ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ ជើងខ្លាំងនៅសង្វៀន ONE ចង់បង្ហាញខ្លួននៅស៊ីហ្គេមឲ្យកម្ពុជាបានម្តងចុងឆ្នាំនេះ
× អត្ថបទ៖ ស៊ីធី
អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលមានបទពិសោធន៍ក្នុងការប្រកួតគុនចម្រុះនៅប្រទេសថៃ និង សង្វៀន ONE Championship នាពេលកន្លងមកបានវិលមកប្រឡូកការប្រកួតម្ដងទៀតពេលគេឃើញចូលរួមក្រុមកីឡានគរបាលជាតិទៅប្រកួតនៅចិនក្នុងរយៈពេល ២ សប្ដាហ៍កន្លងទៅនេះ។ រឿងនេះបង្កើតជាចម្ងល់យ៉ាងច្រើន ថាតើអ្នកលេងក្បាច់គុនជើងចាស់រូបនេះអាចវិលមករកសង្វៀនវិញឬយ៉ាងណា?
ទាក់ទិនចម្ងល់នេះ មាស ម៉ើ គូសបញ្ជាក់ថា៖«បាទ!ខ្ញុំបានទៅចូលរួមជាមួយក្រុមកីឡានគរបាលជាតិដែលប្រកួតនៅចិនតាមការស្នើសុំរបស់ថ្នាក់ដឹកនាំ។ ខ្ញុំប្រកួតក្នុងប្រភេទកីឡាជីជិតស៊ូ។ ស្ដាយខ្ញុំឈ្នះជុំទី១ និង ទី២ តែចាញ់ជុំទី៣។ តាមពិតខ្ញុំត្រូវប្រកួតយូដូ តែមានកីឡាករយើងម្នាក់ទៀតប្រកួតហើយ។ ដូច្នេះកុំឲ្យជាន់គ្នា ខ្ញុំក៏ទៅវ៉ៃ វិញ្ញាសាជីជិតស៊ូវិញទៅ»។
ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២កំពុងតែរក្សាលំនឹងគីឡូត្រឹម ៦៥ ឬ ៦៦ គីឡូក្រាមដើម្បីដាក់គោលដៅទៅប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមបានម្ដងក្នុងជីវិត។ អ្នកលេងក្បាច់គុនយូដូដែលឡើងប្រកួតសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ មកនោះធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ និង កម្មវិធីយុវជនមួយចំនួនក្នុងវិញ្ញាសាយូដូ ប៉ុន្តែមិនធ្លាប់ចូលរួមប្រកួតស៊ីហ្គេមតំណាងឲ្យកម្ពុជានោះឡើយ។
កីឡាករមានបទពិសោធន៍ក្រាស់ក្រែលវ័យ ២៩ ឆ្នាំគូសបញ្ជាក់ថា៖«ខ្ញុំអាចសម្រកគីឡូបានពី ជាង៨០គីឡូមកត្រឹម ៦៦ គីឡូក្រាមក្នុងរយៈពេល ២ ទៅ ៣ ខែ។ ហើយខ្ញុំនៅតែបន្តរក្សាលំនឹងគីឡូនេះដដែល។ ខ្ញុំខំហាត់ខ្លួនឯង ត្រូវតមការញុំាបន្ថែម ហើយ បើមានឱកាសគឺចង់ឡើងប្រកួតនៅសង្វៀន ONE ជាថ្មីដែរ។ ប៉ុន្តែ ខ្ញុំដាច់ខាតខ្ញុំត្រូវវ៉ៃគីឡូ ៦៦ មិនវ៉ៃគីឡូលើសហ្នឹងទេ ព្រោះខ្ញុំធ្វើបានល្អមែនទែនត្រឹមទម្ងន់នេះ។ បើប្រកួតគីឡូលើសហ្នឹង គឺ ខ្ញុំអត់វ៉ៃទេ»។
កីឡាករមកពីស្រុកបារាយណ៍ខេត្តកំពង់ធំសង្កត់ធ្ងន់ថា៖«ខ្ញុំធ្លាប់ចូលរួមលំដាប់អន្តរជាតិច្រើនដែរ តែខ្ញុំអត់ដែលបានទៅស៊ីហ្គេមទេ។ ដូច្នេះខ្ញុំស្នើទៅថ្នាក់លើធ្វើតេស្ត។ ខ្ញុំវ៉ៃឈ្នះកីឡាករជម្រើសជាតិខ្មែររហូត ៥ នាក់កាលថ្ងៃសុក្រក្នុងវិញ្ញាសាយូដូ។ ខ្ញុំរង់ចាំធ្វើតេស្តវ៉ៃម្នាក់ទៀតដែលគាត់ទៅហាត់នៅបារាំងយូរឆ្នាំ។ ខ្ញុំនឹងតេស្តថ្ងៃទី៣១ ខែ តុលា ខាងមុខជាមួយគាត់។ បើខ្ញុំឈ្នះ ខ្ញុំចង់ទៅប្រកួតឲ្យជម្រើសជាតិ។ ប៉ុន្តែបើខ្ញុំចាញ់ ឲ្យគេទៅចុះក្នុងគីឡូ៦៦គីឡូក្រាម»។
គួរដឹងថា មាស ម៉ើ ជាម្ចាស់ខ្សែក្រវាត់ព្រឹត្តិការណ៍ប្រកួតគុនចម្រុះនៅកម្ពុជា ឬ ខ្សែក្រវាត់ Khmer Warriors Challenges វគ្គ ២ ដែលរៀបចំដោយស៊ីធីអិន និង MyTV។ ទោះឃ្លាតពីសង្វៀនមួយរយៈដោយសារជាប់រត់ឡានទូរីស ១២ កៅអីពីភ្នំពេញ-កំពង់ធំ ដើម្បីរកលុយចិញ្ចឹមគ្រួសារ ក៏កីឡាកររូបនេះមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ហើយគ្រូបង្វឹកនៅ Cambodian Top Team នៅតែចង់ឲ្យ មាស ម៉ើ ត្រលប់មកហ្វឹកហាត់វិញដើម្បីចាប់គូប្រកួត។ មាស ម៉ើ ផ្អាកឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម្ល៉េះ ក្រោយ ចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ មាស ម៉ើ ចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនដំបូងគឺ យូដូ។ មាស ម៉ើ ជាអតីតកីឡាករជម្រើសជាតិយូដូ និង ចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនដង។ មាស ម៉ើ ប្រឡូកក្នុងសង្វៀនគុនចម្រុះទាំងក្នុងស្រុក និង ឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣។
© រក្សាសិទ្ធិដោយ thmeythmey.com