ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រកាស​ចេញពី​តំណែង បើ​ត្រឹម​២៤​ម៉ោង ចាប់​លោក សម រង្ស៊ី មិនបាន ពេល​ដល់​ខ្មែរ
30, Aug 2019 , 11:54 am        
រូបភាព
​សម្តេច ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ថា សម្តេច សុខចិត្ត​ចុះចេញ​ពី​តំណែង បើ​សម្តេច ចាប់​លោក សម រង្ស៊ី មិនបាន ក្នុង​រយៈពេល «​ត្រឹម​២៤​ម៉ោង​» ពេល​លោក សម រង្ស៊ី  និង​បក្សពួក ត្រឡប់​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

 

 
​ការប្រកាស​ភ្នាល់​របស់​សម្តេច ហ៊ុន សែន  គឺធ្វើឡើង​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Fresh News  នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ តាមរយៈ​កិច្ច​សម្ភាស​នេះ សម្តេច ផ្តាំ​ទៅ​លោក សម រង្ស៊ី ថា បើ​លោក សម រង្ស៊ី ត្រូវ​ចាប់ខ្លួន ជីវិត​នយោបាយ​របស់​លោក រួមទាំង​អង្គ​ការចាត់​តាំងរបស់​លោក នឹងត្រូវ​បញ្ចប់​។ 
 
​សម្តេច បន្ថែមថា ផ្ទុយ​មកវិញ បើ​លោក សម រង្ស៊ី  មិន​ហ៊ាន​ចូល​ស្រុក​ទេ ជីវិត​នយោបាយ​របស់​លោក និង អង្គ​ការចាត់​តាំងរបស់​លោក នឹងត្រូវ​ចប់​ដូចគ្នា​។ Fresh News បាន​សរសេរ​ពីស​ម្តី​របស់​សម្តេច ក្នុងន័យ​ចោទ​ជា​សំណួរ​ទៅកាន់​លោក សម រង្ស៊ី បែបនេះ​ថា​៖«​តើ​អ្នកឯង​ហ៊ាន​ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?»
 
​លើសពីនេះ សម្តេច ហ៊ុន សែន នៅ​យក​ការស្បថ​មកលេង​ជាមួយ​លោក សម រង្ស៊ី ថែមទៀត ដោយ​សម្តេច បួងសួង​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក ផ្តាច់ជីវិត​របស់លោក សម រង្ស៊ី បើ​លោក មិន​គោរព​សន្យា​ក្នុងការ​ភ្នាល់​នេះ​។ សម្តេច និយាយ​ជាមួយ Fresh News ថា​៖«​ចំពោះ​ការ​ភ្នាល់​នេះ ខ្ញុំ សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ធ្វើជា​សាក្សី​....»​។​
 
​សម្តេច ហ៊ុន សែន ចេញមក​ប្រកាស​ពី​ការ​ភ្នាល់​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​លោក សម រង្ស៊ី​។ លោក សម រង្ស៊ី បាន​សួរ​មក​សម្តេច ហ៊ុន សែន តាមរយៈ​ភ្នំពេញ​ប៉ុស្តិ៍​ដូច្នេះ​ថា​៖«​បើ​លោក  ហ៊ុន សែន មិន​ជឿថា ខ្ញុំ វិលត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តើ​លោក ហ៊ុន សែន យល់ព្រម​ចុះចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ដែរឬទេ​? លោក ផ្តល់​គំនិត​ឲ្យ​សម្តេច​បែបនេះ​ថា​៖«​យើង អាច​ស្នើ​ឲ្យ​ប្រទេស​ចិន ធ្វើជា​សាក្សី ក្នុងការ​ភ្នាល់​នេះ​»​។​
 
​តាមពិតទៅ អ្នក​ដែល​បបួល​ភ្នាល់​មុន គឺ លោក ខាន់ សុវណ្ណ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង តែង​វាយប្រហារ​លោក សម រង្ស៊ី លើ​បណ្តាញ​សង្គម​។ លោក ខាន់ សុវណ្ណ បបួល លោក សម រង្ស៊ី ភ្នាល់​ថា បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​តាម​កាលកំណត់​មែន លោក នឹង​ឲ្យ​លោក សម រង្ស៊ី មួយ​លាន​ដុល្លារ តែបើ​មិន​ចូល​ទេ លោក សម រង្ស៊ី  ត្រូវ​ឲ្យ​លោក មួយ​លាន​ដុល្លារ​វិញ​។ 
 
​ក្រោយមក សម្តេច ហ៊ុន សែន ក៏​ហៅ​ទូរស័ព្ទ ទៅកាន់​លោក ខាន់ សុវណ្ណ ពេល​លោក ខាន់ សុវណ្ណ កំពុងនិយាយ​ពី​រឿង​ភ្នាល់​គ្នា​ជាមួយ​លោក សម រង្ស៊ី ក្នុងការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក (Live)​។ ពេលនោះ សម្តេច ហ៊ុន សែន ប្រកាស​ធ្វើជា​សាក្សី ក្នុងការ​ភ្នាល់​នេះ និង​បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា លុយ​មួយ​លាន​ដុល្លារ នឹងត្រូវ​ប្រគល់ជូន​លោក សម រង្ស៊ី នៅក្នុង​ពន្ធនាគារ​។ 
 
​ពេល​កំពុង​សន្ទនា​ជាមួយ​លោក ខាន់ សុវណ្ណ សម្តេច ហ៊ុន សែន នៅ​បង្អាប់​លោក សម រង្ស៊ី ថែមទៀត ថា ប្រហែលជា​គ្មាន​លុយ​ដល់​មួយ​លាន​ដុល្លារ​ទេ ហើយក៏​ប្រាប់​ទៅ​លោក ខាន់ សុវណ្ណ ឲ្យ​យកលុយ​ពី​លោក សម រង្ស៊ី តែ​ពាក់កណ្តាល​បាន​ហើយ (៥​សែន​ដុល្លារ​) បើ​លោក សម រង្ស៊ី ចាញ់​ការ​ភ្នាល់ ដោយ​មិន​ហ៊ាន​ចូល​ស្រុក​។ តែ​ខាង​លោក ខាន់ សុវណ្ណ សុខចិត្ត​ឲ្យ​មួយ​លាន​ដុល្លារ​ដល់​លោក សម រង្ស៊ី បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​។ 
 
​លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​នានា​ថា លោក មិន​ចាប់អារម្មណ៍ និង មិន​ឲ្យ​តម្លៃ​លើ​ការ​ភ្នាល់​គ្នា​ជាមួយ​សម្តេច ហ៊ុន សែន ដោយ​ការដាក់​លុយ​បែបនេះ​ទេ​។ យ៉ាងណា ក្នុងការ​ឆ្លើយ​សំណួរ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ លោក សម រង្ស៊ី យល់ព្រម​ទទួលយក​ការ​ភ្នាល់​ជាមួយ​សម្តេច ហ៊ុន សែន តែ​ការ​ភ្នាល់​នេះ មិនមែន​ដាក់​លុយ​នោះទេ គឺ​ដាក់​តំណែង ពោលគឺ សម្តេច ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​តំណែង បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​។ 

មិនមែនជាលើកទីមួយទេ ដែលសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី លេងល្បែងភ្នាល់គ្នាបែបនេះ។ កន្លងមក បដិបក្សនយោបាយមួយគូ ធ្លាប់យកលោក កឹម សុខា ធ្វើជាតួអង្គនៃការភ្នាល់គ្នា ដោយកាលនោះ លោក សម រង្ស៊ី អះអាងដោយការជឿជាក់ថា លោក កឹម សុខា នឹងត្រូវបានដោះលែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យូរបំផុត នៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ លោក ហ៊ានភ្នាល់ថា បើលោក កឹម សុខា មិនត្រូវបានដោះលែងតាមកាលកំណត់ដូចដែលលោកលើកឡើងទេ លោក សុខចិត្តចូលមកស្រុកខ្មែរ ឲ្យអាជ្ញាធរ ចាប់ខ្លួន។

ពេលនោះ សម្តេ ហ៊ុន សែន ក៏យល់ព្រមភ្នាល់ជាមួយលោក សម រង្ស៊ី ដោយសម្តេច ប្រកាសតបទៅវិញថា សម្តេច នឹងចុះចេញពីតំណែង បើលោក កឹម សុខា ពិតជាត្រូវបានដោះលែងមែន។ តែសម្តេច ហ៊ុន សែន ទាមទារឲ្យលោក សម រង្ស៊ី ចូលស្រុកដូចការសន្យា បើលោក កឹម សុខា មិនត្រូវបានដោះលែង។ 

យ៉ាងណា មកដល់ពេលនេះ លោក កឹម សុខា នៅតែជាប់ចោទនិងស្ថិតនៅក្នុងផ្ទះ ដោយមិនអាចទៅណាឆ្ងាយបានឡើយ។ ឯ លោក សម រង្ស៊ី នៅតែមិនទាន់ចូលស្រុក។ 

ជុំវិញការចាប់ខ្លួនលោក សម  រង្ស៊ី និង បក្សពួករបស់លោក ខាងកងកម្លាំងប្រដាប់អាវុធ ប្រកាសថាបានត្រៀមលក្ខណៈរួចហើយ។​ កាលពី​ដើមខែ​កក្កដា ឆ្នាំ​២០១៩ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បើក​កិច្ចប្រជុំមួយ ហើយសម្រេចថា នឹងដាក់ពង្រាយ​កម្លាំងរួមគ្នា​ នៅតាមច្រកព្រំដែននានា ដើម្បី​ចាប់​ក្រុមអ្នកប្រឆាំង ពេល​ពួកគេមកដល់កម្ពុជា៕ 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  ភ្នាល់​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com