អន្តរជាតិ
លោក ត្រាំ ថា កិច្ច​ព្រៀម​ព្រៀង​ដ៏​ធំ​ជាមួយ​ជប៉ុន នឹង​លេច​រូបរាង​ឡើង​ឆាប់ៗ​
27, Aug 2019 , 8:59 am        
រូបភាព
ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី លោក ស៊ិន ហ្សូនអាបេ នៅក្នុងកិច្ចប្រជុំG7
ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី លោក ស៊ិន ហ្សូនអាបេ នៅក្នុងកិច្ចប្រជុំG7
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា អាមេរិក និង​ជប៉ុន គឺ​កាន់តែ​ជិត​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ហើយ​។ ការលើកឡើង​នេះ ធ្វើឡើង​មុនពេល​មាន​កិច្ចប្រជុំ​ជាមួយ​លោក ស៊ិន​ហ្សូ អា​បេ ក្រៅ​កិច្ចប្រជុំ​ប្រទេស​ជឿនលឿន​ទាំង​៧ (G7)​។​


 
«​វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​។ វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំជាងគេ​បំផុត ដែល​យើង​ធ្លាប់ធ្វើ​ជាមួយ​ជប៉ុន​»​។ នេះ​ជា​ពាក្យសម្តី​យ៉ាងខ្លី​របស់លោក ដូ​ណា​ល់ ត្រាំ​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៥ ខែសីហា។ លោក​ប្រធានាធិបតី បានបញ្ជាក់​ទៀតថា អាមេរិក និង​ជប៉ុន បានចរចា​អស់​រយៈពេល​៥​ខែ ហើយ​វា​ក៏​ជិត​សម្រេច​កិច្ចព្រមព្រៀង​ជាមួយគ្នា​ដែរ​។ 
 
​ជា​ការពិត​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ រីករាយ​នឹង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​នេះ​ណាស់ តែ​ជា​ញយៗ លោក​ត្រាំ និយាយថា ទីក្រុង​តូ​ក្យូ មាន​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ ទូរទស្សន៍​ជប៉ុន NHK បាន​ចុះផ្សាយ​ថា មន្ត្រី​មកពី​ប្រទេស​ទាំងពីរ ដែល​ទទួលបន្ទុក​ចរ​ចា​ក្នុង​កិច្ចការ​ពាណិជ្ជ​កម្មនេះ បាន​យល់ព្រម​ថា ជប៉ុន នឹង​យកពន្ធ​លើ​ផលិតផល​កសិកម្ម​អាមេរិក​ដល់​កម្រិត​មួយ ដែល​ខ្លួន​បាន​យក​ពី​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ា​ស៊ី​ហ្វិ​ក៏​ធំ​ទូលាយ ឬ​ហៅ​កាត់​ថា TPP ។ 
 
​យ៉ាងណាមិញ​ភាគី​ទាំងសងខាង ក៏​យល់ព្រម​គ្នា​ទៀតថា​ក្រុងតូ​ក្យូ នឹង​កាត់​បន្ថយពន្ធ​លើ​សាច់គោ និង​សាច់ជ្រូក ទាប​ជាង​កម្រិត​ពន្ធ​ក្នុង​ក្របខណ្ឌ TPP​។ បន្ថែម​ពីនេះ​ទៅទៀត ពួកគេ មិនបាន​កំណត់​កូតា​ថ្មី​លើ​ផលិតផល​បឺ​រ និង​ទឹកដោះ​គោះ​ស្រស់​នោះឡើយ​។​
 
​ចំណែក​អាមេរិក​វិញ នឹង​កាត់​បន្ថយពន្ធ​លើ​ផលិត​រោច​ក្រ​ឧស្សាហកម្ម​ជប៉ុន ប៉ុន្តែ​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​នៅតែមាន​ដដែល ហើយ​ទាមទារ​ឲ្យ​មាន​ការចរចា​រយៈពេល​យូរ ព្រោះ​លោក​ត្រាំ មើលឃើញថា ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ជប៉ុន​កំពុងមាន​បញ្ហា​។ 
 
​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​វ័យ​៧៣​ឆ្នាំ​រូបនេះ បានសម្រេច​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ាស៊ីហ្វិក​ដ៏​ធំ​ទូលាយ TPP កាលពី​ឆ្នាំ​២០១៧ ដោយសារតែ​ការមើលឃើញ​ពី​អតុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​សមាជិក​៕
 

Tag:
 អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com