ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល រក្សា​ជំហរ​ចាប់​លោក សម រង្ស៊ី ពេល​ចូល​ស្រុក​
23, Aug 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​និយាយ​ដដែល​ថា សមត្ថកិច្ច នឹង​អនុវត្ត​ដីកា​តុលាការ ក្នុងការ​ចាប់​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង និង បក្សពួក ប្រសិនបើ​ពួកគេ ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ មែន​។ ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។


 
​នៅ​ចំពោះមុខ​សមាជិក​គណៈកម្មាធិការកណ្តាល​ជាង​៨០០​នាក់ សម្តេច​ប្រធាន​គណបក្សកាន់អំណាច ចាត់ទុក ការសម្រេចចិត្ត​វិលត្រឡប់​របស់លោក សម រង្ស៊ី  ឬ មិន​វិលត្រឡប់ ថា​គ្រាន់តែ​ជា​រឿង​បុគ្គល​ប៉ុណ្ណោះ​។ សម្តី​របស់​សម្តេច​ប្រធាន ត្រូវបាន​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្សកាន់អំណាច លើក​មក​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​។ 
 
​លោក ឈឹម ផល​វរុណ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែរនោះ សង្កត់ធ្ងន់​ពី​ប្រសាសន៍​របស់​សម្តេច​ថា សមត្ថកិច្ច មិនមែន​អនុវត្ត​ដីកា​ទៅលើ​តែ​លោក សម រង្ស៊ី នោះទេ ផ្សេងទៀត ដែលមាន​ទោស​និង​មានឈ្មោះ​ក្នុង​ដីកា ដែល​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន ក៏​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ​។ ប៉ុន្តែ លោក បញ្ជាក់ថា ចំពោះ​អ្នក​ដែល​គ្មាន​ទោស សមត្ថកិច្ច នឹងមិន​ចាប់​ឡើយ​។ លោក ថ្លែង​ដូច្នេះ​ថា​៖« [​វា​] ជាការ​អនុ​វុត្ត​ច្បាប់​ទូទៅ​នៅ​កម្ពុជា​»​។ 
 
​លោក សម  រង្ស៊ី ប្រកាសថា គម្រោង​របស់លោក ដែល​ត្រូវ​វិល​ត្រឡប់មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ (​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​) នឹងមិន​ផ្លាស់ប្តូរ​ឡើយ​៕ 
 

Tag:
 សម រង្ស៊ី
  មាតុភូមិ​និវត្ត​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com