អន្តរជាតិ
ថៃ​គ្រោង​ទិញ​រថពាសដែក​១២០​គ្រឿង​ពី​អាមេរិក​
29, Aug 2019 , 8:19 pm        
រូបភាព
រថពាសដែក Stryker ដែលយោធាថៃទិញពីអាមេរិក។ រូបភាព U.S. Army
រថពាសដែក Stryker ដែលយោធាថៃទិញពីអាមេរិក។ រូបភាព U.S. Army
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​យោធា​ថៃ គ្រោង​ទិញ​រថពាសដែក​របស់​អា​មេ​រិ​ក​ចំនួន​១២០ នៅត្រឹម​ឆ្នាំ​២០២០​។ នេះ​បើតាម​ប្រភព​ក្រសួងការពារជាតិ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២៨ ខែសីហា​។ រថពាសដែក​ចំនួន​១០ នឹង​មកដល់​ថៃ​នៅ​ខែក្រោយ​នេះ​។​

 
​រថពាសដែក​ទាំង​១២០​គ្រឿង​ដែល​យោធា​ទិញ​ពី​អាមេរិក ជា​ប្រភេទ​រថពាសដែក​ធុន Stryker ។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​អាមេរិក Bloomberg ។ កន្លងទៅ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ លោក Apirat Kongsompong និយាយថា រថពាសដែក ចំនួន​៧០​គ្រឿង​នឹង​បញ្ជូនមក​ថៃ​នៅ​ចុង​ឆ្នាំនេះ និង​ចំនួន​៥០​គ្រឿង​នៅ​ឆ្នាំក្រោយ​។ 
 
​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​នៅក្នុង​ការទិញ​នេះ​ទេ ហើយក៏​មិន​បញ្ជាក់​ពី​ប្រភេទ​ដែរ​។  រថពាសដែក​ទាំងអស់​នេះ នឹង​ទុក​នៅ​មូលដ្ឋាន​យោធា Chachoengsao ដែល​នៅ​ខាងកើត​នៃ​ទីក្រុង​បាងកក​។ 
 
​ជុំវិញ​រថពាសដែក​៧០​គ្រឿង​ដែល​មកដល់​នៅ​ឆ្នាំ​២០១៩ ក្រសួងការពារជាតិ​ថៃ​អះអាងថា​ទៀតថា ថៃ​នឹង​បង់ប្រាក់​សំរាប់​រថក្រោះ​តែ​៤៧​គ្រឿង​ប៉ុណ្ណោះ ហើយ​រថក្រោះ​ចំនួន​២៣​ទៀត​គឺជា​ជំនួយ​របស់​អាមេរិក​ស​ម្រា​ប់​ឆ្នាំនេះ​។ ឯ​រថក្រោះ​ចំនួន​៥០​ទៀត ថៃ​នឹង​បន្ត​ទិញ​នៅ​ឆ្នាំក្រោយ​បន្ថែមទៀត​។ អាមេរិក​ក៏​នឹង​ជួយ​បង្ហាត់​យោធា​ថៃ​ពី​របៀប​នៃ​ការប្រើប្រាស់​រថពាសដែក​នេះ​ផងដែរ​។​
 
​កាលពី​ខែកក្កដា​កន្លងទៅ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ខ្លួន​បានផ្ដល់​ភ្លើង​ខៀវ​ដល់​ការលក់​រថពាសដែក Stryker នេះ​និង​ឧបករណ៍​មួយចំនួន ដែលមាន​តម្លៃ​ប្រហែល​១៧៥​លាន​ដុល្លារ​។ 
 
​អាមេរិក​បាន​បាន​ផ្អាក​ការ​ផ្តល់ជំនួយ​ផ្នែក​យោធា​ដល់​ថៃ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤ ដោយសារ​តែមាន​ការធ្វើ​រដ្ឋប្រហារ​។ ក្នុង​របប​គ្រប់គ្រង​យោធា​នាពេលនោះ ថៃ​បាន​ទិញ​គ្រឿង​សព្វាវុធ​ពី​ចិន​ជំនួស​អាមេរិក​។ មិន​ត្រឹមតែ​ទិញ​គ្រឿង​សព្វាវុធ​ពី​ចិន​ទេ ពេលនោះ​ថៃ​បានគ្រោង​នឹង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​ចិន​ទៀតផង​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ថៃ បានល្អ​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​មានការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំនេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com