ក្រសួង​ការងារ បន្ត​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ខេត្តកណ្តាល​
ជាតិ
ក្រសួង​ការងារ បន្ត​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ខេត្តកណ្តាល​
30, Aug 2019 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
(​កណ្ដាល​)៖​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅតែ​បន្ត​យុទ្ធនាការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ នៅតាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ជា​បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ និង​តាមដាន​ការអនុវត្ត​លក្ខខណ្ឌ​ការងារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ នៅ​ទីតាំង​សិប្បកម្ម​ផលិត​ឥដ្ឋ​នានា​ក្នុង​ខេត្តកណ្តាល​។​

 
​ថ្នាក់ដឹកនាំ​ក្រសួង​បាន​បញ្ជាក់ថា វិធាន​ការលើក​នេះ គឺជា​វិធានការ​ក្ដៅគគុក​ចំពោះ​ម្ចាស់​សិប្ប​កម្មណា ដែល​នៅតែ​គគ្លើន​ប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ខ្លួន ដោយ​មិន​លើកលែង និង​គ្មាន​ការយោគយល់​ឡើយ​។​
 
​យុទ្ធនាការ​នេះ​បានចាប់ផ្ដើម​ឡើង ចាប់ពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​របស់ លោក វ៉េង ហៀ​ង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្តកណ្តាល អមដោយ​មន្ត្រី​អធិការ​ការងារ​ថ្នាក់ជាតិ និង​ខេត្តកណ្តាល​។​
 
​លោក វ៉េង ហៀ​ង បាន​បញ្ជាក់ថា ស្ថានភាព​ទូទៅ​នៃ​លក្ខខណ្ឌ​ការងារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ស្រុក​មុខកំពូល ដែលមាន​ចំនួន​២០​សិប្បកម្ម​នោះ ឃើញថា​មាន​វឌ្ឍនភាព​គួរកត់សម្គាល់​។​


 
​លោក​បាន​បន្តថា លក្ខខណ្ឌ​ការងារ​នៅក្នុង​សិប្បកម្ម​ឥដ្ឋ​ទាំងនោះ មាន​ភាពល្អប្រសើរ ដោយសារ​ការប្រើប្រាស់​ម៉ាស៊ីន​ពាក់កណ្តាល​ស្វ័យប្រវត្តិ និង​ស្វ័យប្រវត្តិ​ដែល​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ ទំហំ​ផលិតកម្ម​មានការ​កើនឡើង ២-៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គ្មាន​ការបំពុល​បរិស្ថាន​ដោយ​ផ្សែង ដោយសារ​ដុត​ឧស និង​អង្គា​ម​នៅក្នុង​ឡក​ម្ដៅ ដែល​កន្លងមក​មាន​ឡ​កម្ដៅ​ឥដ្ឋ​ខ្លះ​ដុត​ក្រណាត់​ដូច​កាលពី​ឆ្នាំ​២០១៦ និង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ កំណើន​ប្រាក់​ឈ្នួល និង​ការបង់​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដោយ​និយោជក​។​
 
​ក្រុមការងារ​ក៏បាន​ជួប​សម្ភាសន៍​ជាមួយ​និយោជក និយោជិត និង​ក្រុមគ្រួសារ​រស់នៅ​បរិវេណ​សិប្បកម្ម​ផលិត​ឥដ្ឋ ដើម្បី​តាមដាន​ការយល់ដឹង ស្តីពី​ការទប់ស្កាត់​ពលកម្ម​កុមារ ការលើកកម្ពស់​ឱកាស​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​កុមារ​ងាយ​រងគ្រោះ និង​កម្មករនិយោជិត​វ័យក្មេង ជាពិសេស​ការវាយតម្លៃ​ស្ថានភាព​បំណុល​នៃ​ក្រុមគ្រួសារ ដែល​ចូលរួម​សកម្មភាព​ផលិត​ឥដ្ឋ​។​
 
​សូមជម្រាបថា ក្រសួង​ការងារ បានកំណត់​ទិសដៅ​លុបបំបាត់​ពលកម្ម​កុមារ នៅតាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ឱ្យបាន​ត្រឹម​ឆ្នាំ​២០២០ ហើយ​យុទ្ធនាការ​ខាងលើនេះ គឺជា​ការចូលរួម​ជំរុញ​ទិសដៅ​នេះ​ផងដែរ​៕











© រក្សាសិទ្ធិដោយ thmeythmey.com