អន្តរជាតិ
អាស៊ាន​និង​អាមេរិក​ចាប់ផ្តើម​សមយុទ្ធ​យោធា​ជា​លើកដំបូង​
02, Sep 2019 , 12:55 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី

​កងទ័ពជើងទឹក​អាមេរិក​នឹង​អាស៊ាន បានចាប់ផ្តើម​សមយុទ្ធ​យោធា​ជា​លើកដំបូង​ដែល​ហៅ​កាត់​ថា​(AUMX) នៅ​ថ្ងៃទី​២ ខែកញ្ញា​។ នេះ​ជា​កម្មវិធី​យោធា​រួមគ្នា​ដំបូង​រវាង​កងទ័ព​អាមេរិក និង​ប្រទេស​តំបន់​អាស៊ាន​ទាំងអស់ ដែល​នឹង​ចាប់ផ្តើម​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក Sattahip នៅ​ប្រទេស​ថៃ​។​


 
​ក្រោម​ការដឹកនាំ​របស់​អាមេរិក​និង​កងទ័ពជើងទឹក​ថៃ សមយុទ្ធ​ជើង​ទឹក​រួមគ្នា​រវាង​អាមេរិក និង​អាស៊ាន បាន​ផ្ដើម​នៅ​ទឹកដី​ថៃ​។ សមយុទ្ធ នឹងមាន​សកម្មភាព​នាវាចរណ៍​នៅ​ប្រទេស​ថៃ សិង្ហ​បុរី និង​ប្រ៊ុយណេ​ផងដែរ​។ សមយុទ្ធ​នេះ​ក៏​នឹង​ឆ្លងកាត់​តំបន់​មួយចំនួន​ដូចជា ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​វៀតណាម មុន​បញ្ចប់​ទៅវិញ​នៅ​ប្រទេស​សិង្ហ​បុរី​។​
 
​សមយុទ្ធ AUMX នេះ​នឹង​ប្រើប្រាស់​នាវាចម្បាំង​៨​គ្រឿង​និង យន្តហោះ​ចម្បាំង​៤​គ្រឿង​របស់​ប្រទេស​ចំនួន​៧​។ ការធ្វើ​សមយុទ្ធ​នេះ​នឹងមាន​ការចូលរួម​ពិ​យោធា​ជាង​១​ពាន់​នាក់​ដែល​មក​ប្រទេស​ទាំង​១០​របស់​អាស៊ាន និង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។ 
 
​លោក​ឧ​ត្ត​មនា​វី​ឯក  Phil Sawyer មេបញ្ជាការ​កង​នាវាចរណ៍​ទី​៧ របស់​កងទ័ពជើងទឹក​អាមេរិក និយាយថា សមយុទ្ធ AUMX​នឹង​ជួយ​ជំរុញអោយមាន​ការសហកា​រ​គ្នា​លើ​បញ្ហា​សន្តិសុខ​សមុទ្រ​ក្នុង​តំបន់​។ នៅក្នុង​សមយុទ្ធ​នេះ សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក​នឹ​ធ្វើ​ប្រតិបត្តិការ​រួមគ្នា អនុវត្ត​ជាក់ស្ដែង​នូវ​ការងារ​ជាច្រើន​ប្រភេទ​ដែល​បង្កើតឡើង​ដើម្បី​ពង្រឹង​អន្តរ​ប្រតិបត្តិការ​នៅក្នុង​តំបន់ ការយល់ដឹង​ពី​ដែនសមុទ្រ យុទ្ធសាស្ត្រ​បែងចែក និង​តាមដាន​ទ្រព្យសម្បត្តិ​សមុទ្រ​។​
 
​ការធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ត្រូវបាន​ស្នើឡើង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កាលពី​ឆ្នាំ​២០១៧ និង​បានអនុម័ត​ក្នុង​ខែតុលា ឆ្នាំ​២០១៨​។​
 
​សមយុទ្ធ​យោធា​ជា​លើកដំបូង​នេះ​នឹង​ជំរុញអោយមាន​ការសហកា​រ​គ្នា​ដើម្បី​រក្សា​សន្តិសុខ​និង​ស្ថេរភាព​ដល់​តំបន់​អាស៊ីអាគ្នេយ៍​។  គួរ​បញ្ជាក់ថា AUMX មានការ​ចូលរួម​ពី​គ្រប់​សមាជិក​អាស៊ាន​ទាំង​១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម និង អាមេរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com