អន្តរជាតិ
ប្រេ​ស៊ី​ល​បដិសេធ​ជំនួយ​ពី​ក្រុម​ប្រទេស​G7 ក្នុងការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​
27, Aug 2019 , 3:40 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោកOnyx Lorenzoni, លោកលោកJair Bolsonaro និងលោកRicardo Salles
ពីឆ្វេងទៅស្តាំ៖ លោកOnyx Lorenzoni, លោកលោកJair Bolsonaro និងលោកRicardo Salles
​ប្រេ​ស៊ី​ល​ នៅ​ថ្ងៃទី​២៦ ខែសីហា បាន​បដិសេធ​មូលនិធិពី​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7) ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត មន្ត្រីជាន់ខ្ពស់​របស់​ប្រេ​ស៊ី​ល​ថែមទាំង​ប្រាប់​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ា​ក្រុង ឲ្យ​មើលថែ​ប្រទេស និង​ដែនដី​អាណានិគម​របស់ខ្លួន​ថែមទៀត​។


 
​បន្ទាប់ពី​មានការ​ទាស់សម្តី​គ្នា​រវាង​ប្រធានាធិបតី​បារាំង និង​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រឿង​ប្រពន្ធ​រួចមក អ្វីៗ​ផ្លាស់ប្តូរ​ទាំងអស់​។ ​ជំនួយ​ពី​ក្រុម​ប្រទេស G7 ប្រមាណ​ជា ៣០​លាន​ដុល្លារ ត្រូវបាន​ប្រេ​ស៊ី​ល​បដិសេធ​មិន​ទទួលយក​។ 
 
​«យើង​រីករាយ​នឹង​ទទួល​សំណើ​នោះ ប៉ុន្តែ​មូលនិធិ​ទាំងនោះ​ទុក​សម្រាប់​ស្តារ​ព្រៃ​នៅ​អឺរ៉ុប​ល្អ​ជាង​។» នេះជាការលើកឡើងរបស់មន្រ្តីប្រេស៊ីល។ ដោយនិយាយ​ចំអក​ប្រាប់​គេហទំព័រ​សារព័ត៌មាន G1 លោក​Onyx Lorenzoni ជា​នាយខុទ្ទកាល័យ​រប​ស់លោក ជែ បុល​សូ​ណា​រ៉ូ​(Jair Bolsonaro) លើកឡើងថា​៖ «​លោក​ម៉ា​ក្រុង មិនអាច​បញ្ចៀស​ភ្លើង​ឆេះ​នៅ​ព្រះវិហារ​កាតូលិក Notre-Dame បានទេ ហើយ​នោះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ម្តេច​គាត់​ហ៊ាន​បង្រៀន​ប្រទេស​របស់​ពួកយើង​»​។ 
 
​​លោក​រដ្ឋមន្ត្រី​បរិស្ថាន​ប្រេ​ស៊ី​ល Ricardo Salles បាន​ប្រាប់​អ្នកយក​សារព័ត៌មានរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP ​តាំងពីដើម​មក​ថា លោក​សា​រទ​ចំពោះ​មូលនិធិ​របស់​ក្រុម​ប្រទេស G7 ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ  ៩៥​ម៉ឺន​ហិក​តា ខណៈប្រេស៊ីលក៏បាន​បញ្ជូន​យោធា​ទៅ​ជួយ​ពន្លត់រួចហើយដែរ​។ 
 
​ប៉ុន្តែ​អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ​ក្រោយពេល​លោក​ប្រធានាធិបតី ជែ បុល​សូ​ណា​រ៉ូ​(Jair Bolsonaro) កោះប្រជុំ​គណៈរដ្ឋមន្ត្រី​។ ទាក់ទង​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រី​បរិស្ថាន​ប្រេ​ស៊ី​ល​ដដែល​គូសបញ្ជាក់ថា ប្រេ​ស៊ី​ល​គឺជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ សេរី និង​មិន​ធ្លាប់​អនុវត្ត​ការដាក់​អាណានិគមនិយម និង​ចក្រពត្តិនិយម​ឡើយ ប្រហែល​នេះ​ជា​កម្មវត្ថុ​នៃ​ជនជាតិ​បារាំង​ដូច​លោក​ ម៉ា​ក្រុង ​ហើយ​។ 
 
​សូមបញ្ជាក់ថា ក្រោយលោក​ជែ បុល​សូ​ណា​រ៉ូ និង​លោក ម៉ា​ក្រុង​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ឌឺដង​គ្នា​រួចមក មូលនិធិ ដែល​ត្រូវបាន​ចូលរួម​ពី​សំណាក់​ក្រុម​ប្រទេស​G7 ត្រូវបាន​ប្រេ​ស៊ី​ល​បដិសេធ​ទៅ៕ 

Tag:
 ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com