ជាតិ
សង្គមជាតិ
កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ សីហា
24, Aug 2019 , 7:59 am        
រូបភាព
សកម្មភាពកម្មការមេប្រយោគ និងគណៈកម្មការ​បច្ចេកទេស កំពុង​​កាត់ក្បាលសន្លឹកវិញ្ញាសាប្រឡង​បាក់​ឌុប រូបភាពពីក្រសួងអប់រំ​ យុវជន និង​កីឡា
សកម្មភាពកម្មការមេប្រយោគ និងគណៈកម្មការ​បច្ចេកទេស កំពុង​​កាត់ក្បាលសន្លឹកវិញ្ញាសាប្រឡង​បាក់​ឌុប រូបភាពពីក្រសួងអប់រំ​ យុវជន និង​កីឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ នឹង​ដំណើរ​ការកែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២៥-២៨ សីហា នៅតាម​មណ្ឌល​ប្រឡង​ទាំង​១០ ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។


​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រសួង​បាន​ផ្ទៀងផ្ទាត់​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង ដើម្បី​ពិនិត្យមើល​ឈ្មោះ និង​កន្លែង​ណា ដែលមាន​បញ្ហា​ផ្សេងៗ​រួចរាល់​ហើយ សឹម​បន្តការងារ​កាត់​ក្បាល​សន្លឹក និង​ចុះ​អក្សរ​សម្ងាត់ រហូតដល់​ថ្ងៃទី​២៤ ខែសីហា​។ បើតាម​លោក សុ​វាចា ក្រសួង​នឹង​ចាប់ផ្តើម​កែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥  រហូតដល់​ថ្ងៃទី​២៨ សីហា ។ 
 
​ក្នុង​ដំណើរការ​កំណែ​វិញ្ញាសា​នេះ នឹងមាន​ការចូលរួម​ពី​គណៈកម្មការ​អប្បមាទ គណៈកម្មការ​មេ​ប្រយោគ​ទូទាំងប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ជាមួយនឹង​ក្រុមបច្ចេកទេស​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ការកែ​វិញ្ញាសា​នេះ​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព និង​គោរព​តាម​គោលការណ៍​ទាំង​៤ គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង ដែល​បាន​បន្ថែមថា ក្នុង​ដំណើរការ​ការកែ​វិញ្ញាសា​នេះ ក្រសួង​ក៏​នឹង​បំពេញ​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក រស់ សុ​វាចា បាន​បញ្ជាក់ថា​៖« ជន​ដែល​ប្រព្រឹត្ត​ខុស​ក្នុងអំឡុងពេល​កែ​វិញ្ញាសា នឹងត្រូវ​ទទួលទោសរ​ដ្ឋ​បាល ឬ​ទោស​ព្រហ្មទណ្ឌ​ទៅតាម​កំហុស​ដែល​ជន​បាន​ប្រព្រឹត្ត​»​។ 
 
​ក្រៅពី​កែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​រួច ក្រសួង​នឹង​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃទី​៣០ ខែសីហា រហូតដល់​ថ្ងៃទី​០៨ ខែកញ្ញា​។ បន្ទាប់មក លទ្ធផល​ប្រឡង​បាក់​ឌុប នឹង​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។​សម្រាប់​បណ្តា​ខេត្ត​ឆ្ងាយៗ នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា​។ 
 
​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ មាន​បេក្ខជន​១១៧ ០៤៣​នាក់ (​ស្រី​៦០ ៤២៧​នាក់​) នៃ​មណ្ឌល​ប្រឡង​មាន​២០២​មណ្ឌល​។​សម្រាប់​ការប្រឡង​នេះ មាន​បេក្ខជន ១៨៣៨​នាក់​អវត្តមាន ក្នុងនោះ​ស្រី ៦៩៦​នាក់​។ ចំនួន​អវត្តមាន​ត្រូវជា ១.៥៧​ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​៕
 
 

 

Tag:
 កំណែ​វិញ្ញាសា​
 ​ ប្រឡង​
 ​ បាក់​ឌុប​
 ​ អប់រំ​
  BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com