សង្គមអន្តរជាតិ
អន្តរជាតិ
ម៉ូណាកូមានដង់ស៊ីតេប្រជាជនជិត១,៧ ម៉ឺននាក់ក្នុងមួយគីឡូម៉ែត្រការ៉េ រូបភាព៖ Planetf
× ថ្វីបើចិនមានចំនួនប្រជាជនច្រើនជាងគេរហូតដល់ ១,៣៨ពាន់លាននាក់ (ទិន្នន័យរបស់ធានាគារពិភពលោកឆ្នាំ២០១៧) តែប្រទេសនេះមិនមែនជាប្រទេសដែលមានដង់ស៊ីតេប្រជាជនច្រើនជាងគេនោះទេ។ ចុះប្រទេសណាដែលមានដង់ស៊ីតេមនុស្សច្រើនជាគេ?
ដង់ស៊ីតេ (Density) គឺជាចំនួនប្រជាជនសរុបជាមធ្យម ដែលរស់នៅក្នុងទំហំដីមួយគីឡូម៉ែត្រការ៉េ។ គេហទំព័រ worldatlas.com បានបញ្ជាក់ជាទិន្នន័យថា ទីក្រុងម៉ាកាវ គឺជាតំបន់ដែលមានចំនួនដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ ពោលគឺ ១៨ ៥៣៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។
ប៉ុន្តែដោយសារទីក្រុងម៉ាកាវមិនមែនជាប្រទេស តែជាតំបន់រដ្ឋបាលពិសេសមួយដែលគ្រប់គ្រងដោយចិន លេខរៀងទីមួយត្រូវបានគេកំណត់ទៅឲ្យប្រទេសម៉ូណាកូ នៅទ្វីបអឺរ៉ុប។ ម៉ូណាកូមានដង់ស៊ីតេប្រជាជនទៅដល់ ១៦ ៩២៣នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ នេះគឺដោយសារតែម៉ូណាកូជាប្រទេសនៅក្នុងចំណោមប្រទេសដែលមានផ្ទៃដីតូចជាគេលើលោក។ ម៉ូណាកូជាប្រទេសតូចមួយដែលមានផ្ទៃដីសរុប ២.០២គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅសរុបជាង ៣,៧ ម៉ឺននាក់។
បន្ទាប់ពីម៉ូណាកូគឺប្រទេសសិង្ហបុរី ក្នុងនោះមានប្រជាជន ៧ ១៤៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បន្ទាប់មកគឺទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន មួយដែរ។ ហុងកុងមានដង់ស៊ីតេប្រជាជន ៦ ៣៤៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ចំពោះប្រទេសកម្ពុជាវិញ បើតាមទិន្នន័យរបស់ធនាគារពិភពលោកឆ្នាំ២០១៧ ដង់ស៊ីតេប្រជាជនគឺ ៩១នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ៕
© រក្សាសិទ្ធិដោយ thmeythmey.com