Liverpool នៅតែរក្សាតំណែងកំពូលតារាង តាមរយៈការយកឈ្នះ Burnley ៣-០ នាជំនួបសប្តាហ៍ទី៤នៃការប្រកួតពានរង្វាន់ Premier League ពោលគឺឈ្នះទាំង៤លើកជាប់គ្នាចាប់តាំងពីបើករដូវកាលមក។ ម្ចាស់ជើងឯក Manchester City រកបាន៣ពិន្ទុបន្ថែមក្រោយឈ្នះ Brighton & Hove Albion ៤-០ ខណៈ Arsenal, Tottenham Hotspur, Chelsea និង Manchester United ទទួលបាន១ពិន្ទុរៀងៗខ្លួន។
ហង្សក្រហម និងមេឃខៀវនៅតែជាក្រុមប្រជែងគ្នាដ៏លេចធ្លោក្នុងចំណោមក្រុមទាំង២០នៅរដូវកាល២០១៩-២០នេះ។ ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្រុមរងជើងឯកឆ្នាំចាស់បានបន្តរកជ័យជម្នះទី៤របស់ពួកគេ ដោយទទួលបាន១២ពិន្ទុពេញ និងឈរចំណាត់ថ្នាក់ទី១បណ្តោះអាសន្ន នាំមុខ Man City ដែលមាន១០ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ១។
បិសាចក្រហម Man Utd ដែលទទួលបរាជ័យយ៉ាងអាម៉ាស់កាលពីសប្តាហ៍ទី៣ ក្រោមថ្វីជើង Crystal Palace នៅតែមិនអាចរកជ័យជម្នះនៅប្រកួតទី៤នេះ ក្រោយស្មើគ្នាជាមួយ Southampton ១-១។ នេះមានន័យថា បើទោះជាចំណាយប្រាក់ច្រើនសន្ធឹកក្នុងការនាំយកកីឡាករថ្លៃដើម្បីពង្រឹងតំបន់ការពារក្តី ប៉ុន្តែ Man Utd នៅមិនទាន់បង្ហាញភាពខ្លាំងអ្វីនោះឡើយ។ ឆ្លងកាត់ការប្រកួត៤លើក ឈ្នះ១ ស្មើ២ និងចាញ់១ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær រកបានតែ៥ពិន្ទុប៉ុណ្ណោះ ឈរនៅលេខរៀងទី៨។
ដោយឡែក Chelsea វិញក៏មិនខុសពី Man Utd ដែរ។ បើទោះជាបាននាំមុខក្រុមភ្ញៀវ ដល់ទៅ២គ្រាប់នៅវគ្គទី១ក្តី ប៉ុន្តែក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Frank Lampard នៅតែមិនអាចរក៣ពិន្ទុបាន បន្ទាប់ពី Sheffield United វាយបកតាមស្មើដោយស៊ុតបាន២គ្រាប់វិញនៅវគ្គទី២។ តោខៀវ នៅឈរលេខរៀងទី១១ក្នុងតារាង Premier League សប្តាហ៍ទី៤ ដោយមាន៥ពិន្ទុ។
ចំណែកគូពិសេសប្រចាំសប្តាហ៍រវាង Arsenal និង Spurs ក៏បានបញ្ចប់ទៅដោយទទួលបានម្នាក់មួយពិន្ទុ។ ក្រុមភ្ញៀវមាន់ខ្នាយមាសបានស៊ុតពីរគ្រាប់នាំមុខមុនចំនួនពីរគ្រាប់ ដែលធ្វើបានដោយ ខ្សែបម្រើ Christian Eriksen និងខ្សែប្រយុទ្ធ Harry Kane។ រីឯគ្រាប់បាល់តាមស្មើរបស់ម្ចាស់ផ្ទះកាំភ្លើងធំ សម្រេចបានដោយខ្សែប្រយុទ្ធ Alexandre Lacazette និង Pierre-Emerick Aubameyang។
Arsenal រកបាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៥ ខណៈ Spurs មាន៥ពិន្ទុ ឈរលេខ៩ក្នុងតារាងសប្តាហ៍ទី៤នេះ៕
លទ្ធផលការប្រកួតទាំង ១០គូ សប្តាហ៍ទី៤៖
- Southampton ១ – ១ Manchester United
- Chelsea ២ – ២ Sheffield United
- Crystal Palace ១ – ០ Aston Villa
- Leicester City ៣ – ១ AFC Bournemouth
- Manchester City ៤ – ០ Brighton & Hove Albion
- Newcastle United ១ – ១ Watford
- West Ham United ២ – ០ Norwich City
- Burnley ០ – ៣ Liverpool
- Everton ៣ – ២ Wolverhampton Wanderers
- Arsenal ២ – ២ Tottenham Hotspur