រដ្ឋាភិបាល​រៀបចំ​ក្រុង​លើ​ភ្នំ​បូកគោ​
ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
រដ្ឋាភិបាល​រៀបចំ​ក្រុង​លើ​ភ្នំ​បូកគោ​
29, Aug 2019 , 8:19 pm        
រូបភាព
ភ្នំពេញ​៖ «​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​» ដែលមាន​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ តាមរយៈ​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​២៨​ខែ​មិ​ថុ​នា​ឆ្នាំ​២០១៩ ។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២៩​ខែសីហា​នេះ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្លង់​មេនេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ផែនការ​រៀបចំ​របស់រ​ដ្ឋា​ភិ​បាល​លើ​ភ្នំ​បូកគោ​នេះ ដល់​មន្ត្រី​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន ជ្រួតជ្រាប​។​



​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លី រស្មី អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​អ្នកធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ខាងលើនេះ ដូចតទៅ​នេះ​៖




​តាមរយៈ​កិច្ច​សម្ភាស​នេះ លោក លី រស្មី មានប្រសាសន៍ថា រដ្ឋាភិបាល​រៀប​ក្រុង នៅលើ​ភ្នំ​បូកគោ​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​ជា​អ្នកចេញ​ប្លង់គោល ហើយ​ក្រុមហ៊ុន​សុខា​របស់លោក សុខ គង់ នឹងមាន​ចំណែក​អភិវឌ្ឍន៍​សំខាន់​នៅ​ទីនោះ ខណៈ​ក្រុម​ហ៊ុ​នេះ​កំពុង​វិនិយោគ​មួយផ្នែក​នៅ​ទីនោះ​ស្រាប់​។ លោក រស្មី បញ្ជាក់​ដូច្នេះ​ថា​៖«​អាច​និយាយថា គាត់​ជា​អ្នក​អភិវឌ្ឍន៍​នៅលើ​នោះ តែ​គាត់​អាច​អភិវឌ្ឍន៍​បាន​លុះត្រាតែ​ដី​ទាំងនោះ​ត្រូវបានធ្វើ​អនុប្រយោគ​ទៅជា​ដីឯកជន​របស់​រដ្ឋ​សិន ទើប​អភិវឌ្ឍន៍​បាន​»​។ លោក​បន្តថា​«៖​ដី​នោះ​(​ក្នុង​ទំហំ​ណាមួយ​)​នៅពេលដែល​យើង​ធ្វើ​អនុប្រយោគ​ហើយ ឯកជន​អាច​យកមកប្រើ​ប្រាស់​ទៅតាម​តម្រូវការ​របស់ខ្លួន​បាន​»​។



រដ្ឋាភិបាល​នឹង​រៀបចំ​រដ្ឋបាល​នៅ​ទីនោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ផ្សេងៗ​។ តែ​គោលដៅ​ធំ​នៃ​គម្រោង​នេះ គឺ​ទេសចរណ៍​។ ត្រង់ចំណុច​នេះហើយ​ដែល​ក្រុមហ៊ុន​ឯកជន នឹងចូលរួម​អភិវឌ្ឍន៍​។ 

ចក្ខុវិស័យ​របស់​ប្លង់គោល​នេះ​សំដៅ​រៀបចំ និង​អភិវឌ្ឍន៍​«​បូកគោ ជា​ក្រុង​ឆ្លាត​វៃ ទេសចរណ៍​ប្រវត្តិសាស្ត្រ បៃតង ធម្មជាតិ និង​អាកាសធាតុ ភ្នំ​-​សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ ត្រូវបាន​កំណត់​ការប្រើប្រាស់​ដី​ជា​២​ប្រភេទ គឺ​ប្រភេទ​ដី​អាច​សាងសង់​បាន និង​ប្រភេទ​ដី​កម្រិត​ការសាងសង់​។ ឧទ្យាន​ជាតិ​ព្រះ​មនី​វង្ស​បូកគោ​នេះ មាន​ផ្ទៃដី​សរុប ១៥៤ ៤៥៨ ហិកតា ដោយ​ក្នុងនោះ​ប្រភេទ​ដី​សាងសង់​បាន​មាន ២៧ ៩៤៣ ហិកតា ស្មើ ១៨​ភាគរយ​នៃ​ផ្ទៃដី​សរុប និង​ផ្ទៃដី​កម្រិត​សាងសង់​មាន​ទំហំ ១២៦ ៥១៤ ហិកតា​ស្មើនឹង ៨២​ភាគរយ​។



តំបន់​ការពារ​នៃ​ឧទ្យាន​នេះ ដែលមាន​ទំហំ ៨,១​ម៉ឺន​ហិកតា ស្ថិតក្នុង​ដី​ដែល​គេ​ចាត់ថ្នាក់​ថា​កម្រិត​ការសាងសង់​។ ក្រៅពីនេះ តំបន់កសិកម្ម តំបន់​ធនធានទឹក និង​តំបន់​របស់​ក្រុមហ៊ុន​សុខាអូតែល​(​ជិត​១,៩ម៉ឺន​ហិកតា​)  ស្ថិតក្នុង​ដី​ដែល​កម្រិត​ការសាងសង់​នេះ​ដែរ។​

ឯ​ផ្ទៃដី ១៨​ភាគ​នៃ​ឧទ្យាន​បូកគោ​នេះ ស្ថិតក្នុង​ការអនុញ្ញាត​ឲ្យ​សាងសង់ ឬ​ធ្វើ​នរ​គូប​នីយកម្ម​។  ដី​ជាង ២​ម៉ឺន​៧​ពាន់​ហិកតា​នេះ គឺ​ត្រូវ​បែង​ចែកជា ៨​ទីតាំង​ធំៗ (៨​ហ្សូ​ន​)​។ ហើយ​ប្លង់គោល​ខាងលើនេះ គឺ​ផ្ដោត​លើ ៨​ហ្សូ​ន​នេះ​។



គម្រោង​អភិវឌ្ឍន៍​ទាំង​៨​ហ្សូ​ន​នេះ រួមមាន​៖ ១.​តំបន់​លំនៅឋាន ៣៣៩០​ហិកតា ២.​តំបន់​ពាណិជ្ជកម្ម ៨២១​ហិកតា ៣.​តំបន់​ចម្រុះ ៣៨០​ហិកតា ដែលមាន​មុខងារ​ច្រើនយ៉ាង​ដូចជា សិប្បកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ ៤.​តំបន់​ដឹកជញ្ជូន ៦៤៤​ហិកតា ៥.​តំបន់​ទេសចរណ៍ ៨៥៦​ហិកតា ៦.​តំបន់​រដ្ឋបាល និង​សេវាសាធារណៈ ៩៩៥​ហិកតា ៧.​តំបន់​លំហរ​សាធារណៈ និង​ផ្ទៃ​បៃតង ដែលមាន​ផ្ទៃដី​សួនច្បារ​សាធារណៈ ១១០២​ហិកតា និង​៨.​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស ៦៣៧​ហិកតា ដែល​សំដៅ​កសាង​អាងទឹក​កខ្វក់ និង​ទីលាន​ទុកដាក់​សំរាម​។

សៀវភៅ​ប្លង់គោល ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី ឲ្យ​ដឹងថា តំបន់​ទេសចរណ៍​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​នេះ នឹងត្រូវ​រៀបចំ​ឲ្យ​មាន​ភាព​សម្បូរបែប​។ ក្នុងនោះ​មានដូចជា​៖ ទេសចរណ៍​បែប​ព្រៃភ្នំ ខ្សែកាប ស្ពាន​យោល កន្លែង​មើល​ហ្វូង​ផ្កាយ ផ្កា​បំពង់​ឡោម បឹង​កា​ឡូ ផ្ទះ​លំហែកាយ សួន​កម្សាន្ត កន្ត្រក់​យោល​លើ​អាកាស កន្លែង​ទេសចរណ៍វប្បធម៌​សាសនា សណ្ឋាគារ ភោជនីយដ្ឋាន ជាដើម​។​



ភ្នំ​បូកគោ ត្រូវបាន​គេ​មើលឃើញថា​នឹង​ស្រូវ​យក​ទេសចរណ៍​បាន​ច្រើន​ពី​ខេត្ត​ព្រះសីហនុ និង​ការធ្វើដំណើរ​តាម​នាវា​សមុទ្រ ខណៈ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២០​។ ការតភ្ជាប់​ផ្នែក​សមុទ្រ​នេះ ក៏​រាប់បញ្ចូល​កោះត្រល់​ផងដែរ ដែលមាន​ចម្ងាយ​ត្រឹម​២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បូកគោ​។ ហើយ​ផែ​ទេសចរណ៍​កំពត​នេះ ត្រូវបាន​ក្រសួងទេសចរណ៍​រំពឹងថា​នឹង​ទទួល​ទេសចរ​ប្រមាណ​១​លាន​នាក់​ក្នុង​មួយឆ្នាំ​។​

គួរ​បញ្ជាក់ថា ភ្នំ​បូកគោ​នេះ កាលពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខា វិនិយោគ​រយៈពេល​៩៩​ឆ្នាំ លើ​ផ្ទៃដី ១៨ ៩៨៧ ហិកតា ឬ​ស្មើ​១២​ភាគរយ​នៃ​ផ្ទៃដី​ឧទ្យាន​សរុប​៕


 


Tag:
 បូកគោ​
  លី រស្មី​
  ក្រុង​បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com