ជាតិ
រថយន្ត
សង្គមជាតិ
ភ្ជុំបិណ្ឌ៖សាលាក្រុងត្រៀមរថយន្ត១២០គ្រឿង សម្រាប់ដឹកអ្នកដំណើរពីភ្នំពេញ ទៅតាមខេត្ត
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចេញដំណើរទៅតាមផ្លូវជាតិនីមួយៗរួមមាន៖ ផ្លូវជាតិលេខ១ មានរថយន្ត១០គ្រឿង ចេញដំណើរពីផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស ឆ្ពោះទៅទីរួមខេត្តព្រៃវែង និងស្វាយរៀង។ សម្រាប់ផ្លូវជាតិលេខ២ មានរថយន្ត៥គ្រឿង ចេញដំណើរ ពីផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស ឆ្ពោះទៅចំណតរង្វង់មូលអូរចំបក។
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
បើតាមរដ្ឋបាលរាជធានីភ្នំពេញដដែល សម្រាប់ផ្លូវជាតិលេខ៣ មានរថយន្ត១០គ្រឿង ចេញដំណើរពីផ្សារសិនជូរីផ្លាហ្សា ឆ្ពោះទៅចំណតសាលាបឋមសិក្សាដំណាក់ចង្អើរ និងទីរួមខេត្តកំពត។ រីឯផ្លូវជាតិលេខ៤ មានរថយន្ត១០គ្រឿង ចេញដំណើរពីផ្សារសិនជូរីផ្លាហ្សា ឆ្ពោះទៅចំណតនៅផ្សារកំពង់ស្ពឺ និងវេទិកា៧មករា ខេត្តព្រះសីហនុ។
សម្រាប់ផ្លូវជាតិលេខ៥ មានរថយន្ត៤៥គ្រឿង ចេញដំណើរពីសួនឫស្សីកែវ ឆ្ពោះទៅចំណតនៅផ្សារលើ (ខេត្តកំពង់ឆ្នាំង), បុរីភូប៉ុយ(ខេត្តពោធិ៍សាត់), ផ្សារប៉ុមប៉ុយ (ខេត្តបាត់ដំបង) និងក្រុងសេរីសោភ័ណ្ឌ (ខេត្តបន្ទាយមានជ័យ)។ ផ្លូវជាតិលេខ៦វិញ មានរថយន្ត២០គ្រឿង ចេញដំណើរពីរង្វង់មូលទេពមប្ជាជ្រោយចង្វារ ឆ្ពោះទៅចំណតតនៅភោជនីយដ្ឋានស្ទឹងសែន (ខេត្តកំពង់ធំ) និងផ្លូវ៦០ម៉ែត្រ (ខេត្តសៀមរាប)។
ផ្លូវជាតិលេខ៦.៧ មានរថយន្ត១០គ្រឿង ចេញដំណើរពីមុខរាជាយស្ម័យយាន ឆ្ពោះទៅចំណតរថយន្តខេត្ត និងផ្សារសួង និងផ្លូវជាតិលេខ៦.៨ មានរថយន្ត១០គ្រឿង ចេញដំណើរពីមុខរាជាស្ម័យយាន ឆ្ពោះទៅចំណតនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ (ខេត្តក្រចេះ) និងចំណតរថយន្តខេត្តស្ទឹងត្រែង។
ក្រៅតែពីបង្ហាញទីតាំងជិះរថយន្តក្រុងឥតគិតថ្លៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ឆ្លៀតអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកអ្នកដំណើរទាំងអស់កុំដំឡើងថ្លៃដឹកជញ្ជូន នៅក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខនេះ៕
Tag:
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com