សុខភាព
អន្តរជាតិ
ការឆ្លង​រាលដាល​ជំងឺ​ក​ញ្ជ្រិ​ល​នៅ​ទូទាំង​សកលលោក​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​
02, Sep 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
 ​ហ្សឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក WHO ព្រមាន​អំពី​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​ក​ញ្ជ្រិ​ល​យ៉ាង​ឆាប់រហ័ស​នៅ​ជុំវិញ​ពិភពលោក ដោយសារ​តែមាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បាន​ចាក់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​បង្ការ​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន​នេះ​។​

 
​ទីភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ​រាយការណ៍​ថា ករណី​ឆ្លង​ជំងឺ​ក​ញ្ជ្រិ​ល​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៅ​ឆ្នាំនេះ មាន​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ មកទល់នឹង​ពេលនេះ ទីភ្នាក់ងារ​នេះ​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​ក​ញ្ជ្រិ​ល​ដល់​ទៅ​៣៦៥.០០០​ករណី គឺ​ច្រើនជាង​ជិត​បី​ដង​បើ​ធៀប​នឹង​ចំនួន​ករណី​ឆ្លង​កាលពី​ឆ្នាំមុន​។ ទីភ្នាក់ងារ​នេះ​បានគត់សម្គាល់​ឃើញថា ចំនួន​ករណី​ឆ្លង​ជាក់ស្តែង​ច្រើនជាង​ចំនួន​ដែល​បាន​រាយការណ៍ ដោយសារតែ​ក្នុងចំណោម​ករណី​ឆ្លង​ជាក់ស្តែង ១០​នាក់ មាន​ករណី​ឆ្លង​តិចជាង​មួយ​ត្រូវបាន​គេ​រាយការណ៍​។​
 
​នៅ​ឆ្នាំនេះ អង្គការ WHO រាយការណ៍​ថា ករណី​ឆ្លង​ជំងឺ​ក​ញ្ជ្រិ​ល​បាន​កើនឡើង​៩០០​ភាគរយ​នៅ​តំបន់​អាហ្វ្រិក ២៣០​ភាគរយ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វី​ក​ខាងលិច និង​១២០​ភាគរយ​នៅ​តំបន់​អឺរ៉ុប​។​
 
​មានតែ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​អាមេរិក​ប៉ុណ្ណោះ ដែល​ហាក់ដូចជា បង្ហាញ​សញ្ញា​ថា អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​។ តួលេខ​ឆ្លង​នៅក្នុង​តំបន់​ទាំងពីរ​នេះ​បាន​ធ្លាក់ចុះ ១៥​ភាគរយ​។ អង្គការ WHO បានកត់សម្គាល់​ឃើញថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ប្រទេស​ម៉ា​ដា​ហ្គា​ស្កា និង​អ៊ុយ​ក្រែ​ន​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំនេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​អង្គការ WHO លោក Christian Lindmeier បាន​ថ្លែងថា ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​កំពុង​វិ​វត្ត​ទៅរក​ភាពប្រសើរឡើង​។​
 
​លោក Lindmeier បាន​ថ្លែង​ដូច្នេះ​ថា​៖ «​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ដំណឹង​ល្អ​នេះ គឺ​ដោយសារ​តែមាន​យុទ្ធនា​ការចាក់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​បន្ទាន់​នៅ​ទូទាំងប្រទេស​។ ករណី​ឆ្លង​នៅក្នុង​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ម៉ា​ដា​ហ្គា​ស្កា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង​ខ្ពស់បំផុត​។ ជាថ្មី​ម្តងទៀត ការណ៍​នេះ​បានបញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​នៅក្នុង​ការបញ្ចប់​ការឆ្លង​រាលដាល​និង​វិធី​បង្ការ​សុខភាព​»​។​
 
​អង្គការ WHO បាន​ឲ្យ​ដឹងថា ជំងឺ​ក​ញ្ជ្រិ​ល​គឺជា​ជំងឺ​ដែល​ងាយ​នឹង​ទប់ស្កាត់បាន​ស្ទើរតែ​ទាំងស្រុង តាមរយៈ​ការប្រើ​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​ដែលមាន​សុវត្ថិភាព​ឲ្យ​បាន​ពីរ​ដូ​ស ដែលជា​វ៉ា​ក់​ស៊ាំ​ង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អង្គការ​នេះ​បាន​ព្រមាន​ថា សម្រាប់​អ្នក​ដែល​មិនបាន​ចាក់​ថ្នាំ​វ៉ា​ក់​សុំ​ាំ​ង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ ពិការភាព និង​អាច​ដល់​ស្លាប់បាត់​បង់ជីវិត​។​
 
​លោក Lindmeier បាន​និយាយ​បន្ថែមទៀតថា អ្នក​ដែល​មិនបាន​ចាក់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​គឺ​ដោយសារ​មូលហេតុ​មួយចំនួន​។ លោក​បាន​ថ្លែងបន្តថា យើង​មិនអាច​បន្ទោស​តែ​លើ​មូលហេតុ​បង្ក​តែមួយ​មុខ​បានទេ​។ ជា​ឧទាហរណ៍ លោក​បាន​ថ្លែងថា ចលនា​ប្រឆាំងនឹង​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង និង​ការ​ផ្តល់ព័ត៌មាន​មិន​ត្រឹមត្រូវ បានផ្តល់​ផលប៉ះពាល់​ធំ​នៅក្នុង​សហគមន៍ និង​ក្នុងប្រទេស​មួយចំនួន ប៉ុន្តែ​មិនបាន​ប៉ះពាល់​ដល់​កន្លែង​ផ្សេងទៀត​ទេ​។​
 
​លោក Lindmeier បាន​ថ្លែង​ដូចនេះ​ថា​៖ «​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ក៏​ដោយសារតែ​កត្តា​មួយចំនួន ដូចជា​ការទទួលបាន​សេវា​ថែទាំ​សុខភាព ការទទួលបាន​ថ្នាំពេទ្យ គុណភាព​វិស័យ​សុខាភិបាល និង​ការរកបាន​សេវា​ទាំងនេះ​នៅក្នុង​សហគមន៍​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជម្លោះ​និង​ការបាត់បង់​ទីជម្រក​របស់​មនុស្ស ក៏​ជា​កត្តា​រួមចំណែក​ផងដែរ​។ ដូច្នេះ​មាន​កត្តា​គួបផ្សំ​ជាច្រើន ហើយ​នៅក្នុង​សហគមន៍​នីមួយៗ មាន​ហេតុផល​ផ្សេងៗ​គ្នា ឬ​គួបផ្សំ​ហេតុផល​ខុសៗ​គ្នា​»​។​
 
​អង្គការ WHO រាយការណ៍​ថា ជំងឺ​ក​ញ្ជ្រិ​ល​កំពុង​ឆ្លង​រាលដាល​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុងចំណោម​កុមារ យុវវ័យ និង​មនុស្ស​វ័យ​កណ្តាល​ដែល​មិនបាន​ចាក់​វ៉ា​ក់​ស៊ាំ​ង​កាលពី​លើក​មុន​។ ទីភ្នាក់ងារ​នេះ​កំពុង​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ធានា​ឲ្យ​បាន​ថា ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​គ្រប់​ចំនួន​តាម​កាលកំណត់​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com