កីឡាជាតិ
ជាតិ
សូហ្វតិន្នីសរំពឹងបានបទពិសោធពីជើងឯកយុវជនអាស៊ី ដើម្បីអភិវឌ្ឍន៍សមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំនេះ
× សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួនជាង២០រូបឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នា គឺ Asian Junior Soft Tennis Championship និង Asian University Soft Tennis Championship នៅ ប្រទេសហ្វីលីពីននាចុងខែសីហានេះ។ ក្រៅពីរំពឹងទទួលបានលទ្ធផលល្អ កម្ពុជា រំពឹងកីឡាករទទួលបានបទពិសោធ និងចំណេះដឹងថ្មីៗមកអភិវឌ្ឍន៍សមត្ថភាព សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ។
អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ឈានដល់ដណ្តើមបានមេដាយពីការប្រកួតជើងឯកយុវជនអាស៊ី 1st Asian Junior Soft Tennis Championship នោះឡើយ។ កត្តាដែលធ្វើឲ្យលោកមានចិត្តរារែកក្នុងការដាក់ក្តីរំពឹង ដោយសារកីឡាករកម្ពុជាភាគច្រើនជាយុវជន ដែលមានបទពិសោធក្មេងខ្ចីសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។
«យើងមិនទាន់ហ៊ានអះអាងថាទៅចូលរួមលើកនេះយើងជឿជាក់ថានឹងដណ្តើមបានមេដាយ ឬមិនបានយើងមិនទាន់ហ៊ាននិយាយមុននោះទេ ព្រោះបើយើងអះអាងមុនថាបាន តែជាក់ស្តែងមិនបាននាំតែខ្មាសគេ។ តែយ៉ាងណាយើងសង្ឃឹមខ្លះ ព្រោះសូម្បីជើងឯកពិភពលោកយើងនៅទទួលបានមេដាយសំរឹទ្ធ២ ហើយការចូលរួមលើកនេះគឺត្រឹមកម្រិតអាស៊ីនោះទេ»។ នេះជាការបង្ហាញក្តីកង្វល់ និងក្តីរំពឹងរបស់លោក ជា ប៊ុនហេង ដែលជាប្រតិភូដឹកនាំក្រុមកីឡាករកម្ពុជាទៅចូលរួមការប្រកួតមួយនេះ។
ក្នុងចំណោមប្រទេសទាំង១៣ដែលចូលរួមការប្រកួតនេះ លោក ជា ប៊ុនហេង បានចាត់ទុកកីឡាមកពីចិន ជប៉ុន កូរ៉េខាងត្បូង និងថៃជាឧបសគ្គធំសម្រាប់កម្ពុជាក្នុងប្រជែងដណ្តើមមេដាយ។ អនុប្រធានទី១សហព័ន្ធរូបនេះបន្ថែមថា កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៧រូបឲ្យចូលរួមការប្រកួត The 1st Asian Junior Soft Tennis Championship ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២៨-៣១ ខែសីហា នៅទីក្រុងម៉ានីឡាប្រទេសហ្វីលីពីន។
ជាមួយគ្នានេះក្រុមកីឡាករជម្រើសជាតិសូហ្វតិន្នីសមួយក្រុមផ្សេងទៀត ក៏បានទទួលគោលការណ៍អនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡាផងដែរ ដើម្បីចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ី Asian University Soft Tennis Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩៕
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
Asian University Soft Tennis Championship
© រក្សាសិទ្ធិដោយ thmeythmey.com