​ក្រសួងទេសចរណ៍ នឹង​សុំ​ដាក់​នំ​បញ្ចុក សម្លប្រហើរ កកូរ ម្ជូរ​គ្រឿង និង អា​ម៉ុក ជា​បេតិកភណ្ឌ​ពិភពលោក​
ជាតិ
សង្គមជាតិ
​ក្រសួងទេសចរណ៍ នឹង​សុំ​ដាក់​នំ​បញ្ចុក សម្លប្រហើរ កកូរ ម្ជូរ​គ្រឿង និង អា​ម៉ុក ជា​បេតិកភណ្ឌ​ពិភពលោក​
24, Aug 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ម្ហូបអាហារ​ខ្មែរ​៥​មុខ ដាក់ចូល​ជា​បេ​តិ​ភណ្ឌ​អ​រូបិយ​ពិភពលោក​នៃ​អង្គការ UNESCO​។ ម្ហូបអាហារ​ខ្មែរ​ទាំង​៥​មុខ​នោះ មាន នំ​បញ្ចុក សម្លកកូរ សម្លប្រហើរ សម្លម្ជូរគ្រឿង និង អា​ម៉ុក​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា កាលពី​ថ្ងៃទី​២១ សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

 
​បើតាម​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ  ក្រៅពី​ម្ហូប​ខ្មែរ​ទាំង​៥​មុខ​ខាងលើ មាន​បង្អែម​៥​មុខ​ទៀត រួមមាន​នំអន្សម នំផ្លែអាយ នំស្លឹកស្រស់ នំ​ច័ក្កច័ន និង បាយដំណើប​សង់ខ្យា ក៏បាន​ស្នើ​អង្គការ​UNESCO ដើម្បី​ដាក់ចូល​ជា​បេ​តិ​ភណ្ឌ​អ​រូបិយ​ពិភពលោក​ផងដែរ​។ 
 
​ជាមួយគ្នានេះ លោក ថោង ខុន បាន​ណែនាំ​មន្ត្រី​របស់ខ្លួន ឲ្យ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​ជ្រើសរើស​ម្ហូបអាហារ​និង​បង្អែម​ណា​ដែលជា​អត្តសញ្ញាណ​ជាតិ ហើយ​បុព្វបុរស​ខ្មែរ​បាន​កត់ត្រា​ទុក​ពី​បុរាណ​មក គឺ​ត្រូវ​ប្រមូល​យកមក​រៀបចំ ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​។  លោក អះអាងថា ការធ្វើ​បែបនេះ គឺ​សំដៅ​ដល់​ការពង្រីក ផ្សព្វផ្សាយ និង ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​នៅ​កម្ពុជា កាន់តែច្រើន  តាមរយៈ​អាហារ និង​បង្អែម​ទាំងនេះ​។ 
 
​លោក ថោង ខុន បាន​និយាយ​ដូច្នេះ​៖«​ទន្ទឹមនឹង​ការអនុវត្ត​កិច្ចការ​នេះ យើង​ត្រូវ​ធ្វើឱ្យមាន​ស្ដង់ដា​អនាម័យ គុណភាព និង​រំលេច​នូវ​ភាព​ទាក់ទាញ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ចិត្ត​ភ្ញៀវទេសចរ​ឱ្យ​ចាប់អារម្មណ៍​ចង់​ភ្លក្ស មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​បរទេស​នោះឡើយ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ទទួលទាន​ហើយ​ចងចាំ​ពី​កម្ពុជា​យើង នោះ​កម្ពុជា​នឹង​កាន់តែ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ តាមរយៈ​ម្ហូបអាហារ​នេះ​។ នេះហើយ​ដែល​គេ​ហៅថា ទេសចរណ៍​ម្ហូបអាហារ​»​។​
 
​លោក​រដ្ឋមន្ត្រី បញ្ជាក់ទៀតថា ម្ហូបអាហារ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌ និង​ជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​នៅ​កម្ពុជា​កាន់តែច្រើន​៕ 
 

Tag:
 ទេសចរណ៍​
  ម្ហូបអាហារ​
  បេតិកភណ្ឌ​
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com