ជាតិ
ជប៉ុន ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ សរុប​២៦​កន្លែង​សម្រាប់​មន្ត្រីរាជការ​
01, Sep 2019 , 10:29 pm        
រូបភាព
​ដោយ​៖ ឃុន សម្ផស្ស​
 
​ភ្នំពេញ​៖ កម្មវិធី​អាហារូបករណ៍​ជប៉ុន JDS ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន ២៤​កន្លែង និង​ថ្នាក់បណ្ឌិត ចំនួន​២​កន្លែង សម្រាប់​មន្ត្រីរាជការ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០២០​។​

 
​លក្ខខណ្ឌ​នៃ​ការជ្រើសរើស ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ​, មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​, មាន​អាយុ​ចន្លោះ​ពី ២២-៣៩​ឆ្នាំ​, មានចំណេះដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ និង​ជា​បុគ្គលិក​រដ្ឋ​ពេញ​ម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ​។ បេក្ខជន ត្រូវមាន​ពិសោធន៍​ការងារ​យ៉ាងតិច​២​ឆ្នាំ និង​មាន​កាយសម្បទា និង​សតិបញ្ញា​ល្អ​។ 
 
​ចំណែកឯ​ថ្នាក់បណ្ឌិត បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​ក្រោម ៤៥​ឆ្នាំ និង​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្រោម​កម្មវិធី​អាហារូបករណ៍ JDS​។ បេក្ខជន​ត្រូវ មានបទពិសោធន៍​ការងារ​យ៉ាងតិច​២​ឆ្នាំ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្រោម​កម្មវិធី​អាហារូបករណ៍ JDS, ជា​បុគ្គលិក​រដ្ឋ​ដែល​ធ្វើការ​ពេញ​ម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ ដូច​មានកំណត់​ក្នុង​Framework of JDS 2019 និង​មាន​កាយសម្បទា និង​សតិបញ្ញា​ល្អ​បរិបូរណ៍​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ សូម​ទាក់ទង​រក​ពាក្យសុំ​អាហារូបករណ៍ និង​បំពេញ​សំណុំ​ឯកសារ​ផ្សេងៗ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូត​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ការិយាល័យ JICE-JDS ដែលមាន​អាសយដ្ឋាន​នៅ​ជា​ន់ទី​៣ អាគារ AURA Condominium ផ្លូវ​លេខ​៨៧ សង្កាត់​បឹងរាំង ខ​ណុ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​បេក្ខជន​អាច​ទាញយក​ពាក្យ​អាហារូបករណ៍​តាម​គេហទំព័រ​៖ http://jds.shcorlaship.org/ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ​២៣ ផ្លូវ​៣៦០៕

Tag:
 អាហារូបករណ៍​
  JDS
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com