អត្ថបទពាណិជ្ជកម្ម
យុវជន​អាស៊ាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​បរិស្ថាន​និង​ចីរភាព​ទៅ​អនាគត នៅឯ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព រៀបចំ​ដោយ SCG
03, Sep 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន SCG មកពី​ប្រទេស​អាស៊ាន​ចំនួន ៧ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ចូលរួម​នៅក្នុង​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព (Sustainable Development Symposium) នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​រៀបចំ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន SCG និង​បាន​ចែករំលែក​ក្ដីកង្វល់​របស់​ពួកគេ អំពី​អនាគត​និង​និរន្តរភាព​បរិស្ថាន នៅក្នុង​ប្រទេស​របស់​ពួកគេ ។
 
​និស្សិត​អាស៊ាន​ដែលមាន​ចំនួន ៧៣​នាក់ គឺជា​និស្សិត​អាហារូបករណ៍ «​ចែករំលែក​ក្ដី​សុបិន​» របស់ SCG មកពី​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន ថៃ និង​វៀតណាម ។ ពួកគេ​គឺជា​បណ្ដាញ​យុវជន​អាស៊ាន​មួយក្រុម ដែល​ខ្វល់ខ្វាយ​អំពី​បញ្ហា​បរិស្ថាន និង​ចង់​ចូលរួមចំណែក​កសាង​អនាគត​មួយ​ដែល​ប្រកបដោយ​ចីរភាព ។ 
 
​និស្សិត​ទាំងនេះ បានលើកឡើង​អំពី​បញ្ហា​បរិស្ថាន​នៅក្នុង​អាស៊ាន ជម្រាប​ដល់​អ្នកចូលរួម​នៅក្នុង​សន្និសីទ ដែល​រួមមាន មេដឹកនាំ​ធុរកិច្ច មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គការ​អន្តររដ្ឋាភិបាល និង​តំណាង​អង្គការសហប្រជាជាតិ នៅឯ​សន្និសីទ​ប្រចាំឆ្នាំ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​រៀបចំ​ដោយ SCG ដែលជា​ក្រុមហ៊ុន​ស៊ីម៉ងត៍​ដ៏​ឈានមុខ​គេ​មួយ នៅក្នុង​តំបន់​អាស៊ាន ។ 


 
​និស្សិត​មកពី​កម្ពុជា បាន​សម្ដែង​នូវ​កង្វល់​អំពី​បញ្ហា​សំណល់​ផ្លា​ស្ទិ​កនៅ​កម្ពុជា និង​បាន​សំណូមពរ​ឲ្យ​មានការ​គិតគូរ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ និស្សិត​មកពី​ប្រទេស​ឡាវ បានលើកឡើង​អំពី​បញ្ហា​ជម្រៅ​ទឹក​កាន់តែ​រាក់​ទៅៗ នៅក្នុង​ទន្លេមេគង្គ ដែល​ពួកគេ​បាន​អះអាងថា បញ្ហា​នេះ​គឺ​បណ្ដាលមកពី​ការកាប់បំផ្លាញ​ព្រៃឈើ ។ ចំណែកឯ​និស្សិត​មកពី​វៀតណាម បាន​សម្ដែង​ក្ដីបារម្ភ​ចំពោះ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ឡើងៗ នៅ​ទីក្រុង​ហូជីមិញ ។ 
 
​កង្វល់​អំពី​បញ្ហា​បរិស្ថាន​ទាំងនេះ ត្រូវបាន​និស្សិត​អាស៊ាន​ចែករំលែក​ដល់​អ្នកចូលរួម​ជិត ២០០០​នាក់ នៅក្នុង​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​ឆ្នាំ​២០១៩​នេះ ក៏​ជា​ខួប​ទី​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ ។ 


 
​នៅឯ​សន្និសីទ​ដដែល​នេះ ស្ថាប័ន​និង​ក្រុមហ៊ុន​ធំៗ​គ្រាក់ៗ ចំនួន ៤៤ ក៏បាន​ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ដើម្បី​ជំរុញ​«​សេដ្ឋកិច្ច​វិលជុំ​» (Circular Economy) នៅក្នុង​ដំណើរការ​ទាំង​មូលនៃ​ការផលិត ការប្រើប្រាស់ និង​ការច្នៃ​ប្រើប្រាស់​ឡើងវិញ ដោយ​លើកទឹកចិត្ត​ដល់​«​ការប្រើប្រាស់​ធនធាន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ការញែក​សំរាម និង​ការ​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​» ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ធនធាន និង​សំណល់​ដែល​ច្រើន​ហួសហេតុ ។ 
 
​កិច្ច​សហប្រតិបត្តិ​នេះ មានបំណង​បង្កើត​នូវ​ឧស្សាហកម្ម​មួយ​ដែលមាន​ចីរភាព ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​សំរាម​ផ្លា​ស្ទិ​ក​នៅក្នុង​សមុទ្រ កែលម្អ​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន និង​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម ៕ 



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com