អន្តរជាតិ
ប្រធានាធិបតី​ប្រេ​ស៊ី​ល​ហាម​ពលរដ្ឋ​ដុត​ព្រៃ​យក​ដី ខណៈ​ភ្លើង​នៅ​អា​ម៉ា​ហ្សូ​ន​ឆេះ​កាន់តែ​ធំ​
30, Aug 2019 , 4:20 pm        
រូបភាព
លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro
លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro
ដោយ:
​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro បានដាក់​បម្រាម​ដុត​ព្រៃ​យក​ដី​នៅ​ទូទាំងប្រទេស​សម្រាប់​រយៈ​ពេល​៦០​ថ្ងៃ​។ ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល​រូបនេះ មាន​គោលដៅ​ឆ្លើយតប​នឹង​បញ្ហា​ភ្លើង​ឆេះ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​រង​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។

 
​ការប្រើ​ភ្លើង​ដុត​ព្រៃ​ដើម្បី​យក​ដី​ដាំ​ដំណាំ​ក្នុង​តំបន់​ជនបទ ជា​រឿង​សាមញ្ញ​ក្នុងចំណោម​ប្រជាកសិករ​នៅ​ប្រេ​ស៊ី​ល​។ យោងតាម​ក្រឹត្យ​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែសីហា ការដាក់​បម្រាម​រយៈពេល​២​ខែ​នេះ បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែសីហា ពោលគឺ​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី Bolsonaro បាន​ចុះហត្ថលេខា​។​
 
​ភ្លើង​ជាង​១៦០០​ទីតាំង​ថ្មី ត្រូវបាន​ឆាបឆេះ​ឡើង ចន្លោះ​ពីថ្ងៃ​ទី​២៧-២៨ ខែសីហា ដែល​បង្កើន​ចំនួន​ភ្លើង​ឆេះ​សរុប​ក្នុង​ឆ្នាំ​២០១៩​នេះ ដល់​ទៅជិត ៨៥០០០​ទីតាំង នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល​។ យោងតាម​ទិន្នន័យ​ផ្លូវការ នេះ​ជា​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺថា ពាក់កណ្តាល​នៃ​ភ្លើង​ឆេះ​ទាំងនេះ កើតឡើង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប៉ូលិស​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី​២៩ បាន​បញ្ជាក់ថា បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ដែល​បាន​ដុត​ព្រៃ​ជាង ៥​ពាន់​ហិកតា ក្នុង​តំបន់​អភិរក្ស​មួយ​ក្នុង​រដ្ឋ Para ភាគ​ខាងជើង​ប្រទេស​។ 
 
​កន្លងទៅ លោក​ប្រធានាធិបតី Bolsonaro ធ្លាប់​លើកឡើងថា ព្រៃ​អា​ម៉ា​ហ្សូ​ន គួរតែ​បើកទ្វារ​សម្រាប់​ការអភិវឌ្ឍ ហើយ​លោក​ថែមទាំង​រាំងខ្ទប់​ដង្ហើម​ហិរញ្ញវត្ថុ​ភ្នាក់ងារ​ទាំងឡាយណា ដែល​ទទួលខុសត្រូវ​បង្ក្រាប​សកម្មភាព​ខុសច្បាប់​។ ទាក់ទិន​នឹង​រឿងនេះ អ្នកជំនាញ​ទម្លាក់កំហុស​លើ​គោលនយោបាយ​អភិវឌ្ឍន៍ និង​វិធានការ​ធូររលុង​រប​ស់​រដ្ឋាភិបាល​លោក Bolsonaro ទើប​បង្ក​ឲ្យ​កសិករ​ប្រេ​ស៊ី​ល​ដុត​ព្រៃ​យក​ដី​ធ្វើស្រែ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ​៕
 

Tag:
 ប្រេ​ស៊ី​ល​
  អា​ម៉ា​ហ្សូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com