អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី សន្យា​សហការ​ស៊ីជម្រៅ​ជាមួយ «​តារា​សេដ្ឋកិច្ច​កំពុង​រះ​វៀតណាម​»
25, Aug 2019 , 10:30 pm        
រូបភាព
ដោយ:
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison នៅ​ថ្ងៃ​២៤ សីហា បានបញ្ចប់​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​រយៈពេល​បី​ថ្ងៃ​នៅ​វៀតណាម ជាមួយនឹង​ការប្តេជ្ញាចិត្ត​ថ្មី​។ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​លើកកម្ពស់​ចំណងមិត្តភាព​ឲ្យ​ទៅ​កម្រិត​កាន់តែ​ខ្ពស់​ជាមុន តាមរយៈ​ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ការធ្វើការ​រួមគ្នា​ពង្រឹង​ស្ថិរភាព​ក្នុង​តំបន់​។​


​ជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​អូស្ត្រាលី ដែលមាន​វត្តមាន​ក្នុង​ទឹកដី​វៀតណាម​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ លោក Scott Morrison បាន​ប្តេជ្ញា​ជាមួយ​សម​ភាគី​វៀតណាម លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព ដូចជា ការពង្រឹង​ការផ្សារភ្ជាប់​សេដ្ឋកិច្ច​, ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​យុទ្ធសាស្ត្រ​ការពារ និង​សន្តិសុខ ក៏ដូចជា​កសាង​សមត្ថភាព និង​ការច្នៃប្រឌិត​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី The Weekend Australian នៅ​ចំពោះមុខ​តំណាង​ផ្នែក​ធុរកិច្ច​អូស្ត្រាលី និង​វៀតណាម​ជាង​១០០​នាក់ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាង​ពី​បំណង​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង វៀតណាម ដែល​លោក ហៅថា​ជា តារា​សេដ្ឋកិច្ច​កំពុង​រះ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ច​សហប្រតិបត្តិ​ក្របខណ្ឌ​សេដ្ឋកិច្ច​ផ្សេងទៀត រាប់បញ្ចូល​ទាំង APEC ផងដែរ​។ 
 
​នា​អំឡុង​ទស្សនកិច្ច​នោះ លោកនាយក​រដ្ឋមន្ត្រី តាម​ប្រភពព័ត៌មាន​អូស្ត្រាលី​ដដែល​នោះ បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយនឹង​វៀតណាម​យ៉ាង​ដូច្នេះ​ថា​៖ «​វត្តមាន​របស់ខ្ញុំ​ទីនេះ ក៏​ព្រោះតែ​ខ្ញុំ ឃើញ​ពី​សក្តានុពល​។ យើង ជា​ប្រទេស​ពីរ ដែលមាន​ប្រព័ន្ធគ្រប់គ្រង​ផ្សេងគ្នា ក៏ប៉ុន្តែ យើង បាន​មាន​ទំនាក់ទំនង​ភាពជា​ដៃគូ​ប្រកបដោយ​មា​ត្រី​ភាព​»​។​
 
​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ បន្ថែម​ពី​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រូបនេះ បាន​សន្យា​ដូចគ្នា​ក្នុងការ​នៅ​ជាមួយនឹង​វៀតណាម​ដើម្បី​ធានា​ឲ្យ​បាន​ពី​សេរីភាព និង​ការបើកចំហ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាពិសេស​នោះ​សេរីភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​សមុទ្រ​ជម្លោះ​មួយ​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន រួមទាំង​វៀតណាម​ផង​៕ 
 

Tag:
 អូស្ត្រាលី​
  វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com