អន្តរជាតិ
មូលនិធិ​របស់ Leonardo DiCarprio ប្រកាស​ផ្តល់​៥​លាន​ដុល្លារ​ដើម្បី​ចូលរួម​សង្គ្រោះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​
27, Aug 2019 , 7:59 am        
រូបភាព
លោក Leonardo DiCaprio តារាសម្តែង
លោក Leonardo DiCaprio តារាសម្តែង
​ដោយ៖ ឈួន ឈី​វ​អ៊ីង 

​សម្ព័ន្ធភាព​ផែនដី (EarthAlliance) គឺជា អង្គការ​បរិស្ថាន​ថ្មី​ដែល​បង្កើតឡើង​ដោយ លោក Leonardo DiCarprio និង​មិត្តភក្តិ​របស់គាត់ គឺ Laurene Powell Jobs និង​Brian Sheth ដែល​សន្យាថា​នឹង​ផ្តល់ជំនួយ ៥​លាន​ដុល្លារ​ដើម្បី​ជួយ​អភិរក្ស​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​


 
​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែលជា​ព្រៃរងទឹកភ្លៀង​ដ៏​ធំជាងគេ​នៅក្នុង​ពិភពលោក​ត្រូវបាន​ឆាបឆេះ​ក្នុង​កម្រិត​ខ្លាំង​បំផុត​បើ​គិត​តាំងពី​ឆ្នាំ​២០១៣ មក​។ វិទ្យាស្ថាន​ជាតិ​សម្រាប់​ស្រាវជ្រាវ​អាវ​កាស​នៃ​ប្រទេស​ប្រេ​ស៊ី​ល បានប្រកាសថា ព្រៃ​អា​ម៉ា​ហ្សូ​ន​ធំ​ជាង​ទីលាន​បាល់ទាត់​១​ដង​កន្លះ កំពុង​ត្រូវបាន​បំផ្លាញ​រាល់​នាទី ជា​រៀងរាល់ថ្ងៃ​។​
 
​ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​អ្នក​ផលិត​ឧស្ម័ន​អុកស៊ីសែន​២០​ភាគរយ វា​ប្រៀបបាន​ដូចជា សួត​របស់​ភពផែនដី​។ វា​ត្រូវបាន​គេ​ចាត់ទុកថា មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ដំណើរ​កាត់បន្ថយ​ការឡើង​កម្តៅ​ពិភពលោក​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNN​។ 
 
EarthAlliance ត្រូវបាន​បង្កើត​មូលនិធិ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បន្ទាន់​ជាមួយ​ទឹកប្រាក់ ៥​លាន​ដុល្លារ​សម្រាប់​ធនធាន​សំខាន់​របស់​សមាគមន៍​ជនជាតិដើម​ភាគតិច និង​ធ្វើការ​ជាមួយ​ដៃគូ​សហការ​ក្នុងស្រុក​ដើម្បី​ការពារ​ជីវចម្រុះ​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន នេះ​បើតាម​ការប្រកាស​របស់​អង្គការ​លើ​ទំព័រ Twitter កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​
 
​មូលនិធិ​របស់លោក Leonardo DiCarprio បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩៨ ហើយ​បានធ្វើការ​បរិច្ចាគ​លុយ​ជាង ១០០​លាន​ដុល្លារ ជា​ជំនួយ​ដល់​គម្រោង​នានា​នៅ​មហាសមុទ្រ​ទាំង​៥ និង​ទូទាំង​ទ្វីប​ទាំង​៧ យោងតាម​ការចុះផ្សាយរ​បស់​កាសែត July Press​។ 
 
Leonardo DiCarprio ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ច្រើន តាមរយៈ​តួអង្គ​ឯក​ក្នុង​រឿង Titanic ហើយ​តារាភាពយន្ត​ហូ​លី​វុ​ត និង​ជា​ម្ចាស់​ពានរង្វាន់​អូ​ស្តារ​រូបនេះ ក៏​ជា​អ្នក​បរិស្ថាន​និយម​ផងដែរ ជាពិសេស​ការចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា «Before the Flood»៕

Tag:
 ព្រៃ​អា​ម៉ា​ហ្សូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com