ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះទង្វើទាំងនោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា ៥៩ (ចំណុចទី៥)។
ការហាមប្រាមរបស់ក្រសួងបរិស្ថាន ធ្វើឡើង ក្រោយពីមានរបាយការណ៍អង្កេតស្រាវជ្រាវរបស់កម្លាំងមានសមត្ថកិច្ច ដែលបានបង្ហាញថា នៅតាមហាងលក់វត្ថុអនុស្សាវរីយ៍ចំនួន៣២កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺជាកន្លែងដែលប្រមូលផ្តុំដោយអាជីវករលក់គ្រឿងវត្ថុអនុស្សាវរីយ៍ដែលធ្វើពីភ្លក់ដំរី និងកុយរមាស។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖«ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
លោក នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពខុសច្បាប់ទាំងនេះ ជាឥទ្ធិពលអវិជ្ជមាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត។
ដើម្បីទប់ស្កាត់កុំឲ្យមានសកម្មភាពលក់គ្រឿងអនុស្សាវរីយ៍ដែលច្នៃពីសត្វព្រៃ ក្រសួងបរិស្ថាន ប្រាប់ដល់ម្ចាស់អាជីវកម្មទាំងអស់បញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីរួមគ្នា លុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ទាំងកន្លែងកែច្នៃ និងកន្លែងលក់។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ទៀតថា៖«កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោកផងដែរ។
របាយការណ៍ដែលបង្ហាញដោយក្រសួងបរិស្ថាន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ អាជ្ញាធរបានឃាត់បានភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ដែលច្នៃពីភ្លុកដំរី និងកុយរមាសប្រមាណជាង៥តោន ដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នាផងដែរ សមត្ថកិច្ចក៏បង្ក្រាបបានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងផងដែរ។
របាយការណ៍ដែលទាក់ទងនឹងសត្វព្រៃដែលបង្ហាញដោយក្រុមបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃ បានបញ្ជាក់ថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសឆ្លងដែនដ៏ធំ សម្រាប់នាំយកសត្វព្រៃដូចជា ភ្លក់ដំរី និងភ្លក់កុយរមាសជាលក្ខណៈសកលសម្រាប់លក់នៅទីផ្សារបរទេសដទៃ៕