ជាតិ
២៥ខេត្ត/រាជធានី
«មាន់និងទា» កែប្រែជីវភាពគ្រួសារកសិករ គង់ ស៊ីថា ដែលបរាជ័យក្នុងមុខរបរចិញ្ចឹមជ្រូក
× កំពង់ចាម៖ ក្រោយទទួលបានជោគជ័យជាមួយនឹងមុខរបរចិញ្ចឹមជ្រូកក្នុងរយៈពេលខ្លី កសិករ គង់ ស៊ីថា ចាប់ផ្តើមខាតដើម ដោយឈ្មួញកណ្តាលបានទម្លាក់តម្លៃជ្រូក រហូតធ្វើឲ្យអ្នកស្រីបង្ខំចិត្តប្តូរមុខរបរថ្មី។ មុខរបរថ្មីដែលអ្នកស្រី ស៊ីថា ចាប់ផ្តើមនោះគឺការចិញ្ចឹមមាន់និងទា។ រយៈពេលជិត២ឆ្នាំនៃមុខរបរថ្មី ធ្វើឲ្យកសិកររស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម រូបនេះ អាចរកចំណូលបានជាមធ្យម៥០០ដុល្លារក្នុងមួយខែ។ ចំណូលនេះបានផ្លាស់ប្តូរជីវភាពគ្រួសារកសិករវ័យ៥៤ឆ្នាំ គង់ ស៊ីថា ដែលបរាជ័យក្នុងមុខរបរចិញ្ចឹមជ្រូកកាលពី២ឆ្នាំមុន។
ជ្រូកធ្លាក់ថ្លៃ ដោយឈ្មួញកណ្តាលទម្លាក់តម្លៃ បានធ្វើឲ្យកសិករ គង់ ស៊ីថា មិនអាចទប់នឹងចំណាយថ្លៃដើមបាន ហើយអ្នកស្រីបានសម្រេចចិត្តងាកមកចាប់មុខរបរចិញ្ចឹមមាន់និងទា នៅឆ្នាំ២០១៧។ ការចាប់ផ្តើមមុខរបរថ្មី អ្នកស្រី ស៊ីថា យកបទពិសោធពីការចិញ្ចឹមជ្រូកបានជោគជ័យក្នុងរយៈពេលខ្លី ដែលបានរៀនពីអ្នកជំនាញមកពីអាមេរិកនិងប្រទេសថៃ មកបម្លែងជាការចិញ្ចឹមមាន់និងទា វិញ។ បើទោះជា បច្ចេកទេសមួយចំនួនខុសគ្នាទៅនឹងការចិញ្ចឹមមាន់និងទា ក៏ពិតមែន តែមិនមែនជាឧបសគ្គធំដុំសម្រាប់អ្នកស្រីឡើយ។ អ្វីដែលសំខាន់គឺ ការចិញ្ចឹមមាន់និងទា នេះ មានតម្រូវការទីផ្សារច្រើន ហើយមានម៉ូយមកទិញដល់ផ្ទះរបស់អ្នកស្រី ស៊ីថា មិនដូចកាលដែលអ្នកស្រីនៅចិញ្ចឹមជ្រូកនោះទេ។
«មាន់និងទា ងាយស្រួលលក់ជាង! ហៅគេមកថ្មើរណា គេមកថ្មើរហ្នឹង»។ នេះជាការបញ្ជាក់របស់កសិករគង់ ស៊ីថា ដែលរស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស្ត្រីវ័យ៥៤ឆ្នាំរូបនេះ បានបន្ថែមថា អ្នកស្រីអាចរកចំណូលជាមធ្យមបានជាង ៥០០ដុល្លារពីការចិញ្ចឹមមាន់និងទា ដោយមាន់មួយគីឡូក្រាម អាចលក់បាន១៨,០០០រៀល។ សម្រាប់ទាវិញ អាចលក់បានតម្លៃត្រឹមតែ១២,០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ តម្លៃនេះ មិនរាប់បញ្ចូលជាមួយមាន់ពូជ ដែលអ្នកស្រីអាចលក់បានតម្លៃពី ១០ម៉ឺនទៅ ២០ម៉ឺនរៀលក្នុងមួយក្បាល អាស្រ័យទៅតាមពូជរបស់វានោះទេ។
ជាកសិករចិញ្ចឹមមាន់និងទាជោគជ័យម្នាក់ អ្នកស្រី គង់ ស៊ីថា បានភ្ញាស់កូនមាន់ដោយខ្លួនឯង និងត្រូវថែទាំ ឲ្យចំណីរហូតដល់ឈានដល់សប្តាហ៍ទី៥ ទើបអ្នកស្រីលែងឲ្យវាដើរស៊ីចំណីតាមបែបធម្មជាតិនៅជុំវិញផ្ទះ។ ទន្ទឹមនឹងមានមេមាន់ប្រមាណ១០០ក្បាល សម្រាប់ភ្ញាស់យកកូន អ្នកស្រីក៏មានចិញ្ចឹមទារាប់សិបក្បាលផងដែរ។ យ៉ាងណា ចំពោះការចិញ្ចឹមទា អ្នកស្រី ស៊ីថា បានឲ្យដឹងថា មានភាពងាយស្រួលជាងចិញ្ចឹមមាន់ ព្រោះមិនចាំបាច់ចាក់វ៉ាក់សាំងដូចមាន់ឡើយ។
មុខរបរថ្មីដែលប្តូរពីការចិញ្ចឹមជ្រូក មកចិញ្ចឹមមាន់និងទា វិញនោះ បានកែប្រែជីវភាពគ្រួសាររបស់អ្នកស្រី គង់ ស៊ីថា ឲ្យមានភាពប្រសើរឡើងវិញ។ មានវ័យ៥៤ឆ្នាំ អ្នកស្រីបានត្រៀមខ្លួនសម្រាប់ផ្ទេរមុខរបរមួយនេះឲ្យកូនរបស់អ្នកស្រីរួចហើយ ហើយអ្នកស្រីក៏បានបើកចិត្តទូលាយសម្រាប់អ្នកភូមិ និងកសិករដទៃទៀត ដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមមាន់និងទា អាចមករៀនជាមួយអ្នកស្រី គង់ ស៊ីថា បាន៕
Tag:
ចិញ្ចឹម
មាន់
ទា
កសិកម្ម
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com