ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ ចៅហ្វាយ ឬ​ថៅកែ ចាំ​យកតែ​ផល តែ​អ្នកដឹកនាំ​គឺជា​អ្នក​ដែល​លះបង់​មុនគេ
02, Sep 2019 , 1:17 pm        
រូបភាព
លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រីទាំងពីររូប។ រូបថត ហ្វេសប៊ុក Kem Sokha
លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រីទាំងពីររូប។ រូបថត ហ្វេសប៊ុក Kem Sokha
ដោយ: ថ្មីៗ
«​តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុសពី​ចៅហ្វាយ​ឬ​ថៅកែ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ នាឱកាស​ខួប​ពីរ​ឆ្នាំ​ដែល​លោក​ត្រូវបាន​ចាប់ខ្លួន ក្នុង​សំណុំរឿង​ក្បត់ជាតិ​។ លោក​បាន​សរសេរ​សារ​យ៉ាង​វែង​នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ខ្លួន ដោយ​លើកឡើង​ពី​ការលះបង់ និង​ទំនួល​ខុសត្រូវ​របស់លោក​។​



​លោក កឹម សុខា បាន​រំលឹកថា ការចូល​ចាប់ខ្លួន​លោក​ទាំង​កណ្តាល​អា​ធ្រា​ត្រ ជាការ​ឈឺចាប់​បំផុត​មួយ​សម្រាប់​លោក និង​ភរិយា​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានដឹងហើយថា ជីវិត​ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ក្នុងតួនាទី​ជា​មេដឹកនាំ​បក្សប្រឆាំង​នេះ នឹង​អាច​នាំមក​នូវ​គ្រោះថ្នាក់​និង​ការឈឺចាប់​រាប់មិនអស់​។ ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​ពលី​កម្ម​ជូន​ជាតិ​នេះ មិនមែន​ខ្ញុំ​មិនចេះ​ខ្លាច មិនមែន​ខ្ញុំ​មិនដឹង​ពី​គ្រោះថ្នាក់ មិនមែន​ព្រោះ​ខ្ញុំ​ល្ងង់ តែ​នេះ​ព្រោះ​ខ្ញុំ​ដឹងថា​«​តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុសពី​ចៅហ្វាយ​ឬ​ថៅកែ​»​។​

​អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​ស្ថិតនៅក្នុង​គេហដ្ឋាន​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​ក្រោម​ការឃ្លាំមើល​នោះ បាន​ពន្យល់ថា​៖ «​ចៅហ្វាយ ឬ​ថៅកែ​គេ​ជា​អ្នក​ចាំ​យក​លទ្ធផល​ពី​ការងារ​របស់​យើង តែ​អ្នកដឹកនាំ​គឺជា​អ្នក​ដែល​លះបង់​មុនគេ​និង​ច្រើនជាងគេ ដើម្បី​ជា​គម្រូ​ដល់​អ្នកគាំទ្រ​»​។



លោក កឹម សុខា បាន​បន្ថែមថា អ្នកដឹកនាំ​ដែលមាន​គុណធម៌ មិនដែល​រុញច្រាន​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើ​អ្វីដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ​។ ក្នុងនាម​ជា​ឪពុក​ម្នាក់ លោក​តែងតែ​ចង់​ឲ្យ​កូនៗ​រស់នៅ​ដោយ​សុវត្ថិភាព ដូច្នេះហើយ លោក​តែងតែ​ជ្រើស​រើសយក​និង​ណែនាំ​ឲ្យ​កូន​ខ្មែរ ធ្វើការ​តស៊ូរ​ដោយ​អហិង្សា ទោះបី​ការតស៊ូ​នោះ ត្រូវធ្វើ​ឲ្យ​លោក​រងគ្រោះ​ក៏ដោយ លោក​សុខចិត្ត​ទទួល ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់​ដោយ​មិន​ទុក​ឲ្យ​អ្នកគាំទ្រ​យក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក​ជា​រៀងរហូត​នោះទេ​។​

​ជាមួយគ្នានេះ លោក កឹម សុខា បានស្នើ​ឲ្យ​ខ្មែរ​គ្រប់​និន្នាកា​បញ្ឈប់​នូវ​នយោបាយ យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង ដោយ​យក​ប្រជាពលរដ្ឋ និង​ជោគវាសនា​ប្រទេសជាតិ​ជា​ឈ្នាន់​ឬ​ជា​របាំង​តទៅទៀត​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com