ក្រុមហ៊ុន​ផលិតភាព​យន្ត​អាមេរិក​មួយ​មក​ថត​នៅ​កម្ពុជា ដោយ​ចូលរួម​សម្តែង​ពី​គ្រូ​និង​សិស្ស​ក្លិប CTT
ONE Championship
កីឡាជាតិ
ជាតិ
ក្រុមហ៊ុន​ផលិតភាព​យន្ត​អាមេរិក​មួយ​មក​ថត​នៅ​កម្ពុជា ដោយ​ចូលរួម​សម្តែង​ពី​គ្រូ​និង​សិស្ស​ក្លិប CTT
26, Aug 2019 , 11:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​គ្រូបង្វឹក​បង្វឹក ហ៊ុន ច័ន្ទ​រាជ្យ នៃ​ក្លិប​ប្រដាល់ Cambodian Top Team (CTT) ប្រាប់ថា លោក និង កូនសិស្ស​ជាច្រើន​នាក់​ត្រូវបាន​ក្រុមហ៊ុន​ផលិតភាព​យន្ត​ឯកសារ​របស់​អាមេរិក​មួយ​ជ្រើសរើស​ឲ្យ​ដើរតួ​ថត​ឈុត​អ្នកស៊ើប​អង្កេត​ដល់​អ្នក​ជាប់ទោស ឬ អ្នក​ជាប់គុក​ម្នាក់​ក្នុង​រយៈពេល​៣​សប្ដាហ៍​កន្លងទៅនេះ​។

 
​យ៉ាងណាក្ដី​ភាគី​ខាង​ក្រុមហ៊ុន​អាមេរិក​មិន​បង្ហើប​អំពី​ចំណងជើង​រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​នោះទេ ប៉ុន្តែ ភាពយន្ត​ឯកសារ​នៅ​បន្ត​ថត​ទៀត​នៅ​ទឹកដី​អាមេរិក និង​ទីតាំង​នានា​តាម​តម្រូវ​ការផលិត ក្រោយ​បញ្ចប់​ការយក​ទីតាំង​កម្ពុជា​ថត​កាល​សប្ដាហ៍​មុន​។ ភាយ​យន្ត​ឯកសារ​នេះ​គ្រោង​នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២០ ខាងមុខ​។ 
 
​លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បន្តថា​៖«​ខាង​ក្រុមហ៊ុន​គេ​អត់​ចង់​បង្ហើប​សាច់រឿង ប៉ុន្តែ​ខ្ញុំ​បាន​ដើរតួ​ធំ​ដែរ គឺ តួ​ជា​មេ​ប៉ូលិស​ស៊ើបអង្កេត​អ្នកទោស និង ស៊ើបអង្កេត​ការជួញដូរ​គ្រឿងញៀន​ទៀតផង ហើយ​កូនសិស្ស​ខ្ញុំ​ជាច្រើន​ក្នុង​ក្លិប​បាន​ដើរតួ​ដែរ​។ តាមពិត​សាច់​រឿងនេះ​គឺ​តម្រូវ​ថត​នៅ​ថៃ​តែ​គេ​យក​ទីតាំង​មក​ថត​នៅ​កម្ពុជា ហើយ​ខ្ញុំ​ជា​មេ​ប៉ូលិស​ពាក់​ឈុត​ខោអាវ​ប៉ូលិស​ថៃ​ដើម្បី​ស៊ើបអង្កេត​»​។ 


 
​គ្រូបង្វឹក​និង​កីឡាករ​ដែល​ចូលរួម​ថត​រួមមាន គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ​,​សាន សៅ​យ៉ាន់​, ស សី​, សុខ ធី​, សុខ រិ​ទ្ធ​, រិ​ន សា​រ័ត្ន​, ចាន់ សំអាត​, និង កូនសិស្ស​ជាច្រើន​ទៀត​។ ចំណែក​ទីតាំង​ថត​ដែលមាន​សកម្មភាព​ស៊ើបអង្កេត និង មាន​អ្នកទោស​ជាប់គុក​ជាប់ច្រវាក់​ផង​នោះ​នៅ​ម្ដុំ​វាល​ព្រះមេរុ​។  ស្ថាបនិក​នៃ​ក្លិប CTT បាន​បញ្ជាក់ថា​៖«​ដ្បិត​ថត​នៅ​កម្ពុជា តែ​ក្រុមហ៊ុន​អាមេរិក និង ក្រុមហ៊ុន​នៅ​ថៃ​គេ​សហការគ្នា​។ ខ្ញុំ​ជា​តួ​ម្នាក់​ដែល​ស្វែងរក​ការពិត​នៃ​សាច់រឿង ហើយ ការតុបតែង​រៀបចំ​នោះ​ក៏មាន​ភាគី​ថៃ​។ គេ​មាន​ឈុត​ឆាក​ថ្ងៃ​យប់​ជាច្រើន​។ ឈុត​នេះ​សំដៅលើ​ជីវិត​ពិត​របស់​អ្នកទេសចរ ដែល​ត្រូវគេ​ចាប់​ដាក់គុក​នៅ​ថៃ​»​។​
 
​គ្រូបង្វឹក​ដដែល រៀបរាប់​ទៀតថា លោក​មិន​បានដឹង​លម្អិត​អំពី​សាច់រឿង​ទាំងមូល​នោះទេ ព្រោះតែ​ក្រុម​គេ​មិនទាន់​ចង់បង្ហាញ​ឲ្យ​ដឹង ប៉ុន្តែ អ្វីដែល​សំខាន់​នោះ គឺ ក្រុម​គ្រូបង្វឹក​និង​កូនសិស្ស​ត្រូវ​ដើរតួ​តាម​ឈុត​ដែល​ផលិតករ​គេ​ចង់បាន​ប៉ុណ្ណោះ​ជា​ថ្នូរ​នឹង​ប្រាក់​ឈ្នួល​ដែល​គេ​ផ្ដល់ជូន​ក្នុងតម្លៃ​សមរម្យ​មួយ​។ 
 
​ក្លិប Cambodian Top Team  ជា​ក្លិប​ប្រដាល់​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ការហ្វឹកហាត់​ក្នុងស្រុក​និង​អន្តរជាតិ ហើយ​ក្លិប​មាន​ទំនាក់ទំនង​ទៅ​ក្រៅប្រទេស​ជាច្រើន​ដូចជា​ថៃ មី​យ៉ាន់​ម៉ា និង សង្វៀន ONE Championship ជាដើម​។ ក្លិប​នេះ​ត្រូវបាន​បង្កើត​ដោយ​លោក ហ៊ុន ច័ន្ទ​រាជ្យ នៅ​ឆ្នាំ ២០១៣ ដោយ​ប្ដូរ​ទីតាំង​ចំនួន ៣ ដង​រួចមកហើយ​។ បច្ចុប្បន្ននេះ ក្លិប​មាន​ទីតាំង​ថ្មី​នៅផ្ទះ​លេខ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការ​មាន​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ​។ 
 
​បើសិនជា​អ្នក​ស្រលាញ់​កីឡាប្រដាល់​និង​ចាប់អារម្មណ៍​ហាត់​ដើម្បី​សុខភាព ឬ ចង់​ចេះ​ក្បាច់​ប្រដាល់​ដើម្បី​ឡើង​ប្រកួត​អាជីព អាចទាក់ទង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ​ពីរ​ខ្សែ  ភាសា​ខ្មែរ 012 282 282 និង​និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​លេខ 089 333 705​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ស​ង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com