ជាតិ
លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ ៖ មុន​ប្រើ​ផលិតផល​ថែរក្សា​ស្បែក ពលរដ្ឋ​ត្រូវ​ស្គាល់​ពី​ប្រភេទ​ស្បែក​ខ្លួន​សិន​
28, Aug 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ មុន​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក ពលរដ្ឋ​ត្រូវ​ស្គាល់​ពី​ប្រភេទ​ស្បែក​ខ្លួនឯង​សិន ដើម្បី​បញ្ចៀស​បញ្ហា​ជំងឺ​សើ​ស្បែក ។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី​។​

 
​លោក ហែ​ន ភារៈ បាន​ពន្យល់ថា ស្បែក​របស់​មនុ​ស្សមាន​ចំនួន​៤​ប្រភេទ គឹ​ស្បែក​ឆាប់​ប្រតិកម្ម , ស្បែក​ខ្លាញ់​, ស្បែក​ស្ងួត និង​ស្បែក​ធម្មតា​។ ត្រង់ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត​ជំនាញ​សើ​ស្បែក​រូបនេះ បាន​និយាយថា ស្បែក​ឆាប់​ប្រតិកម្ម គឺជា​ស្បែក ដែល​ពិបាក​នឹង​ប្រើប្រាស់​ផលិតផល​ថែរក្សា ដោយសារ​ស្បែក​ប្រភេទ​នេះ មាន​លក្ខណៈ​ស្ដើង​និង​ក្រហម​ពី​កំណើត ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ស្បែក​។ ចំណែក​បញ្ហា​ស្បែក​ខ្លាញ់​វិញ លោក ភារៈ បាន​ពន្យល់ថា ស្បែក​ប្រភេទ​នេះ គឺ​បណ្ដាលមកពី​ក្រពេញ​ខ្លាញ់​ផលិត​ច្រើន​ខុសពី​ធម្មតា ដែល​ធ្វើឱ្យ​ប្រឈម​បញ្ហា​ស្ទះ​គល់​រោម និង​ងាយ​កើតមុន​លើ​ផ្ទៃមុខ​។ 
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី ដូចតទៅ​៖



 
​រីឯ​បញ្ហា​ស្បែក​ស្ងួត​វិញ អាចធ្វើឱ្យ​ងាយ​ប្រឈមមុខ និង​បញ្ហា​សើ​ស្បែក និង​អាលែកហ្ស៊ី​ដែរ នៅពេលដែល​ប្រើប្រាស់​ផលិតផល​ថែរក្សា ឬ​បកស្បែក​ច្រើន​។ សម្រាប់​ស្បែក​ធម្មតា គឺជា​ប្រភេទ​ល្អ ដែល​មិន​ងាយ​រង​ផលប៉ះពាល់​ស្បែក ដោយសារ​ការប្រើប្រាស់​ផលិតផល​ថែរក្សា​នោះទេ ក្នុងករណី​ជ្រើសរើស​ផលិតផល​ណា ដែលមាន​ការអនុញ្ញាត និង​បញ្ជាក់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​ស្គាល់​ពី​ប្រភេទ​ស្បែក​ខ្លួន​សិន មុន​ជ្រើសរើស​ផលិតផល​អ្វីមួយ​ប្រើប្រាស់​។​
 
​ក្រៅពី​បញ្ហា​យល់ដឹង​លើ​សុខភាព និង​សម្រស់​របស់​ប្រជាពលរដ្ឋ​នេះ លោក ហែ​ន ភារៈ ក៏​ស្នើឱ្យ​គ្រូពេទ្យ និង​ឱសថការី ជួយ​អប់រំ និង​ណែនាំ​ពលរដ្ឋ​ពី​ផលិតផល​ណា ដែល​ប៉ះពាល់​ដល់​សុខភាព​ស្បែក នៅពេលដែល​ពួកគេ​ចង់​ទិញ​ផលិតផល​ថែរក្សា​សម្រស់​ពី​គ្រឹះស្ថាន​ឱសថ​ខ្លួន ។ ជាពិសេស​កុំ​លក់​ផលិតផល​ណា ដែល​ក្រសួងសុខាភិបាល ហាម​ប្រើប្រាស់​ហួស​កម្រិត​ទៅឱ្យ​ពលរដ្ឋ ដែលនាំឱ្យ​ពួកគេ​ប្រឈមមុខ​បញ្ហា​ជំងឺ​នា​ថ្ងៃ​អនាគត​។ បើតាម​លោក ភារៈ អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ក្រសួង​ជំនាញ ក៏ត្រូវ​រឹតបន្ដឹង និង​អនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឹងម៉ាត់​ចំពោះ​អ្នកលក់​ផលិតផល​ថែរក្សា​ផងដែរ​៕

Tag:
 ហែ​ន ភារៈ​
  ជំងឺ​សើ​ស្បែក​
  ផលិតផល​
  គ្រូពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com