អន្តរជាតិ
ម៉ាឡេស៊ី មាន​គម្រោង​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន​ពី ៦០​ឆ្នាំទៅ ៦៥​ឆ្នាំ​
04, Sep 2019 , 8:29 am        
រូបភាព
រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ីលោកM Kulasegaran
រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ីលោកM Kulasegaran
​លោក អ៊ឹម គូ​ឡា​ស៊ី​ហ្គា​រ៉ា​ន់ (M Kulasegaran) រដ្ឋមន្ត្រី​ធនធានមនុស្ស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០២ ខែកញ្ញា​បាន​និយាយថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងសិក្សា​លើ​សំណើ​ដែល​ត្រូវ​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន ដើម្បី​ឲ្យ​ដូច​ទៅនឹង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​។ គោលដៅ​នៃ​ការបង្កើន​អាយុ​ចូលនិវត្តន៍​នេះ  គឺ​ដើម្បី​បង្កើន​ផលិតកម្ម​ការងារ​នៅក្នុង​ប្រទេស​។


 
​សភា​សហព័ន្ធ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​០១ ខែកញ្ញា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បង្កើន​ការចំណាយ​នៃ​ថ្លៃ​រស់នៅ ៥០០ រីង​ហ្គី​ត ឬ​ច្រើនជាង​នេះ ទៅ​ឲ្យ​និ​យោ​ជិ​ក​ក្នុង​វិស័យ​ឯកជន និង​បង្កើន​អាយុ​ចូលនិវត្តន៍​ពី​៦០ ឆ្នាំ​រហូតដល់​៦៥​ឆ្នាំ​។​
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោក​រដ្ឋមន្ត្រី​ធនធានមនុស្ស អ៊ឹម គូ​ឡា​ស៊ី​ហ្គា​រ៉ា​ន់ បាន​លើកឡើងថា យើង​បាន​ផ្តល់យោបល់ និង​បាន​បញ្ជូន​សំណើរ​បង្កើន​អាយុ​ចូលនិវត្តន៍​រួចហើយ​ទៅ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​។ ជាពិសេស យើង​ប្រហែលជា​នឹងមាន​ជំនួប​ពិភាក្សា​អំពី​រឿងនេះ​។ 
 
​លោក គូ​ឡា​ស៊ី​ហ្គា​រ៉ា​ន់ (M Kulasegaran) បាន​អះអាង​ទៀតថា  ម៉ាឡេស៊ី​ខ្វះ​កម្លាំង​ពលកម្ម តែ​មិន​ខ្វះ​ឪ​កាស​ការងារ​ឡើយ ខណៈ​បាន​ជួល​ពលករ​បរទេស​ជាច្រើន ដោយសារ​ប្រទេស​មិនមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​»​។ ជាការ​ពិត ប្រសិនបើ​សំណើរ​បង្កើន​អាយុ​ចូលនិវត្តន៍​អាច​ត្រូវបាន​សភា​អនុម័ត​មែន​នោះ វា​ជាការ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​នាពេល​អនាគត​។ 
​យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​រូបនេះ បានទទួល​ស្គាល់​ផងដែរ​ថា ប្រជាជន​អត់​ការងារ​ធ្វើ ភាគច្រើន​គឺជា​និស្សិត​ទើបតែ​បញ្ចប់​ការសិក្សា ហើយ​លោក​បាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​កម្មវិធី​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស និង​ការងារ​ឲ្យ​បាន​ច្រើន ទើប​ពួកគេ​អាច​បង្កើន​នូវ​ឪ​កាស​ការងារ​បាន​។ 
 
​សូមបញ្ជាក់ថា ការស្នើរ​សុំ​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន​ម៉ាឡេស៊ី គឺ​ដើម្បី​ឲ្យ​ប្រជាជន​មួយចំនួន​អាច​សន្សំ​លុយ​បាន​ច្រើន​សម្រាប់​ចូលនិវត្តន៍ ទុក​ឪ​កាស​ឲ្យ​អ្នកមាន​សមត្ថភាព​គ្រប់គ្រង​ស្ថាប័ន​បានយូរ​ក្នុង​គោលបំណង​ឲ្យ​មានដំណើរ​ការល្អ​។ សិង្ហ​បុរី​ដែលជា​អ្នកជិតខាង​ម៉ាឡេស៊ី និង​ប្រទេស​លោកខាងលិច​ជាច្រើន សុទ្ធតែ​បាន ឬ​មាន​ផែនការ​ពន្យារ​អាយុ​ចូលនិវត្តន៍​នេះ​ដើម្បី​បំពេញ​កម្លាំង​ពលកម្ម​៕ 

Tag:
 ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com