ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្វាក់​ផលិតកម្ម​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី មុននឹង​វាយលុក​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅប្រទេស​!
07, Dec 2018 , 4:51 pm        
រូបភាព
​ខេត្តមណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ជាច្រើន​គ្រួសារ កំពុង​ងាក​ចេញពី​ការធ្វើ​ចំការ​វិលជុំ និង​ពនេចរ មក​ប្រក​បរបរ​ដាំ​កាហ្វេ​សរីរាង្គ​វិញ​ម្ដង ក្រោយ​មានការ​ជ្រោមជ្រែង​ពី​អ្នកជំនាញ​អង្គការ​សេ​ដាក និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំងនោះ កំពុង​កែប្រែ​ជីវភាព​មកកាន់​តែ​ប្រសើរឡើង ដោយសារតែ​ផលិតផល​កាហ្វេ​សរីរាង្គ​របស់​ពួកគេ កំពុង​វាយលុក​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ខ្លាំង​។ ការថែទាំ និង​កា​រៀបចំ​កន្លែង​ដាំ​កាហ្វេ​សរីរាង្គ គឺ​ចំណុច​សំខាន់​នៃ​សង្វាក់​ផលិតកម្ម​កាហ្វេ​មណ្ឌល​គី​រី សម្រាប់​នាំចេញ​ទៅក្នុង​ទីផ្សារ​ក្រៅប្រទេស​នេះ​។​

 
​ដំណាំ​កាហ្វេ គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​ត្រូវការ​អាកាសធាតុ​ត្រជាក់ ដែល​គេ​និយម​ដាំ​នៅ​ខេត្តមណ្ឌលគិរី ព្រោះ​តំបន់​នោះ​មាន​អំណោយផល​លើ​ដំណាំ​កាហ្វេ​ប្រភេទ Robusta​។ មិន​ត្រឹមតែ​ដាំ​ប្រភេទ​កាហ្វេ​ធម្មតា​ទេ ពលរដ្ឋ​នៅ​តំបន់​នោះ ជាពិសេស​ជនជាតិដើម​ភាគតិច អាច​វិ​វត្ត​មក​ដាំ​កាហ្វេ​បែប​សរីរាង្គ​ទៀតផង តាមរយៈ​ការជួយ​គាំទ្រ​បច្ចេកទេស​ពី​សំណាក់​អ្នកជំនាញ​អង្គការ​សេ​ដាក និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ ស្ថិតនៅក្នុង​ចម្ការ​កាហ្វេ​សរីរាង្គ​ដែលមាន​ផ្ទៃដី​ប្រមាណ ៤ ហិកតា ក្នុងភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ កំពុង​ដើរ​ប្រមូល​ផល​កាហ្វេ​សរីរាង្គ សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​។​
 
​ជា​ជនជាតិដើម​ពូ​នង​លោក រ៉ូ​យ ទើប បានរៀបចំ​ទីតាំង​ដាំ​កាហ្វេ​សរីរាង្គ នៅ​ចន្លោះ​ដីព្រៃ​ដែល​សម្បូរ​ដោយ​ដើមឈើ​ធំៗ និង​ដើម​កៅស៊ូ ដែល​ហ៊ុំ​ព័ទ្ធជុំវិញ ដើម្បី​ជួយ​ការពារ​មិន​ឲ្យ​បរិយាកាស និង​ខ្យល់ពុល​ផ្សេងៗ ដែល​ហើរ​មក​ប៉ះពាល់​នឹង​ដំណាំ​កាហ្វេ​នេះ ដែល​វា​ស្របតាម​ស្ដង់ដា​សរីរាង្គ​របស់​អង្គការ​សេ​ដាក​។ ងាក​មក​និយាយ​ពី​រឿង​ថែទាំ​វិញ​លោក រ៉ូ​យ ទើប ត្រូវការ​ប្រើប្រាស់​ជីធម្មជាតិ​ដែល​ផ្សំ​ចេញពី​លាមក​គោ​លាយ​ជាមួយ​កន្ទក់ អង្កាម និង​ស្លឹកឈើ​ធម្មជាតិ ដែល​គ្មាន​ជាតិគីមី ហើយ​សូម្បីតែ​ទឹក​ស្រោចស្រព​ដំណាំ​ក៏​គ្មាន​សារធាតុពុល ឬ​គីមី​ដែរ​។ ចំណែក​ដើម​កាហ្វេ​វិញ គឺ​បុរស​សម្បុរ​ខ្មៅ​រូបនេះ ត្រូវ​បោសសម្អាត​ជម្រះ​ស្មៅ ឬ​វ​ល្លិ៍​ផ្សេង ដែល​រុំ​ព័ទ្ធ​ជា​រៀង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ងាប់​គល់​។ ក្រោយ​ផល​កាហ្វេ​សរីរាង្គ​លេចចេញ​ផ្លែផ្កា​ហើយ លោក រ៉ូ​យ ទើប ត្រូវ​បេះ​កាហ្វេ​នោះ យកទៅ​ហាល​ឲ្យ​ស្ងួត​ល្អ ហើយ​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​បាន​ប្រមាណ​ជា​២​តោន​ក្នុង​មួយឆ្នាំ​។ តាមរយៈ​ការផ្គត់ផ្គង់​នេះ លោក រ៉ូ​យ ទើប អាច​ទទួលបាន​ចំណូល​ជាង​២០​លាន​រៀល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​វិញ​ផងដែរ​។​
 
​ដើរ​បណ្ដើរ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បណ្ដើរ ជនជាតិដើម​ភាគតិច​ពូ​នង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​ដឹងថា​កាហ្វេ​របស់ខ្ញុំ​ឆ្ងាញ់ ពីព្រោះ​ខាង​កូរ៉េ ដែល​ផលិត​ជា​កញ្ចប់ យកមក​ឲ្យ​ខ្ញុំ​ហូប​។ ណាមួយ​ខ្ញុំ​លីង​ខ្លួនឯង ខ្ញុំ​ដឹងថា​ឆ្ងាញ់ ដោយសារតែ​ខ្ញុំ​បេះ​តែ​គ្រាប់​កាហ្វេ​ណា​ដែល​ទុំ​ក្រហម​ទេ​។ ឥឡូវ​ជីវភាព​ក្នុង​គ្រួសារ​ខ្ញុំ​ដូចជា​ធូរធារ ហើយមិន​ព្រួយបារម្ភ​រឿង​ទីផ្សារ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រ រ៉ូ​យ ទើប​។ 
 

ដើមឡើយ​លោក រ៉ូ​យ ទើប ដាំ​កាហ្វេ​ធម្មតា​ចំនួន​១០០​ដើម​ប៉ុណ្ណោះ សម្រាប់​បេះយក​ទៅ​ហាល និង​រំលីង យកទៅ​ចម្រាញ់​ផឹក​ទទួលទាន​ខ្លួនឯង​ផង និង​លក់​ខ្លះ​ឲ្យ​អ្នកភូមិ ឬ​ឈ្មួញ​ពី​វៀតណាម​ផង​។ ប៉ុន្តែ​ក្រោយពី​លោក បាន​ជួប​ជាមួយ​លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ កាលពី​អំឡុង​ឆ្នាំ​២០១៥​នោះ លោក រ៉ូ​យ ទើប ក៏​ងា​កម​កដាំ​កាហ្វេ​បែប​សរីរាង្គ ដោយមាន​គាំទ្រ​បច្ចេកទេស​ពី​ក្រុមហ៊ុន សម្រាប់​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​វិញ​។  
 
​ក្រៅពី​ជួយ​បច្ចេកទេស​ដាំ​ដល់​ពលរដ្ឋ ដោយ​សហការ​ជាមួយ​អង្គការ​សេ​ដាក​នោះ ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ក៏​ប្រមូលយក​គ្រាប់​កាហ្វេ​ទាំងនោះ ទៅ​រំលីង​កែច្នៃ និង​វេច​ខ្ចប់​កាហ្វេ​យកទៅលក់​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុងក្រោយ កាហ្វេ​សរីរាង្គ​មណ្ឌលគិរី ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកបញ្ជា​ទិញ​បរទេស ដែល​ក្នុងនោះ​រួមមាន​ឈ្មួញ​ពី​ប្រទេស​កូរ៉េ​១០​តោន ជប៉ុន​១២​តោន តៃវ៉ាន់ និង​វៀតណាម​ជាដើម​។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​កាហ្វេ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ចន្លោះ​ពី​២២​តោន ទៅ​២៥​តោន តាមរយៈ​ការប្រមូលទិញ​ផលិតផល​ពី​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​៤០​គ្រួសារ ដែល​បាន​ប្រកប​របរ​កសិកម្ម​កាហ្វេ​សរីរាង្គ លើ​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​ចំនួន​១១៨​ហិកតា ដោយ​ក្នុងនោះ​ផ្ទៃដី​ដែល​បង្កើន​ផល​បាន​៤៨​ហិកតា​។ នេះ​បើតាម​លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ 
 



​មាន​មាឌធំ សម្បុរ​ស្រអែម បុរស​វ័យ​ជាង​៣០​ឆ្នាំ រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​បង្រៀន​អ្នក​ដាំ​ដែលជា​ជនជាតិដើម​ភាគតិច ទាំង​បច្ចេកទេស​ក្នុង​ការដាំដុះ​ឲ្យ​ទទួលបាន​ផល​ច្រើន​។ ពីមុន​មានតែ ៥​គ្រួសារ​ទេ ប៉ុន្តែ​ពេលនេះ មាន​៤០​គ្រួសារ​ហើយ ដែល​ដាំ​ដុះ​បែប​សរីរាង្គ​នេះ​។ ក្នុងឆ្នាំនេះ អាច​នាំចេញ​កាហ្វេ​ចន្លោះ​ពី​២៥​តោន ទៅ​៣០​តោន សម្រាប់​ផ្គត់ផ្គង់​ទៅ​ប្រទេស​ជប៉ុន កូរ៉េ និង​តៃវ៉ាន​ជាដើម​»​។​
 
​បំណង​ធំ​របស់​ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​រូបនេះ មិនមែន​ផ្ដោត​តែ​លើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​នោះទេ ពោលគឺ​លោក​ចង់​ជំរុញ​ឲ្យ​ពលរ​ដ្ឋ្ម​ខ្មែរ​ទាំងអស់ ងាក​មក​គាំទ្រ​កាហ្វេ​សរីរាង្គ​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​មណ្ឌលគិរី​នេះ ឲ្យ​កាន់តែច្រើន​ថែមទៀត ខណៈ​ប្រទេស​ក្នុង​តំបន់​កំពុង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ផលិតផល​សរីរាង្គ​ខ្មែរ​។​
 
​ក្រៅពី​ក្រុមហ៊ុន​ក្រៅប្រទេស​បញ្ជា​ទិញ កាហ្វេ​សរីរាង្គ​នៅ​ខេត្ត​មណ្ឌល​គី​រី ក៏មាន​លក់​ជា​បណ្ដើរៗ​ហើយ​នៅ​ទីផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​មួយចំនួន​ដូចជា ផ្សារ​កសិផល​សរីរាង្គ​សេ​ដាក (​ផ្សារ​អូ​ក្រា​) ហាង​កាហ្វេ F Cafe (​អេ​ហ្វ​កាហ្វេ​) ហាង​រ៉ូ​ប៊ូ​ស្ដា​ប៊ូ​ស្រា​កាហ្វេ ហាង​ប៊ី​ង​ហ្គោ​កាហ្វេ ។​
 
​មាន​វ័យ​៦៦​ឆ្នាំ លោកស្រី ប្រុក វ៉ា​ន្នី បាន​បើក​អាជីវកម្ម​ហាង​ប៊ី​ង​ហ្គោ​កាហ្វេ ជាង​១​ឆ្នាំ​មកហើយ ដែល​គាំទ្រ​ដល់​ផលិតផល​កាហ្វេ​សេរី​រា​ង្គ ។ ស្ត្រី​វ័យ​ចំណាស់ ដែល​ចូល​និវត្ត​ពី​ការងារ​អង្គការ​សង្គម​ស៊ីវិល បាន​និយាយថា មូលហេតុ​លោកស្រី បើក​អាជីវ​កម្មនេះ គឺ​ដោយសារតែ​ខ្លួន​មានបំណង​ជួយ​គាំទ្រ និង​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច ដែល​ប្រកប​របរ​កសិកម្ម​បែប​សរីរាង្គ​នេះ​។ មិនមែន​ត្រឹមតែ​ដាក់លក់​ផលិតផល​កាហ្វេ​សរីរាង្គ​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ​ថិ​តិ​ជន​ចូល​ពិសារ​កាហ្វេ​សរីរាង្គ​នេះ ក៏​ទទួលបាន​ចំណេះដឹង​ពី​កសិកម្មសរីរាង្គ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ពី​ក្រុមការងារ និង​បុគ្គលិក ហាង​ប៊ី​ង​ហ្គោ​កាហ្វេ​របស់លោក​ស្រី​ផងដែរ​។ បើតាម​ស្ត្រី​វ័យ​ចំណាស់​ដែលជា​ម្ចាស់​ហាង​កាហ្វេ​រូបនេះ បច្ចុប្បន្ន សន្ទុះ​នៃ​ការគាំទ្រ​កាហ្វេ​សរីរាង្គ​មាន​ច្រើន ពី​សំណាក់​អតិថិជន​គ្រប់​ស្រទាប់​។​
 
​អតីតមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែលមាន​ចិត្ត​លើកស្ទួយ​ផលិតផល​ខ្មែរ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​បើ​និយាយ​ពី​កាហ្វេ​សរីរាង្គ គឺ​លំបាក​ណាស់​ទម្រាំ​បាន​កាហ្វេ​១​ពែងៗ​។ ហើយ​សម្រាប់​ការដាំដុះ​វិញ ជា​ការដាំដុះ​ដោយ​ជនជាតិដើម​ភាគតិច ដែលមាន​របៀប​ដាំ និង​ប្រមូល​ផង​ច្បាស់លាស់​ទៅតាម​ស្ដង់ដារ​សរីរាង្គ​»​។  
 
​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ដំណាំ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី កំពុង​រីកដុះដាល និង​ដំណើរការ​យ៉ាង​ល្អ ក្រោយពី​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ទទួលបាន​ការយល់ដឹង​ពី​សំណាក់​អ្នកជំនាញ​សរីរាង្គ​នៃ​អង្គការ​សេ​ដាក ដែល​ជួយ​បង្ហាត់បង្រៀន និង​កំណត់​ស្ដង់ដារ​។ បើតាម​អ្នកជំនាញ​កសិកម្មសរីរាង្គ​របស់​អង្គការ​សេ​ដាក ការដាំដុះ​កាហ្វេ​ស្របទៅតាម​ស្ដង់ដារ​សរីរាង្គ គឺ​ទាមទារ​ឲ្យ​កសិករ បោះបង់​ការដាំដុះ​ដោយ​ប្រើប្រាស់​សារធាតុ​គីមី និង​ជី​ផ្សេងៗ​។ 
 
​លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក បាន​ពន្យល់ថា ពី​ការដាំដុះ​តាម​គោលការណ៍​សរីរាង្គ​សេ​ដាក​យ៉ាង​ដូច្នេះ​៖ «​ដើម្បី​បាន​ស្ដង់ដារ​សរីរាង្គ​សេ​ដាក​យកទៅដាក់​លើ​កាហ្វេ​សរីរាង្គ កសិករ​ត្រូវ​អនុវត្តតាម​ស្ដង់ដារ​សរីរាង្គ​សេ​ដាក​។ បន្ទាប់ពី​កសិករ​អនុវត្តតាម​ហើយ  កសិករ​ត្រូវសុំ​ការចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​សេ​ដាក នោះ​នឹងមាន​អ្នក​ទៅ​ត្រួតពិនិត្យ​ក្នុង​កសិដ្ឋាន ដើម្បី​ស្វែងយល់ថា​តើ​មាន​សារធាតុ​គីមី​ឬ​អត់​។ មួយវិញទៀត កសិករ​ត្រូវ​មានការ​ទុកដាក់​ឯកសារ ក្នុងការ​ប្រើប្រាស់​ធាតុ​ចូល​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងការ​កំណត់​ស្ដង់ដារ​»៕













 

Tag:
 កាហ្វេ​សរីរាង្គ​
  ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com