ជាតិ
លោក មហាធៀ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រូបថត AFP
× ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រី្តប្រទេសម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់នឹងរួមចំណែកកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជានិងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគីតំបន់ និងអន្តរជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
លោក មហាធៀ មហាម៉ាត់ និងភរិយា នឹងបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២-៤ខែកញ្ញា ឆ្នាំ២០១៩ ហើយចូលជួបសំដែងការគួរសមជាមួយសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជានិង សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។
អំឡុងទស្សនកិច្ច លោក មហាធៀ មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្ដេច ហ៊ុន សែន ហើយនឹងពិភាក្សាលើកិច្ចសហប្រតិបតិ្តការទ្វេភាគី។ បន្ទាប់មក នាយករដ្ឋមន្រី្តទាំងពីរនឹងចុះហត្ថលេខាលើឯកសារមួយចំនួន មុននឹងចេញប្រកាសព័ត៌មានរួមគ្នា។
ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រី្តម៉ាឡេស៊ី នឹងអញ្ជើញទៅដាក់កម្រងផ្កាវិមានឯករាជ្យ និងគោរពព្រះមរបរូបព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ផងដែរ៕
Tag:
ទស្សនកិច្ច
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com