កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Player៖ Van Dijk, Messi និង Ronaldo ជាប់​បេក្ខភាព​៣​រូប​ចុងក្រោយ​
03, Sep 2019 , 2:14 pm        
រូបភាព
​ខ្សែការពារ Virgil van Dijk, Lionel Messi និង Cristiano Ronaldo បាន​បន្ត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ដើម្បី​ដណ្តើមពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ (Best Fifa Football Awards 2019) របស់ FIFA បន្ទាប់ពី​អ្នក​ទាំង​៣​ជាប់​ក្នុងការ​ប្រជែង UEFA Men's Player of the Year ដែល​រៀបចំ​របស់ UEFA រួចមក​។​


 
Van Dijk ខ្សែការពារ​ឆ្នើម​របស់ Liverpool និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ក្លាយជា​ម្ចាស់​ពាន កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​អឺរ៉ុប​ប្រចាំរ​ដូ​វាល ២០១៨-១៩ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​នាំ​មុន Messi ខ្សែបម្រើ​ក្រុម Barcelona និង Ronaldo ខ្សែប្រយុទ្ធ Juventus​។​


 
​ដោយសារ​ភាពលេច​ធ្លោ​នៅ​រដូវ​កាល​មុន សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​២ ខែកញ្ញា ក៏បាន​ប្រកាស​អ្នក​ទាំងបី​រូបនេះ​ដដែល សម្រាប់​បេក្ខភាព​៣​រូប​ចុងក្រោយ​ក្នុងការ​ប្រជែង​ពាន Best FIFA Player ឆ្នាំ​២០១៩​នេះ​។​
 
​កាលពី​ឆ្នាំមុន Luka Modric ខ្សែបម្រើ Real Madrid ជា​អ្នក​គ្រង​ពាន​នេះ​ដោយ​ប្រជែង​ឈ្នះ  Ronaldo និង Mohamed Salah​។​
 
​កីឡាការិនី​ល្អ​បំផុត​៣​រូប​ចុងក្រោយ (Women's Player) មាន Lucy Bronze សញ្ជាតិ​អង់គ្លេស (Lyon), ខ្សែប្រយុទ្ធ​សញ្ជាតិ​អាមេរិក Alex Morgan លេង​ឲ្យ​ក្រុម Orlando Pride និង​ប្រធាន​ក្រុម​អាមេរិក Megan Rapinoe លេង​ឲ្យ​ក្រុម Reign FC​។​


 
​សម្រាប់​តំណែង​អ្នកចាត់ការ​ល្អ​បំផុត (The Best Men’s Coach Award) គឺ​ជាប់​ឈ្មោះ​គ្រូ​មកពី​ក្របខណ្ឌ Premier League ទាំងអស់​សម្រាប់​បេក្ខភាព​៣​រូប​ចុងក្រោយ​។ បេក្ខភាព​ទាំងបី​រូប​រួមមាន លោក Pep Guardiola អ្នកចាត់ការ Manchester City លោក Jurgen Klopp គ្រូ Liverpool និង គ្រូ Tottenham Hotspur លោក Mauricio Pochettino​។​


 
​អ្នកចាត់ការ​ទូទៅ​ក្រុម​នារី​ល្អ​បំផុត (Women's Coach) មាន​អ្នកស្រី Jill Ellis (USA), លោក Phil Neville (England) និង​អ្នកស្រី Sarina Wiegman (Netherlands)



​អ្នកចាំទី​ល្អ​បំផុត (Men's Goalkeeper) ៣​រូប​ចុងក្រោយ​មាន​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល​២​រូប​រួមមាន Ederson របស់ Man City និង Alisson របស់ Liverpool រួមទាំង​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Andre ter Stegen របស់ Barcelona​។​


 
​ពាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត (Puskas Award) មាន Lionel Messi (Barcelona), Juan Quintero (River Plate) និង Daniel Zsori (Debreceni)៕


 

Tag:
 Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com