អត្ថបទពាណិជ្ជកម្ម
រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី លោក KIM YONG មក​ទស្សនកិច្ច​គម្រោង​«​ទឹកជា​ជីវិត​»​នៅ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​
02, Sep 2019 , 2:12 pm        
រូបភាព
លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី មក​ទស្សនកិច្ច​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​មួយកន្លែង ដែល​បានទទួល​អត្ថប្រយោជន៍​ពី​ទឹកស្អាត ដោយសារតែ​ឧបករណ៍​ចម្រោះ​ទឹក​ដោយ​ប្រើ​ដីខ្សាច់ ដែល​ត្រូវបាន​ដំឡើង​ដោយ​អង្គការ​ក្រុម​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី កាលពី​ឆ្នាំ​២០១៣ ក្រោម​កម្មវិធី ទឹកជា​ជីវិត របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) ក្នុង​ខេត្តសៀមរាប​។
លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី មក​ទស្សនកិច្ច​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​មួយកន្លែង ដែល​បានទទួល​អត្ថប្រយោជន៍​ពី​ទឹកស្អាត ដោយសារតែ​ឧបករណ៍​ចម្រោះ​ទឹក​ដោយ​ប្រើ​ដីខ្សាច់ ដែល​ត្រូវបាន​ដំឡើង​ដោយ​អង្គការ​ក្រុម​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី កាលពី​ឆ្នាំ​២០១៣ ក្រោម​កម្មវិធី ទឹកជា​ជីវិត របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) ក្នុង​ខេត្តសៀមរាប​។
ដោយ: ថ្មីៗ
​សៀមរាប ប្រទេស​កម្ពុជា ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩៖ លោក  Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានធ្វើ​ដំណើរ​មក​ទស្ស​ន​កិច្ច​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​មួយកន្លែង ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ទទួលបាន​ពី​គម្រោង «​ទឹកជា​ជីវិត​» របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) នៅក្នុង​ខេត្តសៀមរាប​។

ក្រោយពី​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ ក្នុង​ខេត្តសៀមរាប គម្រោង​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០១២ និង​វិល​ទៅកាន់​ខេត្តសៀមរាប​វិញ ក្នុង​ឆ្នាំ​២០១៧​។ មកទល់ពេលនេះ កម្មវិធី​ទឹកជា​ជីវិត បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ៧​ម៉ឺន​នាក់ នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​សម្រាប់​ផឹក និង​បានធ្វើ​ឲ្យ​សុខភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​វគ្គ​សិក្សា​ពី​អនាម័យ​ជា​មូលដ្ឋាន​។  
 
​លោក Gan មានប្រសាសន៍ថា សិង្ហ​បុរី និង​កម្ពុជា គឺជា​ដៃគូ​ក្នុង​តំបន់​យ៉ាង​ជិតស្និទ្ធ ហើយ​ចំណងមិត្តភាព​របស់​យើង ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា បាន​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ​។ គម្រោង​ផ្សេងៗ​ដូចជា កម្មវិធី​ទឹកជា​ជីវិត​របស់ SIF គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​របៀប​ដែល​ប្រជាជន​សិង្ហ​បុរី និង​កម្ពុជា អាច​ធ្វើការ​ជាមួយគ្នា​បាន​។ បើតាម​លោក Gan Kim Yong គម្រោង​នេះ មាន​គោលបំណង​ផ្តល់​ឲ្យ​សហគមន៍​នៅតាម​ជនបទ បន្ត​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​អនាម័យ និង​ការផ្គត់ផ្គង់​ទឹកស្អាត ក៏ដូចជា​បរិស្ថាន​រស់​នៅ​ប្រកបដោយ​អនាម័យ​នៅត្រឹម​ឆ្នាំ​២០២៥​។ Gan Kim Yong បន្ថែមថា​៖«​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ សិង្ហ​បុរី​ក៏​បន្ត​ចូលរួម​ជា​ចំណែក ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​កិច្ចខិតខំ​ប្រឹង​ប្រែជា​សកល​ផងដែរ ដូចជា​កម្មវិធី​គោលដៅ​អភិវឌ្ឍ​ជា​និរន្តរភាព​ចំនួន​១៧ ដោយ​កម្មវិធី​២​ក្នុងចំណោម​នោះ មាន​គោលបំណង​ជួយ​ឲ្យ​មាន​សុខភាព និង​សុខុមាល​ភាពល្អ ក៏ដូចជា​មាន​ភាពងាយស្រួល​ជាស​កល ក្នុងការ​ទទួលបាន​ទឹកស្អាត និង​មាន​អនាម័យ សម្រាប់​ទាំងអស់គ្នា​នៅត្រឹម​ឆ្នាំ​២០២០»​។ 


 
​ជិត​១/៤ នៃ​អត្រា​ប្រជាជន​កម្ពុជា​សរុប ចំនួន ១៥,៦​លាន​នាក់ មិនមាន​ទឹកស្អាត​ប្រើប្រាស់​ឡើយ​។ ប្រទេស​កម្ពុជា ក៏មាន​អត្រា​មរណៈ​របស់​កុមារ​ខ្ពស់​ជាងគេ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ផងដែរ ហើយ​ការស្លាប់​ភាគច្រើន​របស់​កុមារ​តូចៗ​ទាំងនេះ អាច​បណ្តាលមកពី​ជំងឺ​ដែល​បង្ក​ក្នុង​ទឹក​ដូចជា ជំងឺ​រាករូស ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង​ជំងឺ​គ្រុ​ពោះវៀន​។ ការសិក្សា​ជាច្រើន បាន​បង្ហាញថា ឧបករណ៍​ចម្រោះ​ទឹក​ដោយ​ដីខ្សាច់ ដែលជា​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី ទឹកជា​ជីវិត មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​បាក់តេរី​បង្ក​រោគ​បា​នវ​ច្រើនជាង​៩០% និង​ប៉ារ៉ាស៊ីត បាន​១០០%»​។ 
 
​កម្មវិធី ទឹកជា​ជីវិត របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី ត្រូវបាន​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ ក្នុងស្រុក​សូទ្រនិគម និង​ប្រាសាទបាគង ក្នុង​ខេត្តសៀមរាប​។ ក្នុងពេល​គម្រោង​នេះ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០១៤  អ្នកស្ម័គ្រចិត្ត​ចំនួន​៤៦០​នាក់ របស់​អង្គការ​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី (SIVs) បាន​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ចំនួន ២៦៥០ ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៧០០០​នាក់​។ ការដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​នេះ បាន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារតែ​ជំងឺ​ក្នុង​ទឹកបាន​ចំនួន ៨៥%​។ នៅ​ចន្លោះ​ឆ្នាំ​២០១២ ដល់ ២០១៧ អ្នកស្ម័គ្រចិត្ត​មកពី​អង្គការ​ដដែល​ច្រើនជាង ៤០០​នាក់ ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុង​ឃុំ​ចំនួន​១២ នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ ក្នុងការ​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ដោយ​ដីខ្សាច់ ចំនួន ១៧៥០ ដើម្បី​ផ្តល់​ទឹកស្អាត និង​មាន​សុវត្ថិភាព​ក្នុង​ការផឹក វគ្គ​សិក្សា​ពី​អនាម័យ​ជា​មូលដ្ឋាន និង​ការជួយ​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍ ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​ចំនួន ៤៤០០០​នាក់​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) បានចាប់ផ្តើម​ដំណើរការ​គម្រោង ទឹកជា​ជីវិត ទី​២​របស់ខ្លួន ក្នុង​ខេត្តសៀមរាប​។ គម្រោង​ដែលមាន​រយៈពេល​៤​ឆ្នាំ​មួយ​នេះ មាន​គោលបំណង​ក្នុងការ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៩​ពាន់​នាក់ ដែល​រស់​នៅតាម​ស្រុក ជីក្រែង និង​ស្វាយ​លើ ក្នុង​ខេត្តសៀមរាប មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​ជួយផ្តល់​ចំណេះដឹង​ផ្នែកអនាម័យ​ជា​មូលដ្ឋាន​ដល់​ពួកគាត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារតែ​ជំងឺ​ផ្សេងៗ​ដែល​បង្ករ​ដោយ​ទឹក​។ 
 
​ចាប់តាំងពី​គម្រោង​ទី​២​មួយ​នេះ បានចាប់ផ្តើម​ដំណើរការ​ក្នុង​ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត​ចំនួន​២២៣​នាក់ មកពី​ប្រទេស​សិង្ហ​បុរី បាន​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ជិត ៦០០ និង​បាន​បើក​វគ្គ​សិក្សាអប់រំ​ពី​អនាម័យ​ជា​មូលដ្ឋាន​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​តាម​ភូម គ្រូបង្រៀន និង​កុមារ​។ នៅ​មុនពេល​គម្រោង​នេះ​បិទ​បញ្ចប់ ឧបករណ៍​ចម្រោះ​ទឹក​ចំនួន ៩០០ ត្រូវបាន​ដំឡើង​ជា​ស្ថាពរ​។ គម្រោង​នេះ បញ្ចប់​ដោយ​ជោគជ័យ​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អង្គការ Water for Cambodia និង​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ngee Ann Development Pte Ltd​។ 
 
​កម្មវិធី ទឹកជា​ជីវិត គឺជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ផ្សេងទៀត ក្នុង​ចំណងមិត្តភាព​រយៈពេល​១៧​ឆ្នាំ​រវាង​ប្រជាជន​សិង្ហ​បុរី និង​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​គម្រោង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អង្គការ​អន្តរជាតិ​សិង្ហ​បុរី បាន​បញ្ជូន​អ្នក​ស្ម័គ្រ​ជាច្រើន​មកពី​សិង្ហ​បុរី ក្នុងនោះ​រាប់បញ្ចូល​ទាំង គ្រូបង្រៀន​ដ៏​មាន​ឯកទេស និង​គ្រូពេទ្យ​អាជីព​ជាច្រើន ដើម្បី​មក​ធ្វើការ​ជាមួយនឹង​ភ្នាក់ងារ និង​សហគមន៍​នានា នៅ​រាជធានី​ភ្នំពេញ សៀមរាប កណ្តាល និង​កំពង់ស្ពឺ ដើម្បី​ជួយ​លើ​កម្ពស់​កម្រិតស្តង់ដារ​នៃ​ការ​ថៃ​ទាំ​សុខភាព និង​ការអប់រំ ក្នុង​សហគមន៍​នានា​ដែល​កំពុង​អភិវឌ្ឍ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com