអាចធ្វើបានតាមអ្វីដែលបានកំណត់។
បើតាមលោក ជា ប៊ុនហេង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធក្នុងការប្រកួតកីឡាស៊ីហ្គេមនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០០៥ តែមកទល់បច្ចុប្បន្ន សហព័ន្ធនេះ ពុំធ្លាប់ដណ្តើមមេដាយក្នុងការប្រកួតផ្លូវការលក្ខណៈអន្តរជាតិនោះទេ។ ដូច្នេះការចូលរួមប្រកួតជើងឯកពិភពលោកនៅថៃ ជាឱកាសមាសសម្រាប់ក្រុមកីឡាករប្រណាំងទូកក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន។
នាពិធិជួបសំណេះសំណាលជាមួយប្រតិភូកីឡាប្រណាំងទូកមុនចាកចេញទៅថៃ លោក ជា ប៊ុនហេង ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា៖«ការប្រកួតជើងឯកពិភពលោកថៃ វាជាឱកាសមាសសម្រាប់ក្រុមទូកកម្ពុជាយើង យើងបានបើកទំព័រប្រវត្តិសាស្ត្រតាំងពីឆ្នាំ២០០៥ ដែលយើងបានមេដាយសំរឹទ្ធក្នុងការប្រកួតកីឡាស៊ីហ្គេមនៅមីយ៉ាន់ម៉ា តែមកទល់ឆ្នាំ២០១៨ រកតែកូនមេមេដាយ១អត់បាន។ ដូច្នេះវាជាឱកាសបើកទំព័រប្រវត្តិសាស្ត្រឡើងវិញ»។
ប៉ុន្មានថ្ងៃមុនចូលរួមការប្រកួតខាងលើ ក្រុមកីឡាករប្រណាំងទូកកម្ពុជា ទើបតែដណ្តើមបានមេដាយមាសក្នុងការប្រកួតជើងឯកពិភពលោកប៉ូលិស World Police and Fire Games នៅប្រទេសចិន។ ទោះបីយ៉ាងនេះក្តី លោក ជា ប៊ុនហេង ដាស់តឿនឲ្យកីឡាករខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ព្រោះលោកយល់ថា នេះគឺជាការប្រកួតកម្រិតអាជីពមិនដូចការប្រកួតក្របខណ្ឌប៉ូលិសនោះទេ។
«ខ្ញុំសុំផ្តាំផ្ញើថា យើងត្រូវចេះសាមគ្គីគ្នា ហើយកុំមោទកភាពលើខ្លួនឯង ព្រោះបើធ្វេសប្រហែសតែ១វិនាទីយើងនឹងអាចចាញ់»។ ក្រោយផ្តាំផ្ញើបែបនេះលោក ជា ប៊ុនហេង បានប្រកាសផ្តល់ថវិកាម្នាក់៣ពាន់បាត(ប្រហែល១០០ដុល្លារ)ដល់កីឡាករ គ្រូបង្វឹក និងប្រតិភូផងដែរ។ ប្រភិកីឡាប្រណាំងទូកកម្ពុជាបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ តាំងពីថ្ងៃទី១៩ ខែសីហា ពោលគឺក្រោយ១ថ្ងៃពេលធ្វើមាតុភូមិនិវត្តមកពីប្រទេសចិន៕
Tag:
ទូកនាគ
ជា ប៊ុនហេង
World Dragon Boat Racing Championship
© រក្សាសិទ្ធិដោយ thmeythmey.com