បច្ចុប្បន្ន អ្នកជំនាញជាច្រើនបានមើលឃើញសក្តានុពល នៃតំបន់មួយចំនួននៅទូទាំងប្រ ទេសកម្ពុជា ហើយប៉ោយប៉ែត ត្រូវបានគេចាត់ទុកថា ជាទីតាំងថ្មីមួយ បន្ទាប់ពីក្រុងព្រះសីហនុ ឬសៀមរាប។ នេះក៏ដោយសារតែតំបន់ប៉ោយប៉ែត ដែលជាចំណុចប្រសព្វ រវាងច្រកព្រំដែនកម្ពុជា-ថៃ និងក៏ជាទិសដៅតំបន់កាស៊ីណូ សម្រាប់ជនបរទេសផងដែរ។
កំណើនសាងសង់
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ោយប៉ែតទទួលបានការចាប់អារម្មណ៍ច្រើន ពីវិនិយោគិនជាតិ និងអន្តរជាតិ។ សំណង់អគារតូចធំ បានរីកដុះដាលច្រើនគួរឲ្យកត់សម្គាល់។ លោក ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថា ការសាងសង់បានកំពុងដំណើរយ៉ាងច្រើន នៅក្នុងតំបន់ប៉ោយប៉ែតក្នុងពេលបច្ចុប្បន្ន ក្នុងនោះ មានទាំងគម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារខ្ពស់។ លោកបាននិយាយថា៖ «ឥឡូវនេះ គម្រោងដែលកំពុងតែបុកគ្រឹះសាងសង់មានខ្ទង់ ២០ គម្រោង ជាអគារដែលមានកម្ពស់ចន្លោះពី ៨ ទៅជាង ២០ ជាន់ ដែលគម្រោងទាំងនេះ ជាសណ្ឋាគារ ផ្ទះជួល និងខុនដូ»។
លោកបានពន្យល់ថា កំណើននៃការសាងសង់ច្រើនបែបនេះ គឺដើម្បីបំពេញតាមតម្រូវការ កន្លែងស្នាក់នៅ កំពុងកើនឡើង។ មូលហេតុចម្បងគឺកំណើនឡើងនៃវិនិយោគិន និងជនបរទេស ពិសេសជនជាតិចិន ដែលបានកំពុងផ្លាស់ប្តូរទៅកាន់តំបន់ប៉ោយប៉ែត។
តម្លៃជួលកើនឡើង
នៅពេលនិយាយពីការជួល លោក គន្ធា បញ្ជាក់ថា តម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ លោកថា ផ្ទះប្រភេទ E0, E1 ដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារ កើនឡើងដល់ ១,៥០០ ទៅ ២,០០០ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ។
កន្លងមក រដ្ឋាភិបាលបានកំពុងប្រែក្លាយទីក្រុងប៉ោយប៉ែត ឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ច្រកព្រំដែនសំខាន់មួយទៀត គឺច្រកអន្តរជាតិស្ទឹងបត់ ត្រូវបានឲ្យបើកដំណើរជាផ្លូវការ។ កត្តានេះ បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការទិញលក់អចលនទ្រព្យអចលនទ្រព្យ និងតម្លៃដីនៅក្នុងតំបន់។
ដីនៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កើនឡើងពី ក្រោម ១,០០០ ដុល្លារ ក្នុងម៉ែត្រមួយការ៉េទៅ ១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះជាការលើកឡើងរបស់លោក គន្ធា៕
(អត្ថបទពាណិជ្ជកម្ម)