អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB បរិច្ចាគ​ប្រាក់ ៤៥,៧០០,០០០ រៀល ដល់​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ឥតគិតថ្លៃ​
22, Aug 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់ ធនាគារ CIMB ប្រមាណ ៧០​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ចំនួន ៤៤១​នាក់ មកពី​ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​មកពី​ខេត្ត​ផ្សេងទៀត​ផងដែរ​។ កម្មវិធី​ពិនិត្យ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ឥតគិតថ្លៃ​នេះ បង្កើតឡើង​ដោយ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​ចូលរួម​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ឥតគិតថ្លៃ​។ ការព្យាបាល​នេះ បានធ្វើ​ឡើង​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​ប្រទេស​អូស្ត្រាលី​។ បន្ថែម​ពី​ការចូលរួម​របស់​បុគ្គ​លិ​ក ធនាគារ CIMB ក៏បាន​បរិច្ចាគ​ប្រាក់ ៤៥,៧០០,០០០ រៀល​ផងដែរ​។​
 
​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ការពិនិត្យ និង​ព្យាបាល​ភ្នែក បាន​ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​ការពិនិត្យ និង​ព្យាបាល​ភ្នែក គឺ​នៅឯ​គ្លីនិក​ទន្តសាស្ត្រ​ពុទ្ធិ​សាស្ត្រ​។ ខុសប្លែក​ពីមុនៗ ដែល​ធនាគារ CIMB ភាគច្រើន​ប្រារព្ធ​ធ្វើ​កម្មវិធី​សប្បុរសធម៌ នៅតាម​សហគមន៍ ឬ​តំបន់​ដាច់ស្រយាល ប៉ុន្តែ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB លើក​នេះ ត្រូវបាន​រៀបចំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​បរិច្ចាគ​ទឹកប្រាក់​សុទ្ធតែ​ម្តង សម្រាប់​លើកស្ទួយ​សុខុមាលភាព​ផ្នែក​ភ្នែក និង​ធ្មេញ របស់​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​។ ទឹកប្រាក់​ឧបត្ថម្ភ​រប​ស់ធ​នាគារ CIMB ចំនួន ៤៥.៧០០.០០០ រៀល សម្រាប់​ឧបត្ថម្ភ​លើ​ផ្នែក​ភស្តុភារ ដូចជា​ធ្វើដំណើរ​ទៅមក របស់​ប្រជាពលរដ្ឋ និង​ការហូបចុក​បី​ពេល​ក្នុង​មួយថ្ងៃ ក្នុងអំឡុងពេល​ព្យាបាល នៅ​មន្ទីរពេទ្យ សម្រាប់​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ឥតគិតថ្លៃ​នេះ​។​


 
​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​នៅ​ធនាគារ CIMB ការជួយ​ត្រឡប់​ទៅកាន់​សហគមន៍​វិញ គឺ​បាន​ស្ថិត​ជាប់​ក្នុង​បេះដូង​របស់​យើងទាំងអស់គ្នា​។ យើង​ឧបត្ថម្ភ ដល់​កម្មវិធី​ព្យាបាល​ភ្នែក និង​ធ្មេញ​នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​ភ្នែក និង​ធ្មេញ របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ការខ្វះ​ធនធាន​។ ភ្នែក និង​ធ្មេញ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ជួយ​ផ្តល់នូវ​សុខុមាលភាព និង​សម្រួល​ដល់​បន្ទុក​របស់​ប្រជាជន​ទាំងនោះ ហើយ​ទីបញ្ចប់​នឹង​នាំ​ឲ្យ​ពួកគាត់​មានលទ្ធភាព​ប្រកប​អាជីវកម្ម ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់​»​។​
 
​មិនតែប៉ុណ្ណោះ លោក ប៊ុន យីន បានបញ្ជាក់​ផងដែរ​ថា​៖ «​ការចូលរួម​របស់​ធ​នាគារ​យើងខ្ញុំ គឺ​រួមទាំង​កម្លាំងកាយ​ចិត្ត​របស់​បុគ្គលិក និង​ថ្នាក់ដឹកនាំ ព្រមទាំង​ថវិកា​របស់​ធនាគារ ដែល​ដកចេញ​ពីមួយ​ផ្នែក នៃ​ប្រាក់ចំណេញ​របស់​ធនាគា​រ​»​។​


 
​ស្ថិតក្នុង​វ័យ​៥៥​ឆ្នាំ លោកស្រី សឹម សាវឿន ដែល​បានទទួល​ការព្យាបាល​ភ្នែក ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​រៀបរាប់ថា​៖ «​ក្រោយពី​ទទួលបាន​ការព្យាបាល​ភ្នែក​ម្ខាង​រួចហើយ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​ភ្នែក​ខ្ញុំ​ឈឺផ្សា​រាប់​ឆ្នាំ​មកហើយ​។ ពេល​ទៅណា​មក​ណា គឺ​ពិបាក​ខ្លាំងណាស់ ដោយសារ​ភ្នែក មើល​មិនសូវ​ឃើញ ហើយ​មានការ​ឈឺចាប់​។ បើសិន​ភ្នែក​ដែល​ព្យាបាល​ហើយ មាន​ភាពល្អប្រសើរ ខ្ញុំ​នឹង​បន្ត​ព្យាបាល​ម្ខាង​ទៀត ពេល​ក្រោយ ហើយនឹង​ណែនាំ​បងប្អូន​ឲ្យ​មក​ព្យាបាល​ផងដែរ​។ ខ្ញុំ​សូម​អរគុណ​ជាខ្លាំង ដល់​អ្នក​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ព្យាបាល ឥតគិតថ្លៃ​នេះ ដល់​រូបខ្ញុំ​»​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម | វិស័យ​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com