អន្តរជាតិ
ចិន ប្ដឹង​អាមេរិក​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​យកពន្ធ​
03, Sep 2019 , 7:39 pm        
រូបភាព
លោកដូណាល់ ត្រាំ និង លោក ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំG20 នៅអូសាកា  (Osaka) ប្រទេសជប៉ុន, ប្រភព AFP
លោកដូណាល់ ត្រាំ និង លោក ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំG20 នៅអូសាកា (Osaka) ប្រទេសជប៉ុន, ប្រភព AFP
​ក្រសួងពាណិជ្ជកម្ម​ចិន ពីថ្ងៃ​ទី​០២ ខែកញ្ញា បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប្រឆាំង​ទៅនឹង​ការយកពន្ធ​ពី​សំណាក់​អាមេរិក ខណៈពេល​អ្នកជំនាញ​យ​ល់​ថា ការយកពន្ធ​របស់​អា​មេ​រិ​ក គឺ​ហួស​ពី​អតិបរមា​។


 
​នៅ​ពី​ថ្ងៃទី​០១ ខែសីហា អាមេរិក​បានសម្រេច​យក​ពន្ធ​១៥ ភាគរយ​លើ​មុខទំនិញ​ជាច្រើន​ប្រភេទ ខណៈពេល ចិន​បាន​យកពន្ធ​៥​ភាគរយ​លើ​ប្រេង​ឆៅ​របស់​អាមេរិក​វិញ ដើម្បី​ជាការ​សងសឹក ។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់ថា ការយកពន្ធ​ចុងក្រោយ​នេះ គឺ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​របស់​មេដឹកនាំ​អាមេរិក និង​ចិន​ធ្វើឡើង​នៅ​កិច្ចប្រជុំ​អូ​សា​កា (Osaka)​ទេ ហើយ​ចិន នឹង​ការពារ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​តាម​រយៈ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ទីក្រុង​ប៉េកាំង​មិនទាន់បាន​ប​ញ្ជេ​ញ​ពាក្យបណ្តឹង​របស់ខ្លួន​យ៉ាង​លំអិត​នៅឡើយ​ទេ ហើយ​លើកឡើងថា ការយកពន្ធ​របស់​អា​មេ​រិ​ក នឹង​ប៉ះពាល់​ដល់​ការនាំចេញ​របស់​ចិន​ប្រមាណ​ជា ៣០០​ពាន់​លាន​ដុល្លារ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ពាក្យបណ្តឹង​មួយ​នេះ គឺជា​ករណី​ទី​បី​ហើយ​របស់​ទីក្រុង​ប៉េកាំង ដែល​បានដាក់​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប្រឆាំង​ទៅនឹង​រឿង​យកពន្ធ​របស់ លោក​ត្រាំ​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​បានការ​ពារ​ថា ការយកពន្ធ​ធ្ងន់ធ្ងរ​បែបនេះ គឺ​ក្នុង​គោលបំណង​ពិន័យ​ចិន​ដែល​បាន​លួច​យក​បច្ចេកវិទ្យា​ពី​អាមេរិក ការអនុម័ត​ជា​ឯកតោភាគី លើ​គោលនយោបាយ​ឧស្សាហកម្ម​ដើម្បី​លួច​យក​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​។ ដូចនេះ​អាមេរិក​ត្រូវតែ​ប្រើ​យុទ្ធសាស្ត្រ​យកពន្ធ ដើម្បី​កុំ​ឲ្យ​ចិន​លួច​ផ្ទេរ​បច្ចេកវិទ្យា​ពី​អាមេរិក​បាន​ទៀត​។ ប៉ុន្តែ​ការយកពន្ធ​បែបនេះ គឺ​មិនមែន​ចែង​ក្នុង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឡើយ​។ 
 
​ចំណែក​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជាច្រើន​អ្នក​យល់ថា ការដាក់​ពន្ធ​របស់​ចិន​ដើម្បី​ជាការ​សងសឹក គឺ​មិនគួរ​ទាល់តែសោះ ព្រោះ​វា​ធ្វើ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មិន​ទទួលយក​ពាក្យបណ្តឹងរ​បស់​ខ្លួន​។ ស្រប​ជាមួយគ្នានេះដែរ ក្រុម​អ្នកជំនាញ​គូសបញ្ជាក់​ទៀតថា ការយកពន្ធ​របស់​អា​មេ​រិ​ក គឺ​វា​ខ្ពស់​ពេក ហើយ​វា​ខ្ពស់​ពី​កម្រិត​អតិបរមា ដែល​អាច​ទទួលយកបាន​។ 
 
​សូមបញ្ជាក់ថា ប្រសិនបើ​ពាក្យបណ្តឹង​របស់​ចិន​ទទួល​បានការ​វិនិច្ឆយ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នោះ​នីតិវិធី​នឹង​ត្រូវការ​រយៈពេល ៣ ឬ​៤​ឆ្នាំ​។ ក្នុងករណី គេ​រកឃើញថា​អាមេរិក​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម ហើយ​ពាក្យបណ្តឹង​របស់​ចិន នឹង​ត្រូវបានគេទទួលស្គាល់​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com