ជាតិ
វីដេអូ
លោក សែន ភារម្យ យកជំនាញឆុងកាហ្វេ៨ឆ្នាំនៅហាងទំនើប មកបើកហាងតាមចិញ្ចើមផ្លូវ
×
ដោយ៖ ហួ ឆេងស៊ីម, សុវណ្ណ ស្រីពេជ្រ, ឆាយ រង្សី
ភ្នំពេញ៖ បច្ចុប្បន្ន អាជីវកម្មកាហ្វេមានការរីកលូតលាស់ច្រើននៅកម្ពុជា មិនថាជាលក្ខណៈហាងកាហ្វេធំៗ ឬកាហ្វេតាមតូបតូចៗឡើយ។ លោក សែន ភារម្យ មានបទពិសោធន៍ឆុងកាហ្វេរយៈពេល ៨ឆ្នាំមកហើយ មុនពេលលោកបើកហាងកាហ្វេខ្លួនឯងឈ្មោះថា «កាហ្វេឈៀងម៉ៃ»។ លោក ភារម្យ សម្រេចចិត្តបើកអាជីវកម្មកាហ្វេនេះ ដោយប្រើជំនាញឆុងកាហ្វរបស់លោក មកបើកតូបកាហ្វេផ្ទាល់ខ្លួន នៅតាមចិញ្ចើមផ្លូវលេខ៤៧៤ ម្ដុំបឹងត្របែក។
មានវ័យ២៧ឆ្នាំ លោក សែន ភារម្យ ម្ចាស់ហាងកាហ្វេឈៀងម៉ៃ បានយកជំនាញឆុងកាហ្វេនៅហាងទំនើប មកបើកហាងកាហ្វេនៅតាមចិញ្ចើម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗម្ចាស់ហាងរូបនេះ បញ្ជាក់ថា៖ «មូលដែលខ្ញុំបើកតូបកាហ្វេនៅតាមចិញ្ចើមផ្លូវបែបនេះ គឺព្រោះតែជីវភាព នៅពេលដែលខ្ញុំរកចំណូលបានច្រើនជាងនេះ ខ្ញុំនឹងមានឱកាសបើកហាងកាហ្វេផ្ទាល់ខ្លួន។ ចំណែកឯឈ្មោះតូបកាហ្វេ ដែលខ្ញុំដាក់ឈ្មោះថា កាហ្វេឈៀងម៉ៃ ព្រោះខ្ញុំបានយកគ្រាប់កាហ្វេពីឈៀងម៉ៃប្រទេសថៃមកប្រកបជាអាជីវកម្មនៅកម្ពុជា»។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសខ្លីពីការបើកហាងកាហ្វេរបស់លោក សែន ភារម្យ ដូចតទៅ៖
បើតាមម្ចាស់តូបកាហ្វេរូបនេះ ការឆុងកាហ្វេក៏ត្រូវការប្រើប្រាស់សិល្បៈនៃការឆុងឬតុបតែងផងដែរ។ ជារួមការឆុងកាហ្វេ ប្រៀបបានដូចទៅនឹងការចម្អិនម្ហូបដែរ គឺត្រូវការសោភ័ណភាពដើម្បីឲ្យមានភាពទាក់ទាញដល់អតិថិជន។ លោក ភារម្យ បន្តថា៖ «បើការឆុងកាហ្វេមានសិល្បៈល្អប្រណិត មានការតុបតែងជារូបផ្សេងៗនៅលើកាហ្វេ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតនោះ គឺពិតជាទាក់ទាញអារម្មណ៍របស់អតិថិជនខ្លាំងណាស់»។
ដើម្បីបន្ថែមរសជាតិកាហ្វេឲ្យកាន់តែឈ្ងុយឆ្ងាញ់ លោក ភារម្យ បានជ្រើសយកស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេលមកប្រើប្រាស់ជាប្រចាំថ្ងៃ។ គោលបំណងរបស់ លោក ភារម្យ មិនត្រឹមតែយកស្ករត្នោតសរីរាង្គមកប្រើប្រាស់សម្រាប់ឆុងកាហ្វេឲ្យមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែលោកមានបំណងមួយផ្សេងទៀត គឺជួយគាំទ្រផលិតផលជាតិ ស្នាដៃខ្មែរ ដែលអាចឲ្យប្រជាជនមានការងារធ្វើ និងរក្សាបាននូវគុណតម្លៃនៃអត្តសញ្ញាណជាតិកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូអំពីការប្រើប្រាស់ស្ករត្នោតសម្រាប់កាហ្វេដូចតទៅ៖
លោក ភារម្យ បាននិយាយដោយម៉ត់ចត់ថា៖ «អតិថិជន ត្រូវការកាហ្វេដែលមានគុណភាពហើយសាកសមនឹងតម្លៃ។ បើសិនជាកាហ្វេមានរសជាតិមិនឆ្ងាញ់ ហើយតម្លៃថ្លៃទៀតនោះ អតិថិជនប្រាកដជាមិនចូលចិត្តនូវផលិតផលរបស់យើងឡើយ។ ផ្ទុយមកវិញ បើសិនកាហ្វេមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែផលិតផលមានគុណភាពល្អ ពេលនោះធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍ប្រើប្រាស់ផលិតផលរបស់យើង»។
ម្ចាស់ហាងកាហ្វេឈៀងម៉ៃ លោក សែន ភារម្យ បានអំពាវនាវដល់យុវជនកម្ពុជាឲ្យមានការគាំទ្រចំពោះផលិតផល ស្នាដៃខ្មែរ ដើម្បីជួយដល់ជីវភាពរបស់ប្រជាជនខ្មែរឲ្យមានភាពប្រសើរឡើង។ បន្ថែមលើនេះ លោក ភារម្យ ក៏ចង់ឲ្យសាធារណជនសាកទិញកាហ្វេដែលប្រើប្រាស់ជាមួយស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេល ដែលមានលក់នៅហាងកាហ្វេឈៀងម៉ៃ៕
Tag:
កាហ្វេ
សែន ភារម្យ
អាជីវកម្ម
ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com