ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ប្រចាំថ្ងៃ​ដែលមាន​ផល​អាក្រក់​ដល់​ខួរក្បាល ដែល​អ្នកធ្វើ​ដោយ​មិនដឹង​ខ្លួន​
27, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​ត្រូវបាន​បង្កើតឡើង​ដោយ​កោសិកា​ប្រហែល ១០០ ប៊ី​លាន​កោសិកា​។ ចំនួន​កោសិកា​ដ៏​ច្រើន​បែបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ខួរក្បាល​គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​នៃ​រាងកាយ​របស់​មនុស្ស​យើង​។ ហេតុដូច្នេះ​ហើយ​យើង​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បានល្អ​ចំពោះ​សុខភាព​សរីរាង្គ​មួយ​នេះ​។ អ្នកវិទ្យាសាស្ត្រ​និយាយថា ខួរក្បាល​មិន​ខុសគ្នា​នឹង​សាច់ដុំ​ឡើយ កាលណា​ប្រើប្រាស់​វា​កាន់តែច្រើន វា​កាន់តែខ្លាំង​។​


 
​យ៉ាងណាមិញ មាន​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ដែល​ត្រូវបាន​គេ​ដឹងថា អាចមាន​ផល​អាក្រក់​ដល់​សុខភាព​ខួរក្បាល​បាន​ដូចជា​៖
 
​ការជក់បារី​
​គ្រប់គ្នា​ដឹង​ហើយ​ថា ការជក់បារី​មាន​ផល​អាក្រក់​ខ្លាំង​ចំពោះ​បេះដូង និង​សួត​។ សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​ទៅលើ​សម្រស់​គឺ​ដឹង​ច្បាស់​អំពី​ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​មុន​អាយុ​។ ប៉ុន្តែ​អ្នកជំនាញ​បាន​រកឃើញថា ការជក់បារី​ក៏​អាចធ្វើ​ឲ្យ​ខួរក្បាល​រួញ​ស្វិត​ជាង​មុន​ដែរ ជាពិសេស​បង្ក​ភាព​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត និង​ភាព​ឆ្លាត​វៃ​របស់​ខួរក្បាល​តែម្តង​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​
 
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ដោយ​ស្ត្រី​បាន​មួយ​កែវ និង​បុរស​អាច​ដល់​ពីរ​កែវ​ក្នុង​មួយថ្ងៃ គឺ​ផ្តល់​សុខភាព​វិញ​ទាំង​ជាតិ​ស្ករ​ក្នុង​ឈាម ខួរក្បាល និង​បេះដូង​។ វា​នឹង​ក្លាយទៅជា​រឿង​ខុសគ្នា​ដាច់​វិញ​នៅពេល​អ្នក​ញ៉ាំ​ច្រើនពេក ជាពិសេស​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ខួរក្បាល​រួញ​ស្វិត​កាន់តែខ្លាំង​ដែរ​។ 

​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​
 
​វា​មិនមែនជា​រឿង​អាថ៌កំបាំង​ឡើយ​ដែល​យើង​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន ២​លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ធ្វើការ​។ ការបន្ត​ញ៉ាំ​ទឹកបាន​រហូត​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​កោសិកា ជាលិកា និង​សរីរាង្គ​ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ករណី​ដែល​អ្នក​មិន​ញ៉ាំ​ទឹក​គ្រប់​ទេ វា​ក៏​ងាយ​នឹងធ្វើ​ឲ្យ​ខួរក្បាល​ស្វិត​ដែរ​។ 
 
​ញ៉ាំ​ផ្អែម​ច្រើនពេក​
 
​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​ខួរក្បាល​គឺជា​តិ​ស្ករ​។ អាច​និយាយបានថា ស្ទើរតែ ៥០​ភាគរយ​ហើយ​នៃ​ជាតិ​ស្ករ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវបាន​ខួរក្បាល​ប្រើប្រាស់​ដើម្បី​បង្កើត​ថាមពល​ខ្លួនឯង ហើយ​វា​ក៏​ជា​អ្វីដែល​ជំរុញ​ដល់​ការងារ​របស់​ខួរក្បាល​ធ្វើការ​ដែរ​។ ជា​អកុសល វត្តមាន​ស្ករ​ច្រើនពេក​ក៏​មិនល្អ​ចំពោះ​ខួរក្បាល​ដែរ​។ ការសិក្សា​បានបង្ហាញ​ថា ការ​ញ៉ាំ​ស្ករ​ច្រើន អាចធ្វើ​ឲ្យ​ខូចខាត​ដល់​កន្លែង​ទំនាក់ទំនង​គ្នា​រវាង​កោសិកា​មួយ​ទៅ​កោសិកា​មួយ (Synapse) ហើយក៏​នាំ​ឲ្យ​ខួរក្បាល​មិន​ទទួលទាន​អុកស៊ីសែន និង​ជីវជាតិ​គ្រប់គ្រាន់​ទៀត​ដែរ​។ 
 
​ចូលចិត្ត​គេង​យក​អ្វីមួយ​គ្រប​ក្បាល​
 
​ការ​គេង​ច្រើនពេក​ក្នុង​មួយ​យប់​មិនមែន​មានន័យថា​ខួរក្បាល​មិនមាន​គ្រោះថ្នាក់​នោះទេ​។ តើ​អ្នកមាន​ដឹង​ទេ​ថា កំលុងពេល​គេង ចូលចិត្ត​យក​អ្វី​គ្រប​ក្បាល អាច​បង្ក​គ្រោះថ្នាក់​ធំ​មួយ​ដល់​ខួរក្បាល​ទេ​? ការធ្វើ​បែបនេះ នឹង​ជំរុញ​ដល់​ការ​បឺត​ស្រូប​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចូលទៅក្នុង​សួត​ច្រើនជាង​អុកស៊ីសែន ដូច្នេះ​វា​មិន​គ្រាន់តែ​ផ្តល់​អុកស៊ីសែន​មិន​គ្រប់​ទេ តែ​ខួរក្បាល​ដែល​ត្រូវការ​អុកស៊ីសែន​ច្រើន​នោះ​ក៏​មិន​គ្រប់​ដែរ​។ ដូច្នេះ​លទ្ធផល​មិនបាច់​និយាយ​ក៏​អ្នក​អាច​យល់​បានដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com