កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ Sancho ២២​ម៉ឺន​ដុល្លារ​មួយ​សប្តាហ៍ ក្រោយ​លេចធ្លោ​ខ្លាំង​
22, Aug 2019 , 11:41 am        
រូបភាព
​ក្រោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លិប​ធំៗ Borussia Dortmund បានសម្រេច​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​ខ្សែបម្រើ​ស្លាប Jadon Sancho រហូតដល់ ១៩​ម៉ឺន​ផោន (២៣​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍​រួមទាំង​ប្រាក់រង្វាន់​ផ្សេងទៀត​។ ការបន្ថែម​ប្រាក់​ឈ្នួល​បែបនេះ​ដោយសារ Dortmund ចង់​ឲ្យ​អតីត​កីឡាករ Man City បន្ត​កិច្ចសន្យា​ថ្មី​លើ​កិច្ចសន្យា​ចាស់​ដែល​នៅសល់​។


 
​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ ១៩​ឆ្នាំ​កំពុង​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ពោលគឺ​ចាប់តាំងពី​ចាក​ចេញពី Man City ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ក្របខណ្ឌ Bundesliga កាលពី​ឆ្នាំ​២០១៧ ក្នុងតម្លៃ​ផ្ទេរ ១២​លាន​ដុល្លារ​។ 
 
Sancho បាន​បញ្ចេញ​ទេពកោសល្យ​ដ៏​ល្អ​របស់គេ​តាំងពី​រដូវ​កាល​ដំបូង​នៅ Dortmund ម្លេះ ដែល​ធ្វើ​ឲ្យ​ក្លិប​ជាច្រើន​នៅ​តំបន់​អ៊ឺរ៉ុប​ចាប់អារម្មណ៍​។ សម្រាប់​រដូវ​កាល​ទី​ពីរ ២០១៨-១៩ អតីត​យុវជន​របស់ Watford រូបនេះ ស៊ុត​បាន​១៣​គ្រាប់ និង​ជួយ​ក្រុម​ប្រជែង​ពាន​លី​គ​កំពូល​អាល្លឺម៉ង់​ជាមួយ Bayern Munich ទៀតផង​។​
 
​ថ្មីៗ​នេះ​ក្រុម​បិសាច​ក្រហម Manchester United បានដាក់​ការចាប់​អា​ម្មណ៍​ខ្លាំង បន្ទាប់ពី Sancho អាច​បន្ត​រក​គ្រាប់​បាល់​នា​ជំនួប​បើកឆាក​លី​គ Bundesliga រដូវ​កាល​ថ្មី​ក្នុង​ជ័យជម្នះ ៥-១ របស់ Dortmund លើ​ក្រុម Augsburg កាលពី​សប្តាហ៍​មុន​។​
 
​កិច្ចសន្យា​ចាស់​រយៈពេល​៥​ឆ្នាំ របស់​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នេះ​ជាមួយ Dortmund នៅសល់​៣​ឆ្នាំ​ទៀត ពោលគឺ​ដល់​ឆ្នាំ​២០២២​។ ដូច្នេះ​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​២២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ក្នុង​កិច្ចសន្យា​ចាស់​នេះ ដោយសារ Dortmund ចង់​ចងជើង Sancho ទុក ដោយ​សង្ឃឹមថា​កីឡាករ​វ័យក្មេង​រូបនេះ នឹង​កើន​តម្លៃ​ខ្លួន​កប់​ពពក​នាពេលខាងមុខ​៕

Tag:
 Borussia Dortmund
  Jadon Sancho
© រក្សាសិទ្ធិដោយ thmeythmey.com