បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោកស្រី កែវ មុំ បើក​រោងចក្រ​កែច្នៃ​បន្លែ​-​ផ្លែឈើ​ក្រៀម ដើម្បី​ជួយ​ដល់​កសិករ និង​បន្ថយ​ចំណាកស្រុក
24, Aug 2019 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ជំនួយឥតសំណង ពី​មូលនិធិ​ការបង្កើត​ថ្មី​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​(AIP) ចំនួន​២០​ម៉ឺន​អឺរ៉ូ ប្រហាក់ប្រហែល​នឹង​ជាង ២៤​ម៉ឺន​ដុល្លារ​អាមេរិក លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន លី​លី ដែលជា​ស្ត្រី​ជើងចាស់​ក្នុង​សិប្បកម្ម​កែច្នៃ​អាហារ​ជាង​មួយ​ទសវត្សរ៍ បាន​ដំណើរការ​រោងចក្រ​កែច្នៃ​បន្លែ និង​ផ្លែឈើ​ក្រៀម ជា​បណ្តើរៗ ដោយបាន​ដាក់លក់​បន្លែ​និង​ផ្លែឈើ​ក្រៀម​ចំនួន​៧​មុខ នៅក្នុង​ទីផ្សារ​ក​កម្ពុជា​។ ក្រោយ​ការដាក់​ដាក់លក់​ជាង​មួយខែ មកនេះ លោកស្រី កែវ មុំ មើលឃើញថា មានការ​គាំទ្រ​ច្រើន​។ ទោះជា​យ៉ាងនេះ​ក្តី នៅក្នុង​ដំណើរការ​សាកល្បង​នេះ រោងចក្រ ក៏​ជួបប្រទះ​បញ្ហា​មួយចំនួន​ដែរ ដូចជា​កង្វះ​ការផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​ពី​កសិករ​ជាដើម​។

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកស្រី កែវ មុំ ដូចតទៅ​៖ 

 

 
​ថ្មីៗ​នេះ​បន្លែ និង​ផ្លែឈើ​ក្រៀម​វេច​ខ្ចប់​យ៉ាង​ទំនើប ចំនួន​៧​ប្រភេទ រួមមាន ចេកអំបូង ចេកមាសស្ងួន ត្រឡាច ល្ពៅ ដំឡូង ពោត​បារាំង និង​សណ្តែកកួរ ដែល​ផលិត​ដោយ​រោងចក្រ​របស់លោក​ស្រី កែវ មុំ បានដាក់​លក់​នៅលើ​ទីផ្សារ​កម្ពុជា បាន​ជាង​១​ខែ​ហើយ​។ ការ​ដំណើរ​រោងចក្រ          បណ្តោះអាសន្ន​នេះ គឺ​បន្ទាប់ពី​ក្រុមហ៊ុន លី​លី ហ្វូ​ដ អ៊ិន​ដាស​ទ្រី ខូ​អិ​ល​ធី​ឌី ទទួលបាន​ជំនួយឥតសំណង​ចំនួន ២០​ម៉ឺន​អឺរ៉ូ (​ជាង​២៤​ម៉ឺន​ដុល្លារ​អាមេរិក ពី​មូលនិធិ​ការបង្កើត​ថ្មី​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ (AIP) ដែល​អនុវត្តន៍​ដោយ​អង្គការ​អភិវឌ្ឍន៍​ប្រទេស​អាល្លឺម៉ង់ (SNV) សហការ​ជាមួយ BoP Inc និង Incisive Business Sweden​។ 
  
 
​បើតាម​លោកស្រី កែវ មុំ ជំនួយ​នេះ​គឺ​ស្មើនឹង​៣០​ភាគរយ នៃ​ដើមទុន​សរុប​។ ដ្បិត​តែមាន​រយៈពេល​២​ឆ្នាំ ប៉ុន្តែ​រោងចក្រ​នៅតែ​ដំណើរការ ដើម្បី​បន្ត​កែច្នៃ​បន្លែ និង​ផ្លែឈើ​ក្រៀម ដែល​វា​ជា​ផ្នែក​មួយ នៃ​ទីផ្សារ​សម្រាប់​កសិផលរ​បស់​ខ្មែរ​។ 
 
​អគ្គនាយិកា​ក្រុមហ៊ុន លី​លី ពន្យល់​ពី​មូលហេតុ​នៃ​ការបង្កើត​រោងចក្រ​កែច្នៃ​បន្លែ និង​ផ្លែឈើ​ក្រៀម​នេះ ដូច្នេះ​ថា​៖ «​ពេល​ពលរដ្ឋ​ជួប​ផល​លំបាក គាត់​តែងតែ​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​កថា ពេល​រដូវ​ប្រមូល​ផល គឺ​អត់​មាន​ទីផ្សារ​។ ពួកគាត់​រំពឹង​លើ​ទីផ្សារ​ប្រទេសក្រៅ​។ ប៉ុន្តែ​ប្រទេស​គេ ក៏​គេ​មាន​កសិផល​ដូចគ្នា​។ អ៊ីចឹង មុននឹង​គេ​ទិញ​កសិផល​យើង គឺ​គេ​ប្រើប្រាស់​កសិផល​របស់គេ​ឲ្យ​អស់​សិន​។ រដូវ​ប្រមូល​ផល​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន គឺ​ប្រហាក់ប្រហែលគ្នា​ទេ​។ អ៊ីចឹង ដល់​រដូវ​ប្រមូល​ផល គេ​ក៏​ប្រមូល​ផល យើង​ក៏​ប្រមូល​ផល​។ ពេលនោះ គេ​នឹង​សង្កត់​តម្លៃ​យើង​ឲ្យ​ទាប​តែម្តង ដែល​ធ្វើ​កសិករ​មិនមាន​ប្រាក់ចំណេញ និង​អាច​ខាតដើម​ទៀត​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កសិករ​បោះបង់​ចោលការ​ដាំ​ដុះ ហើយ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស និង​តំបន់​ផ្សេងៗ ដែល​បន្សល់ទុក​នូវ​កូនតូច ឬ​ម្តាយ​ឪពុក​ចាស់ៗ​នៅផ្ទះ​។ អ៊ីចឹង​យើង​មានគំនិត ថា បើ​យើង​យក​បន្លែ​ផ្លែឈើ មក​កែច្នៃ​ជា​បន្លែ​ផ្លែឈើ​ក្រៀម យើង​នឹង​ជួយ​ដល់​កសិករ​បាន​ច្រើន​»​។ 
 
​បច្ចុប្បន្ន រោងចក្រ​បណ្តោះអាសន្ន​នេះ អាច​ផលិត​បន្លែ​ផ្លែឈើ​ក្រៀម នៅក្នុង​មួយថ្ងៃ​ពី​២ ទៅ​៣​តោន​។ នៅពេល​រោងចក្រ​ថ្មីៗ សាងសង់​រួចរាល់​នៅ​ប្រមាណ ៥​ខែ​ខាងមុខ នោះ​រោងចក្រ​មួយ​នេះ នឹង​ពង្រីក​សង្វាក់​ផលិតកម្ម​បន្ថែមទៀត ដើម្បី​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ​។ 
  
 
​បើតាម​លោកស្រី កែវ មុំ បច្ចុប្បន្ន​រោងចក្រ កំពុង​ដំណើរ​ចុះកិច្ចសន្យា​ជាមួយ​កសិករ​នៅ​ខេត្តកំពត កោះកុង កំពង់ចាម និង​ព្រះវិហារ ហើយ​នៅពេល​រោងចក្រ​ថ្មីៗ សាងសង់​រួចរាល់ ភាគី​រោងចក្រ នឹងធ្វើ​កិច្ចសន្យា​ជាមួយ​កសិករ​ចំនួន ១,៥០០​គ្រួសារ ជាពិសេស​ស្ត្រី និង​គ្រួសារ​ក្រីក្រ ដែលមាន​ចំណូល​ទាប​។   
 
​សូម​ជម្រាប​ដែរ​ថា ក្រុមហ៊ុន លី​លី បាន​បង្កើត​តាំងពី​ឆ្នាំ​២០០២​មក​។ ក្រោយ​ដំណើរការបាន​ជាង​មួយ​ទសវត្ស​រិ៍ ថ្មីៗ​នេះ លោកស្រី កែវ មុំ ក៏បាន​សម្ពោធ​រោងចក្រ​ដ៏​ធំ​មួយ ដែល​ជាការ​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ពង្រីក​សង្វាក់​ផលិតកម្ម នាំ​ចេញទៅ​លក់​លើ​ទីផ្សារ​ចំនួន​១៤​ប្រទេស រួមមាន​៖ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េខាងជើង កូរ៉េខាងត្បូង វៀតណាម ចិន ថៃ ភូមា ឥណ្ឌូណេស៊ី និង​ប៉ែក​អាហ្វ្រិក​ជាដើម​។ បន្ទាប់ពី​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ពង្រីក​រោងចក្រ​នំ​ស្រួយ ដែល​ផលិត​ចេញពី​អង្ករ​ផ្ការំដួល​ហើយ​នោះ លោកស្រី ក៏បាន​ងាក​មក​ផលិត​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម ដើម្បី​ជួយ​ជ្រោមជ្រែង​កសិករ​ឲ្យ​មាន​ទីផ្សារ​ត្រឹមត្រូវ និង​ផ្តល់​ចំណីអាហារ​ដែលមាន​គុណ​ភាពល្អ ជូន​ពលរដ្ឋ​បរិភោគ​៕       

 

 

Tag:
 កែវ មុំ​
 ​សហគ្រិន​ស្ដ្រី​
 ​បន្លែ​
 ​ផ្លែឈើ​
 ​កសិផល​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com