អន្តរជាតិ
អាមេរិក យល់ព្រម​លក់​ខែល​ការពារ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ឲ្យ​ជប៉ុន​តម្លៃ​៣,៣​ពាន់​លាន​ដុល្លារ​
28, Aug 2019 , 7:19 pm        
រូបភាព
ប្រភពAFP
ប្រភពAFP
​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៧ ខែសីហា បាន​យល់ព្រម​លក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ក្នុងតម្លៃ ៣,៣​ពាន់​លាន​ដុល្លារ​ឲ្យ​ជប៉ុន ដើម្បី​ការពារ​ពី​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ រយៈពេល​ចុងក្រោយ​នេះ បាញ់​សាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី ៧​ដង​រួចមកហើយ ដែល​នោះ​ពិត​គំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​របស់​ជប៉ុន​។


 
​ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ SM-3 Block IIA ទៅ​ឲ្យ​ជប៉ុន គឺ​ក្រោយពេល​កូរ៉េខាងជើង​បាន​ពង្រីក​សមត្ថភាព​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​របស់ខ្លួន តាមរយៈ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី មធ្យម និង​ឆ្ងាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​។ ជាពិសេស មី​ស៊ី​ល​ប្រភេទ​នេះ អាច​បំពាក់​នុយក្លេអ៊ែរ និង​អាច​វាយប្រហារ​ទាំង​ជប៉ុន និង​អាមេរិក​បាន​គ្រប់ពេល​។ 
 
​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP មន្ទី​បញ្ច​កោណ​អាមេរិក បាន​និយាយថា ជប៉ុន​នឹង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​ក្រុមហ៊ុន Raytheon រហូតដល់​៧៣​គ្រឿង ដែល​បាញ់​ចេញពី​នាវាចម្បាំង​។ បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រព័ន្ធ​ការពារ​មី​ស៊ី​ល SM-3 Block IIA គឺជា​ប្រភេទ​មី​ស៊ី​ល ដែល​អាច​ទប់ស្កាត់​ពី​ការហោះ​របស់​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​។ 
 
​អាមេរិក​មិន​ត្រឹមតែ​យល់ព្រម​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឲ្យ​ជប៉ុន​ទេ តែ​ថែមទាំង​យល់ព្រម​លក់​ឲ្យ​ហុង​ការី កូរ៉េខាងត្បូង លី​ទុយ​អា​នី និង​ដា​ណឺ​ម៉ាក រហូតដល់​៩៤៣​លាន​ដុល្លារ​ផងដែរ​។ 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី ៧​ដង​មកហើយ​។ ម្យ៉ាងវិញទៀត សមត្ថភាព​របស់​មី​ស៊ី​ល​ទាំងនោះ អាច​បាញ់​កម្ទេច​ជប៉ុន​គ្រប់ពេល​៕ 

Tag:
 អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com