អន្តរជាតិ
អតីត​មេ​ប៉ូលិស​ហ្វីលីពីន​ថា​ត្រូវការ​យុវជន​ហាត់​ទ័ព បង្ការ​ករណី​ចិន​ឈ្លានពាន​
27, Aug 2019 , 4:36 pm        
រូបភាព
 អតីតអគ្គស្នងការប៉ូលិសជាតិហ្វីលីពីន លោក Ronald dela Rosa
អតីតអគ្គស្នងការប៉ូលិសជាតិហ្វីលីពីន លោក Ronald dela Rosa
ដោយ:
​អតីត​អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក Ronald dela Rosa លើកឡើងថា ហ្វីលីពីន ត្រូវមាន​ការហ្វឹកហាត់​យោធា​ដោយ​តម្រូវ​តាមច្បាប់​មួយ​សម្រាប់​យុវជន ក្នុងករណី​ចិន​ចូល​ឈ្លានពាន​។ ការលើកឡើង​បែបនេះ ជា​រឿង​ដ៏​ក្លាហាន​មួយ ដ្បិតថា​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ហ្វីលីពីន​ណា​ម្នាក់ ធ្លាប់​យក​ចិន​មក​ធ្វើជា​ឧទាហរណ៍​បញ្ជាក់​ដូចនេះ​ឡើយ​។ 

 
​បច្ចុប្បន្ន មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន និង​ជាម​នុស្ស​ជំនិត​របស់លោក​ប្រធានាធិបតី​ហ្វី​លី​ី​ពី​ន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ផង​នោះ លោក Ronald លើកឡើង​បែបនេះ​អំឡុងពេល​ការតស៊ូ​មតិ​នៅ​ព្រឹទ្ធសភា​ជុំវិញ​សេចក្តីព្រាងច្បាប់​មួយ ដែល​តម្រូវ​ឲ្យ​និស្សិត​ទាំងអស់​ចូលរួម​ដោយ​ខានមិនបាន ក្នុង​ង​កម្មវិធី​ហ្វឹកហ្វឺន​យោធា ហៅថា «Reserve Officers’ Training Corps (ROTC)» ។  


លោក Ronald dela Rosa  និងប្រធាធិបតីហ្វីលីពីន ឌូទើតេ 
 
«​អ្នកឯង ស្រឡាញ់​ប្រទេស​អ្នក​?» លោក Ronald ស្រែក​បែបនេះ​ទៅកាន់​មេដឹកនាំ​និស្សិត​ម្នាក់ ឈ្មោះថា Raoul Manuel ដែល​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ខាងលើ​។ លោក​បន្ត​៖ «​នៅពេល​ចិន វាយប្រហារ​យើង […] តើ​អ្នកណា​នឹងត្រូវ​ចេញមុខ​ប្រយុទ្ធ​ជាមួយ​ពួក​ចិន​ទាំងនោះ​?​។ អ្នកឯង​នឹង​ទៅ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ហ្វី​លី​ី​ពី​ន​ឬ​?»​។ 
 
​អាច​ថា​ពុំមែន​ជា​លើកទីមួយ​ឡើយ​។ លោក ឌូ​ទើ​តេ ក៏​ធ្លាប់​លើកឡើង​ស្រដៀង​គ្នា​នេះ​ផងដែរ អំឡុងពេល​កាន់តំណែង​ជា​អភិបាលក្រុង  Davao ហើយ​កាលនោះ​លោក​កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​កៅអី​ប្រធាន​ធិបតី ក្នុង​ឆ្នាំ​២០១៦​។ យោងតាម​ប្រភព​មួយចំនួន លោក ឌូ​ទើ​តេ បាន​អះអាងថា លោក​គាំទ្រ​ការហ្វឹកហាត់​យោធា ROTC ដែល​តម្រូវ​តាមច្បាប់ ដោយ​លើក​ហេតុផល វា​នឹង​ពង្រឹង​កម្លាំងយោធា​ហ្វីលីពីន ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ចិន​ក្នុង​សមុទ្រ​ហ្វីលីពីន​ខាងលិច​។ 
 
​យ៉ាងណាមិញ ក្រោយ​ឈ្នះ​ការបោះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​មក ទីប្រឹក្សា​លោក​ម្នាក់  បាន​លើកឡើងថា លោក ឌូ​ទើ​តេ និយាយ​នៅពេលនោះ គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ​។ ហើយ​បន្ទាប់ពី​ផ្តើម​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ចិន​មក លោក ឌូ​ទើ​តេ ឈប់​ប្រើប្រាស់​ឧទាហរណ៍​ចិន​ឈ្លានពាន​ដើម្បី​បញ្ជាក់​ភាពចាំបាច់​នៃ​កម្មវិធី​ហ្វឹកហ្វឺន​យោធា ROTC ទៀតហើយ​។ 
 
​ប្រាប់​កាសែត​ហុងកុង South China Morning Post ប្រវត្តិវិទូ​យោធា​ហ្វីលីពីន Ricardo Jose លើកឡើងថា កម្មវិធី​នេះ នឹង​ពុំមាន​ប្រយោជន៍​ឡើយ ប្រសិនបើ​ត្រូវអនុវត្ត​វិធីសាស្ត្រ​ដូចគ្នា​ទៅនឹង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ លោក បន្តថា កម្ម​វិថី ROTC បានចាប់ផ្តើម​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩១២ ហើយ​វា​លែង​ជា​កាតព្វកិច្ច​ចាំបាច់​តាមផ្លូវ​ច្បាប់​សម្រាប់​យុវជន​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។ នេះ​មានន័យ ហើយ​ចន្លោះ​ឆ្នាំ ១៩៧២ និង ១៩៨៦ អតីត​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos បាន​ប្រើប្រាស់​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​ការដឹកនាំ​ផ្តាច់ការ​របស់លោក​៕
 

Tag:
 ចិន​
  ហ្វីលីពីន​
  យុវជន​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com