អន្តរជាតិ
ស្ត្រីអារ៉ាប់ប៊ីសាអូឌីត មានសេរីភាពធ្វើដំណើរដោយខ្លួនឯង ក្រោយរងការរឹតត្បិតរាប់សិបឆ្នាំ
×
ដោយ៖ ងួន សុភាវត្តី
ជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងប្រទេសដែលមាននិន្នាការអភិរក្សខ្លាំង ស្ត្រីអារ៉ាប៊ីសាអូឌីត មានសិទ្ធិទៅណាមកណាដោយមិនចាំបាច់មានការអនុញ្ញាតពីគ្រួសារឡើយ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ SPA នៅថ្ងៃទី២០ ខែសីហា ។ លើសពីនោះ ស្ត្រីពេញវ័យនៅអារ៉ាប៊ីសាអូឌីត ក៏មានសិទ្ធិចាត់ចែងការងារគ្រួសារកាន់តែច្រើនដែរ។
អារ៉ាប់ប៊ីសាអូឌីត បានទទួលការរិះគន់ជាច្រើនឆ្នាំមកហើយអំពីបញ្ហាសេរីភាពរបស់ស្ត្រី។ ក្រុមសិទិ្ធមនុស្សនិយាយថា ស្ត្រីត្រូវបានគេចាត់ទុកជាពលរដ្ឋថ្នាក់ទី ២ នៅក្រោមច្បាប់ដែលតម្រូវឲ្យពួកគេសុំការអនុញ្ញាតពីអាណាព្យាបាលជាបុរសចំពោះការសម្រេចចិត្តសំខាន់ៗពេញមួយជីវិតរបស់ពួកគេដោយមិនគិតពីអាយុ។
យ៉ាងណាមិញ អាជ្ញាធរប្រទេសសម្បូរប្រេងមួយនេះ បានលុបចោលជាប្រចាំនូវការរឹតត្បិតទាំងនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបញ្ចប់ការហាមឃាត់ស្ត្រីបើកបររថយន្តកាលពីឆ្នាំមុន។ មហាក្សត្រ សាលម៉ាន់ បានចេញរាជក្រិត្យជាបន្តបន្ទាប់ដើម្បីធ្វើកំណែទម្រង់ក្នុងស្រុក។ ជាក់ស្ដែង លិខិតឆ្លងដែនអារ៉ាប៊ីសាអូឌីត នឹងត្រូវបានចេញឱ្យទៅពលរដ្ឋណាដែលដាក់ពាក្យស្នើសុំ មិនថាភេទអ្វីទេ ហើយមនុប្រជាជនដែលមានអាយុលើសពី ២១ឆ្នាំ ក៏មិនត្រូវការការអនុញ្ញាតពីអាណាព្យាបាលសំរាប់ធ្វើដំណើរដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរក៏បានផ្តល់សិទ្ធិដល់ស្ត្រីជាលើកដំបូងក្នុងការចុះសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬលែងលះគ្នា និងឯកសារគ្រួសារជាផ្លូវការនានា។ បន្ថែមពីលើនោះ ស្រី្តអារ៉ាប៊ីសាអូឌីត ក៏មានសិទ្ធិធ្វើជាអាណាព្យាបាលដល់កុមារដែលមានអាយុតិច។
ប្រភពពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា នាយកដ្ឋានលិខិតឆ្លងដែននិងអត្រានុកូលដ្ឋាន និងសាខានៅគ្រប់តំបន់ទាំងអស់នៃព្រះរាជាណាចក្រមួយនេះ បានចាប់ផ្តើមអនុវត្តវិសោធនកម្មដែលមានចែងក្នុងព្រះរាជក្រឹត្យ។
កាសែតអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា ស្ត្រីជាង ១.០០០ នាក់នៅខេត្តភាគខាងកើតរបស់ប្រទេសបានចាកចេញពីអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី១៩ ខែសីហា ដោយមិនការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេ។ នេះជាទំនងជាអនុវត្តច្បាប់ថ្មីដែលផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការដើរហើរដោយខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com