ជាតិ
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំប្រកួតសំណេរសម្រាប់កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម ៤.០» រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
× ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (CD Center) នឹងរៀបចំការប្រកួតសំណេរជាភាសាខ្មែរសម្រាប់កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម ៤.០» ក្រោមប្រធានបទ «តើកម្ពុជាគួរត្រៀមខ្លួនដូចម្ដេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤»។ ការប្រកួតសំណេរនេះ ផ្ដល់ឱកាសដល់សិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មាន និងសាធារណជនទូទៅ អាចបញ្ចេញសមត្ថភាពអំពីបដិវត្តន៍ឧស្សាហកម្ម ៤.០។ តាមរយៈការប្រកួតនេះ ជ័យលាភីលេខ ១ នឹងទទួលបានថវិកា ៤០០ដុលារ, លេខ២ ទទួលបានថវិកា ២៥០ដុល្លារ និងជ័យលាភីលេខ ៣ ទទួលបានថវិកា ១៥០ដុល្លារ។
ការប្រកួតសំណេរជាភាសាខ្មែរសម្រាប់កិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម ៤.០» នេះ រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (CD Center) ក្នុងទិសដៅលើកកម្ពស់ចំណេះដឹងអំពីបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្រោយទទួលបានការគាំទ្រលើការរៀបចំកិច្ចសន្ទនាជុំទី១ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានផ្ដើមរៀបចំការប្រកួតសំណេរនេះ ដែលជាផ្នែកមួយឆ្ពោះទៅរៀបចំកិច្ចសន្ទនាជុំទី២ នាពេលខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
លក្ខខណ្ឌនៃការចូលរួម បេក្ខជនទាំងអស់ ត្រូវជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ, អនុបណ្ឌិត ឬទើបបញ្ចប់ការសិក្សា។ បេក្ខជន ត្រូវមានអាយុមិនលើសពី ៣០ឆ្នាំ, ត្រូវមានសញ្ជាតិខ្មែរ និងកំពុងស្នាក់នៅកម្ពុជា។ ចំពោះរង្វាន់នៃការប្រកួតសំណេរនេះ ជ័យលាភីលេខ ១ នឹងទទួលបានថវិកា ៤០០ដុលារ, លេខ២ ទទួលបានថវិកា ២៥០ដុល្លារ និងជ័យលាភីលេខ ៣ ទទួលបានថវិកា ១៥០ដុល្លារ រួមទាំងលិខិតបញ្ជាក់ពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ លើសពីនេះ ជ័យលាភីទាំង៣រូប នឹងត្រូវចូលរួមជាវាគ្មិនធ្វើបទបង្ហាញពីសំណេររបស់ខ្លួងក្នុងកិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម ៤.០» ជុំទី២ ហើយអត្ថបទរបស់បេក្ខជន នឹងត្រូវបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មាន និងសាធារណជនទូទៅ ដែលចាប់អារម្មណ៍លើការប្រកួតស្នាដៃសំណេរនេះ អាចផ្ញើអត្ថបទ និងឯកសារពាក់ព័ន្ធ តាមអ៊ីម៉ែល
[email protected] ។ សូមបញ្ជាក់ថា ការដាក់ពាក្យ នឹងចាប់ផ្ដើមទទួលពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា៕
រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
Tag:
សំណេរ
ប្រកួតប្រជែង
អប់រំ
បដិវត្តន៍ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com