អន្តរជាតិ
លោក ត្រាំ ថា​មិន​សប្បាយ​ចិត្តនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​
26, Aug 2019 , 9:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (AFP)
ដោយ៖ ងួន សុភា​វ​ត្តី
 
​ប្រធានាធិបតី​សហរដ្ឋ​អាម​រិ​កលោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការមិនពេញចិត្ត​ចំពោះ​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង​ ប៉ុន្តែ​លោក ពុំបាន​និយាយ​ធ្ងន់ៗ​អ្វី​ពាក់ព័ន្ធ​នឹង​សកម្មភាព​នេះឡើយ​។ ផ្ទុយ​ពី​លោក ត្រាំ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អា​បេ  យល់ឃើញថា ទង្វើ​របស់​ក្រុង​ព្យុង​យ៉ាងនេះ​ជាការ​បំពាន​សេចក្តីសម្រេច​របស់ UN ។​


 
«​ខ្ញុំ​មិន​សប្បាយចិត្ត​អំពី​ការបាញ់​នេះ​ទេ តែ​កូរ៉េខាងជើង​មិនបាន​បំពាន​ដល់​កិច្ចព្រមព្រៀង​ទេ​»​។ នេះ​ជាស​ម្តី​របស់លោក​ត្រាំ កាលពី​ថ្ងៃ​២៥ ខែសីហា បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​ចុះផ្សាយ​ថា  មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ជុង​អ៊ុន ជា​អ្នកត្រួតពិនិត្យ​ការបាញ់​សាកល្បងប្រព័ន្ធបាញ៉រ៉ុក្កែតច្រើនក្នុងពេលតែមួយប្រភេទធំ​។​
 
​ការលើកឡើង​របស់រ​បស់​លោក​ត្រាំ ជុំវិញ​ការបាញ់​មី​ស៊ី​ល​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​ជឿនលឿន​ទាំង​៧ (G7) នៅ​បារាំង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP យោធា​សេ​អ៊ូ​ល បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២​គ្រាប់ កាលពី​ថ្ងៃ​សៅ​រិ៍​ទី​២៤ ខែសីហា​។ ការបាញ់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​បានបញ្ចប់​កាល​ពីមួយ​សប្តាហ៍​មុន​។​
 
​យ៉ាងណាមិញ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អាបេ មាន​ទស្សនៈ​ផ្ទុយ​ពី​លោក​ត្រាំ​។ ត្រង់ចំណុច​នេះ​មេដឹកនាំ​ជប៉ុន​រូបនេះ បាន​បកស្រាយ​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង គឺ​បាន​បំពាន​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដែល​លោក​ចាត់ទុកថា ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​។ 
 
​គួរ​រំលឹក​ឡើងវិញ​ថា កិច្ចប្រឹងប្រែង​របស់លោក​ត្រាំ ក្នុង​ការធ្វើទំនាក់ទំនង​ការទូត​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​បរាជ័យ​។ ជា​ឧទាហរណ៍ កិច្ច​ជំនួប​របស់​អាមេរិក​និង​កូរ៉េខាងជើង​នៅ​វៀតណាម កាលពី​ខែកុម្ភៈ​កន្លងទៅ ត្រូវបាន​បញ្ចប់​ដោយ​មិនមាន​ការចុះ​កិច្ចព្រមព្រៀង​អ្វីមួយ​ទេ​។ ម្យ៉ាងវិញទៀត គេ​ជឿថា ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ អាច​នឹង​រារាំង​កិច្ច​ជំនួប​បន្តទៀត​រវាង​អាមេរិក​និង​កូរ៉េខាងជើង​៕

Tag:
 កូរ៉េខាងជើង សហរដ្ឋអាមេរិក នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com