កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ជាប់ជាអនុប្រធានតេក្វាន់ដូពិភពលោក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី (ឆ្វេង) និងលោក RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក
× ប៊ុលហ្គារី៖ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី ជាប់ជាអនុប្រធានតេក្វាន់ដូពិភពលោក។ តួនាទីរបស់លោក កែវ រ៉េមី នេះ ត្រូវបានប្រកាសនៅក្នុងមហាសន្និបាតលើកទី២១ នៃព្រឹត្តិការណ៍តេក្វាន់ដូពិភពលោក នៅប្រទេសប៊ុលហ្គារី នាថ្ងៃទី២៥ សីហានេះ។
លោក កែវ រ៉េមី ដែលទើបទទួលបានតំណែងជាអនុប្រធានតេក្វាន់ដូពិភពលោក បានប្រាប់សារព័ត៌មានថ្មីៗ ដែលកំពុងមានវត្តមាននៅប៊ុលហ្គារីថា កម្ពុជា ជាប្រទេសដែលមានកិត្យានុភាពមួយ ដែលអាចមានសមត្ថភាពកាន់តួនាទីជាន់ខ្ពស់នៅក្នុងលំដាប់ពិភពលោក។ ជាពិសេសវាជាឱកាស ដែលអាចឱ្យកម្ពុជា បង្ហាញពីសក្ដានុពល ទៅកាន់អន្តរជាតិបានស្គាល់ផងដែរ។
តាមរយៈតួនាទីជាអនុប្រធានតេក្វាន់ដូពិភពលោកនេះ លោក កែវ រ៉េមី ប្ដេជ្ញាជំរុញកីឡាតេក្វាន់ដូ ITF កម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ទាំងថ្នាក់តំបន់ និងអន្តរជាតិ។ បើតាមលោក កែវ រ៉េមី បច្ចុប្បន្នកីឡាតេក្វាន់ដូ ITF កម្ពុជា បានទទួលមេដាយជាច្រើន នៅក្នុងតំបន់អាស៊ី និងមេដាយខ្លះដែរ ពីអន្តរជាតិ។
សូមទស្សនាវីដេអូកិច្ចសម្ភាសអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក កែវ រ៉េមី ដូចតទៅ៖
បច្ចុប្បន្នតួនាទីអនុប្រធានតេក្វាន់ដូពិភពលោក មានចំនួន៥រូប បើបូកបញ្ចូលលោក កែវ រ៉េមី នេះ ខណៈលោក RI YONG SON គឺជាប្រធាន។ សហព័ន្ធកីឡាតេក្វាន់ដូពិភពលោកនេះ មានប្រទេស១៦៩ជាសមាជិក។
គណៈប្រតិភូតេក្វាន់ដូខ្មែរ ដែលដឹកនាំដោយលោក កែវ រ៉េមី បានចូលរួមបើកមហាសន្និបាតលើកទី២១នៃព្រឹត្តិការណ៍តេក្វាន់ដូពិភពលោក នៅប្រទេសប៊ុលហ្គារី ។ ការប្រកួតកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី នៃព្រឹត្តិការណ៍ពិភពលោក World ITF Taekwon-do Championship ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
ការប្រកួតកីឡាតេក្វាន់ដូ មានបណ្ដាប្រទេសចូលរួមចំនួន៦៩ ។ អត្តពលិកតេក្វាន់ដូ ITF ជម្រើសជាតិ១៧នាក់ (ស្រី២នាក់) ពីកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕
Tag:
កែវ រ៉េមី
តេក្វាន់ដូ
ITF
© រក្សាសិទ្ធិដោយ thmeythmey.com