F1៖ Hamilton មាន​ថ្លៃឈ្នួល​ជាង​៤៦​លាន​ដុល្លារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅ​ឆ្នាំ​២០១៩
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton មាន​ថ្លៃឈ្នួល​ជាង​៤៦​លាន​ដុល្លារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅ​ឆ្នាំ​២០១៩
02, Sep 2019 , 11:39 pm        
រូបភាព
​ជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នកគាំទ្រ​កីឡា​ប្រណាំង​រថយន្ត Formula One ឬ​កាំជ្រួច​លើ​ផ្ទៃរាប ដែល​ពួកគេ​ចង់ដឹង​ពី​តម្លៃ​ប្រាក់​ឈ្នួល​របស់​កីឡាករ​នីមួយៗ​ពី​ក្រុម​ប្រណាំង​ទាំង​១០​។ សំណួរ ត្រូវបាន​ចោទសួរ​ជា​ញឹកញាប់ ថា​តើ​លទ្ធផល​នៃ​ការប្រណាំង​ដ៏​អស្ចារ្យ​កម្រិតណា​ទៅ ទើប​ធ្វើ​ឲ្យ​កីឡាករ​ខ្លះ​មាន​ប្រាក់​ឈ្នួល​រហូតដល់​រាប់សិប​លាន​ដុល្លារ​នោះ​?


 
​កីឡា​ប្រណាំង​រថយន្ត Formula One ជា​ប្រភេទ​កីឡា​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយ​បំផុត​មួយ​លើ​លោក ដែលមាន​កីឡាករ​ចូលរួម​ប្រកួតប្រជែង​ចំនួន​២០​រូប​។ Lewis Hamilton បាន​ក្លាយជា​អ្នក​ប្រណាំង​រថយន្ត F1 ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​រហូតដល់ ៤៦,១៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ​កាល សម្រាប់​ឆ្នាំ ២០១៩ នេះ តាម​ពីក្រោយ​ដោយ គូប្រជែង Sebastian Vettel ៣៨,៤៤​លាន​ដុល្លារ និង Daniel Ricciardo ២២​លាន​ដុល្លារ​។​
 
Hamilton អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៤​ឆ្នាំ ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បានឈ្នះ​ការប្រណាំង​ចំនួន​៨​ទីលាន​រួចមកហើយ ក្នុងចំណោម​ការប្រណាំង​ទាំង ១៣​លើក នា​រដូវ​កាល​២០១៩​នេះ​។ ជា​ម្ចាស់​ជើងឯក F1 ឆ្នាំ​ចាស់ និង​ជា​ម្ចាស់​ជើងឯក​៥​សម័យកាល Hamilton ក៏មាន​ភាគរយ​ខ្ពស់​ផងដែរ​ដើម្បី​ការពារ​ជើងឯក​របស់ខ្លួន ខណៈ​ការប្រណាំង​នៅសល់ ៨ ទីលាន​ទៀត​នឹងត្រូវ​បញ្ជ​ប់​។​
 
Sebastian Vettel អ្នក​ប្រ​ណាំ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​បើកបរ​ឲ្យ​ក្រុម Ferrari ដែល​ទទួលបាន​ត្រឹម​រងជើង​ឯកកាល​ពី​ឆ្នាំ​មុខ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ ខណៈ Daniel Ricciardo ឈរ​ចំណាត់ថ្នាក់​ទី​១២​បណ្តោះអាសន្ន​។​
 
​យ៉ាងណាក៏ដោយ អ្នក​ប្រណាំង​សញ្ជាតិ​អូស្ត្រាលី Ricciardo ដែល​បើកបរ​ឲ្យ​ក្រុម Red Bull បាន​ហក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​៣​ក្នុងនាម​កីឡាករ​ដែល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​រដូវ​កាល​នេះ ក្រោយ Fernando Alonso បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ប្រណាំង​នេះ​។​
 
Rookie Alexander Albon អ្នក​ប្រណាំង​សញ្ជាតិ​ថៃ​-​អង់គ្លេស ដែល​បើកបរ​ឲ្យ​ក្រុម Toro Roso ហើយ​ឈរ​នៅ​លេខ​រៀង​ទី​១០​ពី​ការប្រណាំង​១៣​ទីលាន​កន្លង មាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ​លំដាប់​ទី​១៦ ពោលគឺ​ជាង​៨២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ខាងក្រោយ​នេះ​ជា​កីឡាករ​ប្រណាំង​រថយន្ត F1 ទាំង​២០​រូប​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ប្រចាំ​រដូវ​កាល​២០១៩​នេះ​៖
 
១/ Lewis Hamilton (Mercedes): ៤៦,១៣​លាន​ដុល្លារ​អាមេរិក​
២/ Sebastian Vettel (Ferrari): ៣៨,៤៤​លាន​ដុល្លារ​អាមេរិក​
៣/ Daniel Ricciardo (Renault): Daniel Ricciardo ២២​លាន​ដុល្លារ​អាមេរិក​
៤/ Max Verstappen (RBR): ១៣,១៨​លាន​ដុល្លារ​អាមេរិក​
៥/ Nico Hulkenberg (Renault): ៨,៧៨​លាន​ដុល្លារ​អាមេរិក​
៦/ Valtteri Bottas (Mercedes): ៨,៧៨​លាន​ដុល្លារ​អាមេរិក​
៧/ Kimi Raikkkonen (Alfa Romeo) : ៦៥,៥៩​លាន​ដុល្លារ​អាមេរិក​
៨/ Sergio Perez (Racing Point): ៤,៣៩ លាន​ដុល្លារ​អាមេរិក​
៩/ Carlos Sainz (McLaren): ៤,៣៩ លាន​ដុល្លារ​អាមេរិក​
១០/ Charles Leclerc (Ferrari) : ៣,៣០ លាន​ដុល្លារ​អាមេរិក​
១១/ Romain Grosjean (Haas) : ២,២០ លាន​ដុល្លារ​អាមេរិក​
១២/ Kevin Magnussen (Haas) : ២,២០ លាន​ដុល្លារ​អាមេរិក​
១៣/ Lance Stroll (Racing Point): ១,៦៥ លាន​ដុល្លារ​អាមេរិក​
១៤/ Pierre Gasly (RBR) : ១,៦៥ លាន​ដុល្លារ​អាមេរិក​
១៥/ Robert Kubica (Williams): ១,១០ លាន​ដុល្លារ​អាមេរិក​
១៦/ Alexander Albon (STR): ៨២៣៧០០ ដុល្លារ​អាមេរិក​
១៧/ Daniil Kvyat (STR): ៨២៣៧០០ ដុល្លារ​អាមេរិក​
១៨/ Lando Norris (McLaren): ៧៦៨៨០០ ដុល្លារ​អាមេរិក​
១៩/ George Russell (Williams): ៥៤៩១០០ ដុល្លារ​អាមេរិក​
២០/ Antonio Giovinazzi (Alfa Romeo): ៥៤៩១០០ ដុល្លារ​អាមេរិក​
 

Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com