កីឡាជាតិ
ជាតិ
លោក អ៊ួ តារា នឹង​ចែករំលែក​ពី​គុន​ល្បុក្កតោ ពេលធ្វើ​វាគ្មិន​ក្នុង​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ​នៅ​កូរ៉េ​
30, Aug 2019 , 8:29 am        
រូបភាព
លោក អ៊ួ តារា​ នឹងធ្វើជាវាគ្មិនក្នុងមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ
លោក អ៊ួ តារា​ នឹងធ្វើជាវាគ្មិនក្នុងមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ
ដោយ:
​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នឹង​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ តួឯក​ក្នុង​រឿង Jailbreak ការពារ​ឧក្រិដ្ឋជន​រូបនេះ ត្រូវ​ឆ្លើយ​សំនួរ​តំណាង​មកពី​ប្រទេស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គុន​ល្បុក្កតោ​ក្នុង​វិស័យ​ភាពយន្ត​។ នេះ​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ និង​ពង្រីក​វិសាលភាព​គុន​ល្បុក្កតោ​នៅលើ​ឆាក​អន្តរជាតិ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​គុន​ល្បុក្កតោ​មាន​ទីផ្សារ​កាន់តែច្រើន​ក្នុង​វិស័យ​ភាពយន្ត ជាពិសេស​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ហាត់​កីឡា​នេះ​កាន់តែច្រើន​។​

 
​លោក អ៊ួ តារា តួឯក​ក្នុង​រឿង Jailbreak ការពារ​ឧក្រិដ្ឋជន ដែលជា​ភាពយន្ត Action មាន​លក្ខណៈ​វាយ​ទាត់​ធាក់​លំដាប់​អន្តរជាតិ ត្រូវ​មហោស្រព​ភាពយន្ត​ក្បាច់គុន International Martial Art Film Festival អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន តំណាង​ឲ្យ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។ តារា នឹង​ឆ្លើយ​សំណួរ​ជាច្រើន ដែលជា​ការ​ចោទសួរ​របស់​តំណាង​មកពី​ប្រទេស ដែលមាន​ក្បាច់គុន​វប្បធម៌​ប្រពៃណី​ជាច្រើន ពាក់ព័ន្ធ​ពី​របៀប​ថត​ភាពយន្ត Action នៅ​កម្ពុជា​ដោយ​ប្រើ​គុន​ល្បុក្កតោ និង​ជ្រើសរើស​ក្បាច់គុន​នេះ ដើម្បី​ថត​រឿង​ជាដើម​។ 


 
«​ដោយសារ​កម្ពុជា​យើង​មាន​ក្បាច់គុន​នៅក្នុង​វិស័យ​ភាពយន្ត ដូចជា​ល្បុក្កតោ​នៅក្នុង​រឿង Jailbreak ដែលជា​រឿង​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ ដែល​បាន​ចាក់ផ្សាយ​នៅ​កូរ៉េ​ផង និង​អឺរ៉ុប​ផង ទើប​គេ​ជ្រើសរើស​យើង​ទៅ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​របស់គេ និង​ធ្វើជា​វាគ្មិន ដើម្បី​ចែករំលែក​ពីបទ​ពិសោធ​ថា តើ​ការផលិត​ភាពយន្ត Action នៅ​ខ្មែរ​វា​យ៉ាងម៉េច​ខ្លះ​។ ព្រោះ​ការថត​ភាពយន្ត​នៅតាម​ប្រទេស​នីមួយៗ​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​កាលៈទេសៈ និង​សម្ភារ​បច្ចេកទេស​មួយចំនួន​»​។ នេះ​ជាការ​រៀបរាប់​របស់លោក អ៊ួ តារា ពី​មូល​ហេតុដែល​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ​ជ្រើសរើស​រូបលោក​ឲ្យ​ធ្វើជា​វាគ្មិន​។​
 
​លោក​បាន​បន្ថែមថា​៖«​មួយទៀត គេ​ចង់ដឹងថា តើ​ហេតុអ្វី​បានជា​យើង​ជ្រើសរើស​គុន​ល្បុក្កតោ​ក្នុង​ការថត​ភាពយន្ត​? និង​ពី​របៀប​ថត​ភាពយន្ត​ក្បាច់គុន គឺ​គេ​ចង់ដឹង​លម្អិត​ពី​យើង​ផ្ទាល់ ដែលមាន​បទពិសោធ​ក្នុង​ការថត និង​ផលិត​ភាពយន្ត​»​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​រូបនេះ​រំពឹងថា តាមរយៈ​កម្មវិធី​នឹង​ជួយ​ឲ្យ​គុន​ល្បុក្កតោ​មាន​ទីផ្សារ​ក្នុង​ភាពយន្ត​កាន់តែច្រើន ពិសេស​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ហ្វឹកហាត់​ក្បាច់គុន​វប្បធម៌​ប្រពៃណី​មួយ​នេះ​កាន់តែច្រើន​ផងដែរ​។ 
 
​ក្រៅពី​ការចូលរួម​ធ្វើ​វាគ្មិន​ក្នុង​មហោស្រព​ភាពយន្ត​ក្បាច់គុន​របស់លោក អ៊ួ តារា ក្រុម​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​៦​រូប​ត្រូវ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ដោយឡែក​ពីរ​ទៀត គឺ​ការប្រកួត The 2019 International Martial Arts contest និង​ការប្រកួត​ប្រយុទ្ធ​គុនដំបង​ខ្លី ARNIS Pre – SEA Games​។​


ប្រតិភូ គ្រូបង្វឹក និងកីឡាករថតរួមគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំំពេញ មុនចាកចេញទៅកូរ៉េ, រូបថតពីសហព័ន្ធគុនល្បុក្កតោ 
 
​សម្រាប់​លោក អ៊ួ តារា បានចាត់ទុក​ការចូលរួម​ប្រកួត​នេះ គឺជា​ឱកាស​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេសរ​បស់​កីឡាករ​កីឡាការិនី​កម្ពុជា និង​បង្ហាញ​ពី​សក្តានុពល​របស់​កីឡា​គុន​ល្បុក្កតោ ពិសេស​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ឲ្យ​អន្តរជាតិ​ស្គាល់​តែ​ច្បាស់​ថែមទៀត​។ លើសពី គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ 
 
​ព្រឹត្តិការណ៍​ប្រកួត​ទាំងពីរ​និង​មហោស្រព​ភាពយន្ត​ក្បាច់គុន International Martial Art Film Festival ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃទី​៦ កញ្ញា ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ព្រឹត្តិការណ៍​មហោស្រព​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​អន្តរជាតិ រៀបចំ​ដោយ​សហភាព​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ពិភពលោក World Martial Art Union ដែលមាន​ប្រទេស​ជាង​២០​ជា​សមាជិក​៕ 

Tag:
 គុន​ល្បុក្កតោ​
  អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com